ទោះបីជាកុមារតូចៗនៅអាយុ ១ដល់៣ឆ្នាំ មិនត្រូវបានគេចាត់ចូលជាជនងាយរងគ្រោះពីជំងឺ COVID-19 ក៏ដោយ ប៉ុន្តែពួកគេនៅតែរងផលប៉ះពាល់ពីស្ថានភាពរីករាលដាលដូចមនុស្សវ័យផ្សេងទៀតដែរ។ ហេតុនេះ មានតែពង្រឹងប្រព័ន្ធភាពស៊ាំកុមារឲ្យមានភាពប្រសើរឡើងនោះទេ ទើបអាចជៀសផុតពីជំងឺនេះបាន។
អ្នកជំនាញផ្នែកអាហារសម្រាប់កុមារ បានបង្ហាញថា រាងកាយកុមារមានសុខភាពល្អត្រូវផ្តល់សារធាតុចិញ្ចឹមដែលមានប្រយោជន៍ និងចាំបាច់សម្រាប់ការលូតលាស់។ អាថ៌កំបាំងនៃការរៀបចំអាហារសម្រាប់ក្មេងទើបនឹងចេះដើរតេះតះអាយុ ១ដល់៣ឆ្នាំ គឺផ្តោតទៅលើអាហារមានគុណភាពល្អទាំង៣ពេលក្នុងមួយថ្ងៃ និងទឹកដោះគោ២ទៅ ៣ពែង។
ប្រភេទសាច់៖ ក្រុមអាហារដែលអាណាព្យាបាលគួរតែផ្តល់ឲ្យកុមារមានដូចជា សាច់ជ្រូក សាច់ក្រហម ត្រី សាច់មាន់ ស៊ុត និងថ្លើម។
ជាតិដែក៖ អាហារដែលមានផ្ទុកជាតិដែក អាចជួយការពារភាពស្លេកស្លាំង ដែលជះឥទ្ធិពលដល់ការផ្គត់ផ្គង់អុកស៊ីសែនដល់កោសិកានៃរាងកាយ ជាពិសេសកោសិកាខួរក្បាល ត្រូវបានគេរកឃើញនៅក្នុងសាច់សត្វ បន្លែពណ៌បៃតង និងអាហារសមុទ្រ។
សារធាតុចិញ្ចឹម៖ វីតាមីន និងសារធាតុរ៉ែ អាចជួយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី ប្រឆាំងអុកស៊ីតកម្ម លើកកម្ពស់ភាពស៊ាំ រក្សាតុល្យភាពប្រតិកម្មរាងកាយ។ វីតាមីន និងសារធាតុរ៉ែទាំងនោះមាននៅក្នុងបន្លែផ្លែឈើដូចជា ផ្លែបឺរ សណ្តែកសៀង គ្រាប់ផ្កាឈូករ័ត្ន ផ្លែល្ហុង ប្រេងអូលីវ ស្រូវសាលី និងអាល់ម៉ុង។
វីតាមីន C៖ វីតាមីន C ត្រូវបានគេរកឃើញនៅក្នុងផ្លែក្រូច និងត្របែក ដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រឆាំងអុកស៊ីតកម្ម អាចជួយការពារការកើនឡើងនៃជំងឺផ្លូវដង្ហើម និងបង្កើនល្បឿននៃការជាសះស្បើយនៃស្នាមរបួសបានលឿន។
វីតាមីនA៖ វីតាមីន A គឺជាបេតាការ៉ូទីន និងអង់ទីអុកស៊ីដង់ ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ធ្វើឲ្យរាងកាយមានសុខភាពល្អ។ វីតាមីនមួយនេះមាននៅក្នុងក្រូចពណ៌លឿង ផ្លែឈើពណ៌ក្រហម ការ៉ុត ប៉េងប៉ោះ ម្ទេស ឪឡឹក ផ្លែស្ត្របឺរី ផ្លែឈីរី ផ្លែប៉ោមក្រហម។
ទឹកឃ្មុំ៖ ទឹកឃ្មុំ គឺជាប្រភពអាហារដ៏ពេញនិយមពេលបច្ចុប្បន្ននេះ ព្រោះវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ធ្វើឲ្យផ្លូវដង្ហើមមានសំណើម និងមានឥទ្ធិពលជាបន្តទៅលើការថែមទាំសួត។
ប៉ុន្តែអាហារដែលសម្បូរទៅដោយប្រភពប្រូតេអ៊ីនទាំងនេះគួរតែមានការផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ហើយក្នុងមួយថ្ងៃញ៉ាំឲ្យបាន៣មុខ ដើម្បីជួយជំរុញដល់ការលូតលាស់កុមារ។