លេងឧបករណ៍ក្មេងលេង គឺជារបស់ដែលក្មេងចូលចិត្តលេងខ្លាំងបំផុត ព្រោះវាជាចំណីអារម្មណ៍មួយដែលធ្វើឲ្យពួកគេមានភាពរីករាយ។ ប្រដាប់ក្មេងលេងខ្លះមានសុវត្ថិភាពក្នុងការលេង ប៉ុន្តែប្រដាប់ក្មេងលេងខ្លះទៀតពុំមានសុវត្ថិភាពចំពោះកុមារឡើយ។ ខាងក្រោមនេះ ជាប្រដាប់ក្មេងលេងដែលអាចបង្កគ្រោះថ្នាក់ដល់ក្មេងបាន៖
១.ប្រដាប់ក្មេងលេងដែលប្រើថ្ម
ប្រដាប់ក្មេងលេងខ្លះអាចដំណើរការបានដោយប្រើថាមពលថ្មដើម្បីដំណើរការ។ ត្បិតតែប្រដាប់ក្មេងលេងប្រភេទនេះផ្តល់ភាពរីករាយ និងធ្វើឲ្យកូនចូលចិត្តក៏ពិតមែន ប៉ុន្តែប្រសិនបើថ្មរបូតចេញមកដោយចៃដន្យ កូនរបស់អ្នកអាចរើសមកដាក់ចូលមាត់ដែលធ្វើឲ្យស្លាក់បាន។ ក្នុងករណីដែលអ្នកជួយមិនទាន់ទេ កូនអាចប្រឈមនឹងការស្លាប់ដោយសារស្ទះដង្ហើម។
២.ឧបករណ៍ក្មេងរៀនដើរ
ឪពុកម្តាយភាគច្រើនតែងទិញឧបករណ៍ប្រភេទនេះ ដើម្បីឲ្យកូនរបស់ពួកគេរៀនឈរ និងដើរ។ ប៉ុន្តែវាមិនមានសុវត្ថិភាពទេ ប្រសិនបើអ្នកមិនប្រយ័ត្ន កូនអាចធធាក់ជើងខ្លាំងខ្ទាតចេញពីឧបករណ៍នេះ ឬអាចក្រឡាប់បង្កឲ្យក្មេងរបួសបាន។
៣.ឧបករណ៍ក្មេងលេងតូចៗ
ឧបករណ៍ក្មេងលេងតូចៗ អាចជាប់នៅក្នុងច្រមុះ ឬមាត់ទារក។ ឧទារហណ៍ ប្រដាប់ក្មេងលេងដូចជា គ្រឿងបន្លាស់រថយន្ត ឬគ្រឿងបន្លាស់តុក្តា គួរតែត្រូវបានជៀសឲ្យឆ្ងាយ។
៤.ពូក ឬខ្នើយសម្រាប់បាំងជុំវិញគ្រែងកូនលេង
ឪពុកម្តាយជាច្រើនយល់ថា ការបាំងពូក ឬខ្នើយស្តើងៗជុំវិញគ្រែអាចរារាំងរបស់របរកូនជ្រុះចេញក្រៅ។ ប៉ុន្តែរបាំងទាំងនេះមិនមានសុវត្ថិភាពចំពោះកូននោះទេ ព្រោះវាអាចបណ្តោលឲ្យពួកគេថប់ដង្ហើម និងអាចឈានដល់ការស្លាប់ប្រសិនបើកូនរើសមិនរួច។
ដើម្បីសុវត្ថិភាពចំពោះកូន ឪពុកម្តាយគួរតែកុំទិញប្រដាប់ក្មេងលេងដែលមានអង្កត់ផ្ចិតតូចជាង ១,៧៥អ៊ីញ ជៀសវាងប្រដាប់ក្មេងលេងដែលប្រើថ្ម ប្រយ័ត្នប្រដាប់ក្មេងលេងដែលមានដងវែង ព្រោះពួកគេអាចដាក់របស់ទាំងនោះរុកចូលមាត់ដោយខ្លួនឯង ជាពិសេសកុំទុកកូនចោលនៅពេលកូនកំពុងលេង៕