ខែរងា ប្រយ័ត្នជំងឺ៣ប្រភេទនេះកើតលើកូន

0
1

រដូវភ្លៀងធ្លាក់ ឬរដូវរងា ត្រូវបានគេចាត់ទុកជាពេលវេលាដ៏មានគ្រោះថ្នាក់បំផុតសម្រាប់សុខភាពរបស់មនុស្សទូទៅ រួមទាំងកុមាតូចៗផងដែរ។ ព្រោះប្រព័ន្ធភាពស៊ាំរបស់ក្មេងនៅមិនទាន់មានភាពរឹងមាំនៅឡើយ ជាពិសេសអាចប្រឈមនឹងជំងឺ៣មុខនេះខ្ពស់បំផុត។

១.ជំងឺគ្រុនផ្តាសាយ

រោគសញ្ញាទូទៅបំផុត គឺគ្រុនក្តៅ ឈឺក្បាល អស់កម្លាំង ហៀរសំបោរ ក្អក និងកណ្តាស់ ជារោគសញ្ញាដែលបង្កឡើងដោយសារតែមេរោគផ្លូវដង្ហើម។ ប្រសិនបើរោគសញ្ញាធ្ងន់ធ្ងរ អាចវិវត្តទៅជាជំងឺរលាកសួតបាន។ វិធីមើលថែទាំកូននៅដំណាក់កាលដំបូង ប៉ាម៉ាក់គួរតែឲ្យកូនសម្រាកឲ្យបានច្រើន ផឹកទឹកឲ្យបានញឹកញាប់ ប៉ុន្តែប្រសិនបើរោគសញ្ញានៅតែបន្តរយៈពេល ៤ទៅ៧ថ្ងៃ សូមនាំកូនទៅមន្ទីរពេទ្យភ្លាម។

២.រលាកសួត

ជារឿយៗ កុមារទទួលរងពីជំងឺនេះនៅក្នុងរដូវរងា ជាពិសេសកុមារក្រោមអាយុ ៥ឆ្នាំ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។ រោគសញ្ញារបស់កុមារដែលមានជំងឺរលាកសួត គឺដកដង្ហើមញាប់ ដង្ហក់ ហត់ ឈឺក្បាល បាត់បង់ចំណង់អាហារ…។ អ្នកត្រូវសង្កេតមើល ប្រសិនបើកុមារអាយុតិចជាង ២ខែការដកង្ហើមច្រើនជាង ៦០ដងក្នុងមួយនាទី ឬក្មេងអាយុ ២ដល់១២ខែការដកដង្ហើមច្រើនជាង ៥០ដងក្នុងមួយនាទី ឬក៏ក្មេងអាយុពី ១ដល់៥ឆ្នាំ ការដកដង្ហើមច្រើនជាង ៤០ដងក្នុងមួយនាទី ត្រូវបានគេសន្និដ្ឋានថា មានជំងឺរលាកសួត។ ក្នុងករណីដែលកូនរបស់អ្នកមានរោគសញ្ញាបែបនេះ សូមទៅជួបគ្រូពេទ្យជាបន្ទាន់។

៣.ជំងឺកញ្ជ្រិល

វាច្រើនតែកើតមានលើកុមារក្រោមអាយុ៦ខែ ដែលអាចគំរាមកំហែងដល់អាយុជីវិតបាន។ រោគសញ្ញារួមមាន គ្រុនក្តៅ ខ្សោយ ហៀរសំបោរ ភ្នែកក្រហម កន្ទួលនៅជុំវិញថ្ពាល់។ ការឡើងកន្ទួលក្រហមនេះអាចកើតឡើងចាប់ពី ៧ទៅ២១ថ្ងៃ ដែលអាចបណ្តោលឲ្យស្លាប់ប្រសិនបើមានផលវិបាក។ កញ្ជ្រិលបច្ចុប្បន្នមិនមានថ្នាំព្យាបាលជាក់លាក់នោះទេ ប៉ុន្តែអ្នកអាចជួយជួបគ្រូពេទ្យដើម្បីបន្ថយរោគសញ្ញា និងបន្ថយផលវិបាក ហើយគួរឲ្យកុមារសម្រាករហូតដល់ជាសះស្បើយទាំងស្រុង។

ជឿថា គ្មានអ្នកណាចង់ឲ្យកូនៗកើតជំងឺក្នុងរដូវរងានោះទេ ដូច្នេះសូមព្យាយាមការពារជំងឺគួរឲ្យខ្លាចទាំងនេះ មុនពេលវាយឺតពេលក្នុងការព្យាបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here