Skip to content

កូន៦ខែឡើង ឲ្យញ៉ាំស៊ុតមួយថ្ងៃមួយគ្រាប់ អាចបន្ថយបញ្ហាលើសទម្ងន់ ហើយមិនក្រិន

ការសិក្សាស្រាវជ្រាវមួយបានរកឃើញថា ការបរិភោគស៊ុតមួយថ្ងៃមួយគ្រាប់ អាចបង្កើនការលូតលាស់ និងកាត់បន្ថយភាពក្រិតដល់ ៤៧ភាគរយចំពោះកុមារតូចៗ។

អ្នកជំនាញ Lora Iannotti នៅសាកលវិទ្យាល័យវ៉ាស៊ីនតោន  បាននិយាយថា ការសិក្សាដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Pediatrics បង្ហាញថា អ្នកបរិភោគស៊ុតមួយថ្ងៃមួយគ្រាប់អាចកាត់បន្ថយអត្រានៃការក្រិន ៤៧ភាគរយ និងការធាត់លើសទម្ងន់ ៧៤ភាគរយ។

លោក Iannotti បានបន្ថែមទៀតថា យើងមានការភ្ញាក់ផ្អើលចំពោះប្រសិទ្ធភាពនៃការអន្តរាគមន៍ដែលមានប្រសិទ្ធភាពមួយនេះ។ ទំហំនៃផលប៉ះពាល់គឺ ០,៦៣ បើធៀបទៅនឹងមធ្យមភាពពិភពលោក ០,៣៩។

អ្នកជំនាញបានពិសោធន៍ទៅលើកុមារដែលមានអាយុចាប់ពី ៦ទៅ៩ខែ ឲ្យទទួលទានស៊ុតមួយថ្ងៃមួយគ្រាប់ក្នុងរយៈពេល ៦ខែ រកឃើញថា មានការលូតលាស់ល្អប្រសើរជាងក្រុមកុមារដែលមិនបានទទួលទានស៊ុត។

លោក Iannotti បានបន្ថែមចុងក្រោយទៀតថា ស៊ុតគឺជាអាហារដែលពោរពេញទៅដោយអាហារូបត្ថម្ភខ្ពស់ និងមានសុវត្ថិភាពចំពោះកុមារដែលកំពុងតែអភិវឌ្ឍន៍។ ដូច្នេះសម្រាប់ឪពុកម្តាយដែលមានកូនតូចចាប់ពី ៦ខែឡើងទៅ គួរតែបន្ថែមស៊ុតស្ងោរមួយថ្ងៃមួយគ្រាប់ទៅក្នុងរបបអាហារពួកគេជាប្រចាំ ដើម្បីជំរុញដល់ការលូតលាស់បានល្អ៕