ហេតុអ្វី១ឆ្នាំដំបូង អ្នកជំនាញហាមមិនឲ្យកុមារញ៉ាំទឹកផ្លែឈើ?

0
1

ឪពុកម្តាយទាំងឡាយគួរកត់សម្គាល់ថា ទឹកដោះម្តាយតែមួយមុខគក់ វាគ្រប់គ្រាន់ហើយសម្រាប់កុមារមួយឆ្នាំដំបូង ដូច្នេះមិនគួរផ្តល់ទឹកផ្លែ ឈើបន្ថែមទៀតទេ ព្រោះវាអាចធ្វើឲ្យកុមារលើសទម្ងន់ នេះបើតាមការឲ្យដឹងពីអ្នកជំនាញ។

យោងតាមសេចក្តីថ្លែងការណ៍ថ្មីដែលចេញដោយអ្នកជំនាញនៅអាមេរិក បានឲ្យដឹងថា ទឹកផ្លែឈើមិនផ្តល់អត្ថប្រយោជន៍ជាអាហារូបត្ថម្ភដល់កុមារអាយុក្រោម១ឆ្នាំទេ ហើយមិនគួររាប់បញ្ចូលក្នុងរបបអាហាររបស់ពួកគេឡើយ។ អ្នកស្រីបណ្ឌិត Melvin Heyman មានប្រសាសន៍ថា ឪពុកម្តាយអាចយល់ថា ទឹកផ្លែឈើមានសុខភាពល្អ ប៉ុន្តែវាអាចបន្ថែមជាតិស្ករ និងកាឡូរីដល់កុមារទៅវិញ។ លើសពីនេះ វាអាចធ្វើឲ្យកុមារត្រូវប្រឈមនឹងបញ្ហាពុកធ្មេញ ដោយសារតែទឹកផ្លែឈើសម្បូរទៅដោយកាបូនអ៊ីដ្រាតច្រើន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក អ្នកជំនាំបានណែនាំប្រឆាំងនឹងការផ្តល់ទឹកផ្លែឈើ ដល់កុមារដែលមានអាយុក្រោម៦ខែ ប៉ុន្តែក្រោយមកពួកគេបានពង្រីកពេលវេលានោះរហូតដល់១ឆ្នាំដំបូងនៃជីវិត។

ការផ្តល់អនុសាសន៍ថ្មីមួយទៀតបានបញ្ជាក់ថា ទឹកផ្លែស្រស់១០០ភាគរយ អាចជាផ្នែកមួយដ៏ល្អនៃសុខភាពកុមារដែលមានអាយុលើស១ឆ្នាំ នៅពេលការទទួលទានមានកម្រិតតុល្យភាពត្រឹមត្រូវ។ យោងតាមការណែនាំឲ្យដឹងថា ការទទួលទានទឹកផ្លែឈើគួរកំណត់មួយថ្ងៃត្រឹម ១១៣.៣ក្រាម សម្រាប់ក្មេងទើបចេះដើរតេះតះ អាយុ១ទៅ៣ឆ្នាំ។

ក្រុមអ្នកជំនាញបានណែនាំទៀតថា ឪពុកម្តាយមិនគួរផ្តល់ទឹកផ្លែឈើមុនពេលកុមារចូលគេងនោះទេ។ តែកុមារគួរលើកទឹកចិត្តឲ្យបរិភោគផ្លែឈើស្រស់ៗ ព្រោះវាទទួលបានប្រយោជន៍ខ្លាំងជាងទឹកផ្លែឈើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here