ការស្រាវជ្រាចំនួន ២១លើក ដែលធ្វើបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Journal of the American Heart Association បានបង្ហាញថា ក្នុងចំណោមស្ត្រី ៥លាននាក់ ដែលសម្រាលកូនមិនគ្រប់ខែ អាចប្រឈមនឹងហានិភ័យនៃជំងឺបេះដូងទ្វេដង។
ស្ត្រីដែលសម្រាលកូនមុនសប្តាហ៍ទី ៣៧ មាន ១០ភាគរយ ដែលមានសុខភាពមិនល្អទាំងទារក និងកូនទៅថ្ងៃក្រោយ។ លើសពីនេះស្ត្រីដែលសម្រាលកូនមុនសប្តាហ៍ទី ៣៧ អាចប្រឈមនឹងជំងឺសរសៃឈាមបេះដូង និងដាច់សរសៃឈាមខួរក្បាល ចាប់ពី ១,៤ ទៅ ១,៦ ដង។ អ្នកម្តាយទាំងនេះ ក៏ប្រឈមនឹងហានិភ័យទ្វេដងនៃការស្លាប់ដោយសារតែជំងឺសរសៃឈាមបេះដូងផងដែរ។
លោកវេជ្ជបណ្ឌិត Pensee Wu បាននិយាយថា ស្ត្រីដែលសម្រាលកូនមិនគ្រប់ខែ មានហានិភ័យខ្ពស់នៃជំងឺសរសៃឈាមបេះដូង ដូច្នេះពួកគេគួរតែប្រុងប្រយ័ត្នចំពោះរបៀបរស់នៅ និងពិនិត្យសុខភាពឲ្យបានទៀងទាត់ ដើម្បីការពារហានិភ័យនៃការស្លាប់ដោយសារតែជំងឺសរសៃឈាមបេះដូង៕