ឪពុកម្តាយជាច្រើនតែងតែសួរថា តើមានវិធីអ្វីអាចជួយឲ្យកូនរបស់ពួកគេលូតកម្ពស់បានល្អទៅ? តាមអ្នកជំនាញបានណែនាំថា ក្រៅពីរបបអាហារ ការធ្វើលំហាត់ប្រាណក៏ជាភាពចាំបាច់មួយសម្រាប់ពន្លូតកម្ពស់ និងការអភិវឌ្ឍរាងកាយទាំងមូលដែរ។ លើសពីនេះ វាអាចជួយលើកកម្ពស់ដល់ការរំលាយអាហារ ជួយបង្កើនភាពស៊ាំ និងជួយឲ្យមានរាងស្អាតថែមទៀត។
ខាងក្រោមនេះ គឺជាលំហាត់ប្រាណដែលណែនាំដោយវេជ្ជបណ្ឌិត Luong Lap Duong នៅសាកលវិទ្យាល័យ Zhongshan University Hospital ប្រទេសចិន៖
លេងបាល់បោះ
ប្រសិនបើកូនរបស់អ្នកទម្លាប់លេងបាល់បោះតាំងពីកុមារភាព រហូតដល់ពេញវ័យពួកគេនឹងមានកម្ពស់ខ្ពស់ជាងមនុស្សធម្មតា។ ព្រោះការលេងបាល់បោះ ជាលំហាត់ប្រាណមានលក្ខណៈជាប្រព័ន្ធ ដែលមានចលនាលោតច្រើន ហេតុនេះវាមានអត្ថប្រយោជន៍ជាក់លាក់សម្រាប់ការលូតលាស់ឆ្អឹងពាសពេញរាងកាយ។
ហែលទឹក
ការហែលទឹក ក៏ជាលំហាត់ប្រាណដ៏ល្អមួយផងដែរ ព្រោះវាមិនត្រឹមតែអាចជួយពន្លាររាងកាយឲ្យវែងប៉ុណ្ណោះទេ វាក៏ជួយគាំទ្រដល់មុខងារបេះដូង និងសួតឲ្យដំណើរការបានល្អ។ ក្រៅពីនេះ ការហែលទឹកអាចជួយកាត់បន្ថយការខូចខាតដែលបណ្តោលមកពីទម្ងន់នៃរាងកាយ នៅតំបន់ឆ្អឹង និងសន្លាក់។
លោតអន្ទាក់
ការលោតអន្ទាក់ ជាលំហាត់ប្រាណសាមញ្ញដែលជួយធ្វើឲ្យរាងកាយមានសកម្មភាពគ្រប់ជ្រុងជ្រោយ។ ជាពិសេសប្រសិនបើកុមារធ្វើលំហាត់ប្រាណបែបនេះរាល់ថ្ងៃ វានឹងជួយលាតសន្ធឹងឆ្អឹងបានយ៉ាងល្អ។
រត់យឺតៗ
អ្នកអាចណែនាំឲ្យកូនរត់ជារៀងរាល់ព្រឹករយៈពេល ១០នាទី ព្រោះការរត់អាចជួយពន្លឿនដល់ដំណើរការមេតាប៉ូលិសរបស់រាងកាយ ហើយក៏អាចជួយឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមផ្សេងៗយ៉ាងឆាប់រហ័ស សម្រាប់ជំរុញដល់ការអភិវឌ្ឍរាងកាយរបស់ពួកគេ។
ទន្ទឹមនឹងនេះផងដែរ ឪពុកម្តាយគួរតែបន្ថែមអាហារដែលសម្បូរជាតិកាល់ស្យូមដល់កុមារឲ្យបានច្រើន ដើម្បីធានាដល់ដំណើរការអភិវឌ្ឍ និងការពារកុំឲ្យមានជំងឺឆ្អឹងដោយសារកង្វះជាតិកាល់ស្យូម៕