ហ្គេមនៅលើកុំព្យូទ័រ ត្រូវបានគេបង្កើតឡើងសម្រាប់លេងកំសាន្តនៅពេលដែលអ្នកមានអារម្មណ៍ធុញថប់ ឬស្ត្រេសពីការងារតែប៉ុណ្ណោះ។ តែការលេងហ្គេមរហូតដល់ញៀន វាមិនល្អសម្រាប់សុខភាពនោះទេ ជាពិសេសក្មេងៗវាអាចបង្កឲ្យមានផលប៉ះពាល់ច្រើនណាស់។
១.ប៉ះពាល់ភ្នែក
ប្រសិនបើកូនរបស់អ្នកចំណាយពេលអតិបរមាសម្លឹងមើលអេក្រង់កុំព្យូទ័រ ភ្នែករបស់គាត់នឹងរងផលប៉ះពាល់ដូចជាឈឺភ្នែក ឬអាចមានបញ្ហារហូតដល់មើលតែឃើញតែម្តង។
២.បញ្ហាឈឺចាប់រាងកាយ
ការអង្គុយឥតឈប់ឈរនៅចំពោះមុខកុំព្យូទ័រ ក្នុងឥរិយាបទខុសអាចបង្កើនបញ្ហាមិនប្រក្រតីចពោះកុមារ។ ប្រសិនបើកូនរបស់អ្នកត្អូញត្អែរចំពោះការឈឺចាប់កដៃ និងម្រាមដៃ ឬមានអារម្មណ៍ក្តៅក្នុងសរសៃប្រសាទ សូមកែតម្រូវឥរិយាបទលេងហ្គេមរបស់គាត់ចេញទៅ។
៣.កើតជំងឺធាត់
ក្មេងមានភាពមមាញឹកជាមួយនឹងការសិក្សារួចទៅហើយ ហើយប្រសិនបើពួកគេចំណាយពេលអង្គុយលេងហ្គេមទៀតនោះ រាងកាយនឹងអសកម្មគ្មានចលនាអ្វីសោះ។ ការមិនបានបញ្ចេញសកម្មភាពរាងកាយ ដោយរាងកាយនៅតែសម្រាកសុខស្រួលយូរពេក ភាពធាត់អាចកើតមានឡើង ហើយជំងឺជាច្រើននឹងវិវត្តលើរាងកាយកូនទាំងវ័យក្មេង។
៤.ផ្លាស់ប្តូរឥរិយាបថ
ការលេងហ្គេមដែលមានរូបភាពអំពើហិង្សា និងបាញ់សម្លាប់គ្នា អាចធ្វើឲ្យអាកប្បកិរិយាកុមារមានការផ្លាស់ប្តូរ។ យោងតាមអ្នកជំនាញបានបង្ហាញថា ក្មេងដែលស៊ាំជាមួយនឹងតួអង្គហ្គេម ធ្វើឲ្យពួកគេមិនអាចបែងចែកពិភពពិត និងពិភពសប្បនិម្មិតបានច្បាស់លាស់ឡើយ។
៥.ខ្វះដំណេក
ការស្រាវជ្រាវបានបង្ហាញថា ការលេងហ្គេមលើកុំព្យូទ័រអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការគេង។ ពន្លឺពណ៌ខៀវចេញពីអេក្រង់កុំព្យូទ័រ អាចធ្វើឲ្យក្មេងមិនចង់គេង។ ដូច្នេះសូមកុំទម្លាប់ឲ្យកូនលេងហ្គេមឲ្យសោះមុនពេលចូលគេង។
៦.ប៉ះពាលដល់ការសិក្សា
ការញៀននឹងហ្គេមតាំងពីវ័យក្មេង ធ្វើឲ្យពួកគេគ្មានអារម្មណ៍យកចិត្តទុកដាក់ជាមួយនឹងការសិក្សាឡើយ។ ជួនកាលពួកគេអាចគេចសាលា ឬបោះបង់ការសិក្សាចោល ដើម្បីទៅលេងហ្គេម។ ទីបំផុតបញ្ហានេះនឹងជះឥទ្ធិពលដល់ការសិក្សារបស់ពួកគេ។
មិនចំពោះតែការលេងហ្គេមនៅលើកុំព្យូទ័រនោះទេ សូម្បីតែការលេងហ្គេមនៅលើទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិចផ្សេងទៀតក៏ប៉ះពាល់ដូចគ្នាដែរ៕