មូលហេតុចម្បងដែលបណ្តោលឲ្យកើតជំងឺផ្លូវដង្ហើម គឺការប្រែប្រួលអាកាសធាតុ ធ្វើឲ្យរាងកាយកុមារមិនអាចទ្រាំទ្របាន។ ជាពិសេសនៅរដូវភ្លៀវធ្លាក់ អាកាសធាតុមានជាតិសំណើមខ្ពស់ដែលអាចជាកត្តាល្អសម្រាប់ការលូតលាស់របស់បាក់តេរី និងវីរុស។
ជំងឺផ្លូវដង្ហើម កើតឡើងពីច្រមុះរហូតដល់សួត ដែលមានជំងឺដូចជា ជំងឺរលាកច្រមុះ រលាកទងសួត និងរលាកសួត ហើយជារឿយៗកុមារនឹងមានអាការៈក្តៅខ្លួន ក្អក។ នៅពេលកុមារមានបញ្ហាផ្លូវដង្ហើម ភាគច្រើននឹងជាសះស្បើយក្នុងរយៈពេល ១០ទៅ ១៤ថ្ងៃ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើកុមារបង្ហាញសញ្ញាគ្រុនក្តៅខ្លាំងយូរជាង ២ថ្ងៃ ឈប់បៅដោះ ក្អួត ងងុយគេង ដង្ហើមខ្លី … ត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យភ្លាម។
រោគសញ្ញាពិសេសដែលឪពុកម្តាយត្រូវចង់ចាំ
នៅក្នុងបញ្ហាផ្លូវដង្ហើម អ្នកជំនាញបានណែនាំឲ្យឪពុកម្តាយត្រូវយកចិត្តទុកដាក់លើរោគសញ្ញានីមួយៗរបស់កូន។
១.ក្តៅខ្លួន
ភាគច្រើនកុមារដែលមានអាការៈក្តៅខ្លួនដោយសារជំងឺរលាកផ្លូវកង្ហើម គឺការដកដង្ហើមបានខ្លីៗ។ អាការៈក្តៅខ្លួនរបស់កុមារ គឺជាលក្ខណៈវិវត្តស្រួចស្រាវ និងឆាប់រហ័ស ហើយក្មេងក្រោមអាយុ៦ឆ្នាំ ប្រឈមនឹងហានិភ័យខ្ពស់នៃការប្រកាច់។ ដូច្នេះនៅពេលកុមារមានអាការៈគ្រុនក្តៅ ចាំបាច់ត្រូវបន្ថយកម្តៅជាមុនសិន តាមការណែនាំរបស់គ្រូពេទ្យ។
ចំណាំ នៅពេលកុមារមានអាការៈគ្រុនក្តៅមានសញ្ញានៃការខ្សោះជាតិទឹក ដូច្នេះចាំបាច់ត្រូវបន្ថែមទឹកឲ្យកុមារឲ្យបានច្រើន។
២.អាការៈក្អក
នៅពេលកុមារក្អក ហៀរសំបោរ មានស្លេស ហើយលេបចូលក្នុងពោះ កុមារងាយនឹងក្អួត។ នៅពេលកុមារក្អកពួកគេអស់កម្លាំង និងងងុយគេង ប៉ុន្តែការក្អក គឺជាយន្តការការពាររាងកាយ។ ការក្អក ជួយបណ្តេញរបស់អាក្រក់ផ្សេងៗដូចជាស្លេស ឬមេរោគ ចេញពីរាងកាយ។
អ្នកជំនាញបាននិយាយថា ឪពុកម្តាយគួរតែដឹងពីរបៀបថែរក្សាកូនៗនៅពេលពួកគេក្អក ឧទាហរណ៍ បញ្ចុកអាហារតិចៗ បំបែកអាហារឲ្យម៉ត់ និងជ្រើសរើសអាហារទន់ៗ។
៣.កូនពិបាកដកដង្ហើម
កុមារដែលពិបាកដកដង្ហើម អាចបាត់ទៅវិញដោយខ្លួនឯង ប៉ុន្តែវាអាចជាសញ្ញាដំបូងនៃភាពស្មុគស្មាញ គឺការបរាជ័យផ្លូវដង្ហើម។ រាងកាយរបស់កុមារមានប្រតិកម្មជាមួយនឹងការពិបាកដកដង្ហើម ខ្វះអុកស៊ីសែន។ ក្នុងករណីធ្ងន់ធ្ងរកុមារដកដង្ហើមញាប់ ពោះប៉ោង ហើយផតទៅវិញលឿនៗ។
ប្រសិនបើកុមារដកដង្ហើមញាប់ ហើយនៅតែមិនមានអុកស៊ីសែនគ្រប់គ្រាន់ទេ ពួកគេនឹងពិបាកដកដង្ហើម។ ដូច្នេះអ្នកជំនាញបានសង្កត់ធ្ងន់ថា ប្រសិនបើកុមារមានជំងឺផ្លូវដង្ហើម ឪពុកម្តាយត្រូវសង្កេតមើលដង្ហើមកូនដោយយកចិត្តទុកដាក់ ប្រសិនបើពួកគេមានដង្ហើមធម្មតា គឺមិនអីទេ ប៉ុន្តែបើដង្ហើមញាប់ ក្បាលពោះផតប៉ោងៗ គួរប្រញាប់នាំកូនទៅមន្ទីរពេទ្យភ្លាម៕