ការចិញ្ចឹមកូនៗឲ្យពេលធំឡើងក្លាយជាមនុស្សដែលក្រុមគ្រួសារនឹកសង្ឃឹមចង់បានក្នុងពេលបច្ចុប្បន្ននេះ ជារឿងមួយលំបាកគួរសមដែរ ព្រោះដោយសាតែបច្ច័យខាងសង្គមចាប់ផ្តើមផ្លាស់ប្តូរ ហើយការប្រព្រឹត្តរបស់ក្មេងនាពេលបច្ចុប្បន្នក៏ចាប់ផ្តើមមានការយកតម្រាប់តាមស្ថានភាព និងអ្វីៗជុំវិញខ្លួនកាន់តែខ្លាំងឡើងហ្នឹងឯង ហើយនៅថ្ងៃនេះ គេហទំព័រ មាតា និងទារក នឹងលើកយកចំណុចសំខាន់ៗចំនួន៣ ដែលមានផលដល់ការប្រព្រឹត្តរបស់កូនៗមកជំរាបជូនដូចខាងក្រោម ៖
១) ក្រុមគ្រួសារ
ធ្លាប់បានឮដែរឬទេថា ក្រុមគ្រួសារយ៉ាងម៉េច ការប្រព្រឹត្តរបស់កូនតូចភាគច្រើនក៏មានលក្ខណះស្រដៀងយ៉ាងនោះដែរ ដូច្នេះបើយើងចង់ឲ្យកូនរបស់យើងមានការប្រព្រឹត្តដែលល្អនោះ យើងគួរចាប់ផ្តើមចេញពីស្ថាប័នគ្រួសារជាមុនសិន។ ចាប់ផ្តើមពីខ្លួនយើង ត្រូវធ្វើជាគំរូដ៏ល្អដល់កូន និងនៅចាំអប់រំប្រដៅឲ្យស្គាល់នូវអ្វីដែលល្អ និងមិនល្អ មានពេលវេលាជជែកលេងជាមួយកូនឲ្យបានញឹកញាប់ ព្រមទទួលស្គាល់នូវគំនឹតយោបល់របស់កូន តែប៉ុណ្ណឹងកូននឹងមានអារម្មណ៏កក់ក្តៅ និងមានការប្រព្រឹត្តល្អៗតបស្នងមកយើងវិញជាមិនខាន ។
២) ស្ថានភាពជុំវិញខ្លួន និងសង្គម
យើងមិនអាចជ្រើសរើសឲ្យកូនៗរស់នៅក្នុងស្ថានភាពជុំវិញខ្លួន និងសង្គមដែលល្អៗតាមដែលចិត្តយើងចង់បាននោះឡើយ តែយើងអាចជ្រើសរើសក្នុងការបង្ហាត់បង្រៀន និងបណ្តោយឲ្យកូនរៀនយល់ដឹងជាមួយស្ថានភាពសង្គមបាន មិនកៀបសង្កត់ ឬកំរឹតដែនយល់ដឹងឡើយ ដោយអធិប្បាយនូវរឿងរ៉ាវដែលកូនបានជួប បានឃើញការប្រព្រឹត្តផ្សេងៗ នោះឲ្យកូនបានយល់។ មិនគួរបដិសេធនឹងសំនួរកូនឡើយ តែគួរមានចម្លើយដ៏ល្អៗដល់កូនទើបជាការប្រសើរ។
៣) រឿងភាគក្នុងទូរទស្សន៍ ឬវីដេអូផ្សេងៗ
យើងអាចបង្ហាត់បង្រៀនការប្រព្រឹត្តដល់កូនបានគ្រប់ពេលវេលា សូម្បីតែពេលអង្គុយមើលរឿងភាគទូរទស្សន៍ ក៏យើងអាចឲ្យកូនៗរៀនយល់ដឹងជាមួយយើងបានដូចគ្នាដែរ ។ ក្នុងអំឡុងពេលមើលខ្សែភាពយន្ត ឬរឿងភាគយើងគួរតែអធិប្បាយពន្យល់ពីការប្រព្រឹត្តឲ្យកូនបានយល់ និងដឹងថា អ្វីជារឿងល្អ មិនល្អ អ្វីគួរធ្វើ និងមិនគួរធ្វើ ដើម្បីកុំឲ្យកូនយកតម្រាប់តាមការប្រព្រឹត្តមិនល្អដែលកូនដឹង និងមើលឃើញនោះ ។
ទោះយ៉ាងណាស្ថាប័នគ្រួសារក៏នៅតែជាបច្ច័យសំខាន់ក្នុងការបង្ហាត់បង្រៀន និងកំណត់ទិសដៅឲ្យកូនរបស់យើងក្លាយជាមនុស្សល្អដែរ វាស្ថិតនៅលើការជ្រើសរើសអប់រំប្រដៅ ការនិយាយស្តី និងការធ្វើឲ្យកូនបានយល់កាន់តែច្រើនឡើង ដើម្បីកុំឲ្យកូនមានអារម្មណ៍ថា គេខ្វះខាត និងឪពុកម្តាយមិនយកចិត្តទុកដាក់ ព្រោះរឿងនេះអាចនឹងក្លាយជាចំណុចអន់មួយរបស់ក្មេងនៅពេលអនាគតបាន៕