ពេលកូនតូចឈឺថ្កាត់មិនស្រួលខ្លួន ក្រៅពីធ្វើឲ្យលោកឪពុកអ្នកម្តាយមានការខ្វល់ខ្វាយក្នុងចិត្តហើយនោះនៅមានបញ្ហាដ៏សែនលំបាកមួយទៀតដែលជឿថា លោកឪពុកអ្នកម្តាយទាំងឡាយប្រហែលជាធ្លាប់ឆ្លងកាត់មករាប់ដងមិនឈ្នះហើយគឺ “បញ្ហាការបញ្ចុកថ្នាំកូន” ដែលទោះជាឆ្លងកាត់មកប៉ុន្មានដងហើយក៏ដោយ ក៏នៅតែពិបាកបញ្ចុកថ្នាំដូចមុន(ឬពិបាកជាងមុនផង)ដដែល តែគ្រប់ៗបញ្ហាសុទ្ធតែមានដំណោះស្រាយតូចមួយបង្កប់នៅក្នុងនោះ ។ យើងមកនាំគ្នាមើលទាំងអស់គ្នាថា តើការបញ្ចុកថ្នាំកូននឹងក្លាយទៅជារឿងងាយៗបានដោយវិធីណា?
1 . មុនពេលលោកឪពុកអ្នកម្តាយចង់បញ្ចុកថ្នាំកូន គួរអានពីវិធីណែនាំឲ្យបានយល់ពី វិធីប្រើប្រាស់ បរិមាណការប្រើថ្នាំម្តងៗ ចំណុចគួរប្រយ័ត្នពាក់ព័ន្ធនឹងការប្រើថ្នាំ និងថ្ងៃផុតកំណត់របស់ថ្នាំនោះផង ។ អ្វីដែលសំខាន់នោះគឺ បើធ្លាប់ប្រើថ្នាំប្រភេទហ្នឹងពីមុនរួចមកហើយ គួរសង្កេតមើលលក្ខណ:របស់ពណ៌ លក្ខណ:របស់ថ្នាំ ដប ឬកញ្ចប់ដែលវេចខ្ចប់(មានការរហែកដាច់ឬក៏អត់) មានការប្រែប្រួលឬក៏អត់ បើសភាពថ្នាំប្រែប្រួលខុសពីមុន មិនគួរឲ្យកូនញ៉ាំឡើយ ។
2 . លោកឪពុកអ្នកម្តាយត្រូវតែចិត្តត្រជាក់ មិនត្រូវប្រើការបង្ខំឡើយ តែគួររករបស់លេងមកបង្វែរចំណាប់អារម្មណ៍របស់កូនជំនួសវិញខណ:ពេលបញ្ចុកថ្នាំ ព្រោះការបង្ខំឲ្យកូនញ៉ាំថ្នាំខណ:ពេលដែលកូនកំពុងយំនោះ ក្រៅពីធ្វើឲ្យកូនរឹតតែមិនព្រមញ៉ាំថ្នាំហើយ នៅធ្វើឲ្យកូនទទួលបទពិសោធន៍ក្នុងការញ៉ាំថ្នាំដែលមិនល្អ និងកាន់តែមិនព្រមញ៉ាំថ្នាំលើកក្រោយទៀតផង ។ លោកឪពុកអ្នកម្តាយអាចនឹងប្រើវិធីបណ្តោយឲ្យកូនទៅលេងរបស់លេងដែលគេចូលចិត្តជាមុនសឹន រួចហើយសឹមបញ្ចុកថ្នាំយ៉ាងសន្សឹមៗក្នុងពេលជាមួយគ្នា ។
3 . បើជាថ្នាំទឹក អាចប្រើវិធីលាយជាមួយទឹកសេរ៉ូផ្អែម(តែមិនគួរលាយច្រើនជ្រុលពេកទេ)បាន ដោយមានលក្ខ័ណខ្លះដូចជា ៖
.សំរាប់ថ្នាំប្រភេទខ្លះ អាចមានចំណុចហាមឃាត់ក្នុងការទទួលទានដូចជា មិនគួរទទួលទានជាមួយទឹកដោះជាដើម ។
.មិនគួរលាយថ្នាំនៅក្នុងអាហារដែលកូនញ៉ាំឡើយ ព្រោះវាអាចក្លាយពីអាហារដែលកូនចូលចិត្ត ទៅជាអាហារដែលកូនលែងចង់ញ៉ាំរហូតក៏បានដែរ ព្រោះរសជាតិវាខុសពីមុន ។
4 . បើកូនពិបាកញ៉ាំថ្នាំ លោកឪពុកអ្នកម្តាយអាចនឹងសាកល្បងប្រើស៊ីរ៉ាងចាក់ថ្នាំដែលមិនដាក់ម្ជុលបាន ដោយប្រើវិធីបាញ់ថ្នាំចេញពីបំពង់ស៊ីរ៉ាងចូលទៅក្នុងក្រអូមមាត់ ដើម្បីការពារកុំឲ្យកូនខ្ជាក់ចេញ និងថែមទាំងជួយមិនឲ្យរសជាតិថ្នាំសាយភាយពេញក្នុងមាត់កូនទៀតផង ។
ការបញ្ចុកថ្នាំកូននឹងក្លាយទៅជារឿងងាយៗបាន អាស្រ័យលើលោកឪពុកអ្នកម្តាយធ្វើចិត្តឲ្យត្រជាក់ និងជ្រើសរើសក្នុងការបង្កើតបទពិសោធន៍ការលេបថ្នាំដែលល្អដល់កូនតូច ដោយការពន្យល់ + ទន់ភ្លន់ + ភាពព្យាយាមបន្តិចបន្តួច និងអាចប្រើវិធីសរសើរបញ្ជោរ ដើម្បីឲ្យកូនមានអារម្មណ៍មោទនភាពលើខ្លួនឯងថា កូនក៏អាចញ៉ាំថ្នាំដោយខ្លួនឯងបានដែរ រឿងញ៉ាំថ្នាំជារឿងកំប៉ិកកំប៉ុកណាស់សំរាប់កូន!៕