ស្ទះ​ទឹកដោះ ឈឺ​សុដន់ គួរ​ដោះស្រាយ​បែបណា?

0

ទឹកដោះ​ត្រូវបាន​ផលិត​នៅក្នុង​សុដន់ ហើយ​ហូរ​កាត់​តាម​បំពង់​សរសៃតូចៗពី​គល់​ទៅ​ចុង​សុដន់​នៅពេល​កូនបៅ។ ប៉ុន្តែ​ពេលខ្លះ​មាន​បំពង់​មួយ​ក្នុងចំណោម​បំពង់​ជាច្រើន​ត្រូវបាន​រាំងស្ទះ​ដោយសារតែ​មូលហេតុ​មួយចំនួន ធ្វើ​ឲ្យ​ទឹកដោះ​ត្រូវបាន​ឃាត់ទុក និង​ប្រែ​ទៅជា​ដុំទន់។ នេះ​ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​សុដន់​អ្នក​ម្តាយ​ឡើង​ប៉ោង មានការ​ឈឺចាប់ និង​មើលទៅ​ក្រហម​ថែមទៀត។

ដូច្នេះ ដើម្បី​បន្ធូរបន្ថយ​បញ្ហា​ស្ទះ​ទឹកដោះ សម្រាល​ភាពឈឺចាប់ អ្នក​ម្តាយ​គួរ​អនុវត្ត​ដូចខាងក្រោម៖

១.ចាប់ផ្តើម​រក​វិធី​ដោះស្រាយ​ឲ្យ​បាន​ឆាប់ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា សុដន់​មាន​ដុំទន់ៗ ឬ​ឈឺចាប់។

២.សម្រាក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន។

៣.ព្យាយាម​ធ្វើ​ឲ្យ​សុដន់​ដែល​រង​ផលប៉ះពាល់​នៅ​ទទេ ដោយ​បំបៅ​តែមួយ​ចំហៀង​នេះ​ឲ្យ​ញឹក។

៤.យក​វត្ថុ​ក្តៅ​ឧណ្ឌៗមក​ម៉ាស្សា​សុដន់​ដែលមាន​បញ្ហា​មុនពេល​បំបៅ។

៥.ប្រើ​ដៃ​ម៉ាស្សាថ្នមៗជុំវិញ​ក្បាល​សុដន់​ក្នុងអំឡុងពេល និង​ក្រោយពេល​កូន​បំបៅ។

៦.ប្តូរ​ទីតាំង​បំបៅ​ដោះ ដោយ​ដាក់​ទារក​ឲ្យ​នៅ​ទាប​ជាង​សុដន់​ទើប​លំហូរ​ទឹកដោះ​រត់​បាន​ស្រួល។

៧.ច្របាច់​សុដន់​ប្រសិនបើ​ចាំបាច់ មុននឹង​ក្រោយពេល​បំបៅ។

៨.ប្រើ​ទឹកកក​ស្អំ បន្ទាប់ពី​បំបៅ​ដោះ វា​អាចជួយ​បំបាត់​ការឈឺចាប់ និង​ការ​រលាក។

៩.ទៅ​ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត ប្រសិនបើ​អ្នក​មិនអាច​កម្ចាត់​ដុំ​ពក​ក្នុង​រយៈពេល ១២ម៉ោង ឬ​ប្រសិនបើ​អ្នកមាន​អាកា​រៈ​គ្រុនក្តៅ និង​មាន​អារម្មណ៍​ថា​ក្តៅ​ក្នុង​សុដន់៕