ក្រោយពេលឆ្លងកាត់ការពពោះអស់ជាយូរខែថ្ងៃ អ្នកម្តាយមួយចំនួនធំតែងជួបបញ្ហាស្បែក ដោយសារតែការប្រែប្រួលនៃកម្រិតអ័រម៉ូនក្នុងរាងកាយ។ ម្យ៉ាងវិញទៀតអ្នកម្តាយក៏មិនហ៊ានប្រើប្រាស់ផលិតផលអ្វីផ្តេសផ្តាស់ដែរ ព្រោះខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ ដូច្នេះមានតែបណ្តោយតាមធម្មជាតិប៉ុណ្ណោះ។
ទោះជាយ៉ាងណាក្រោយពេលសម្រាលកូនហើយ សម្រស់របស់ស្ត្រីនឹងប្រែជាល្អប្រសើរឡើងវិញ ប៉ុន្តែដើម្បីជំនួយឲ្យស្បែកកាន់តែស្រស់ស្អាត អ្នកម្តាយគួរតែទទួលទានផ្លែឈើ ៧មុខនេះ។
១.ផ្លែត្របែក
ត្របែកមានតម្លៃអាហារូបត្ថម្ភខ្ពស់ មានជាតិខ្លាញ់ កូលេស្តេរ៉ុល និងសូដ្យូមទាប។ គ្រាន់តែញ៉ាំឲ្យបានទៀងទាត់ វានឹងជួយពង្រឹងប្រព័ន្ធភាពស៊ាំ ជួយលើកម្ពស់សម្រស់ សម្រកទម្ងន់ និងការពាររាងកាយពីជំងឺមួយចំនួនផងដែរ។
២.ផ្លែប៉ោម
មិនចំពោះតែផ្លែប៉ោមពណ៌បៃតង ឬពណ៌ក្រហមនោះទេ សុទ្ធតែមានបរិមាណជាតិសរសៃច្រើន។ ដូច្នេះគ្រាន់តែទទួលទានផ្លែប៉ោម ១ទៅ២ផ្លែ ក្នុងមួយថ្ងៃ នឹងជួយជំរុញដល់ការរំលាយអាហារ បន្សាបជាតិពុល ប្រឆាំងអុកស៊ីតកម្ម និងរួមចំណែកដល់ការសម្រកទម្ងន់យ៉ាងឆាប់រហ័ស។
៣.ក្រូចថ្លុង
ក្រូចថ្លុង មានផ្ទុកវីតាមីន C ជាតិសរសៃ ទឹក កាបូនអ៊ីដ្រាត… នៅពេលដែលសារធាតុទាំងនេះចូលក្នុងរាងកាយ វានឹងកាត់បន្ថយអាំងស៊ុយលីន ដុតបំផ្លាញ់ខ្លាញ់ក្បាលពោះ ការពារភាពចាស់ និងធ្វើឲ្យស្បែកភ្លឺថ្លាពីក្នុងមក។
៤.ឪឡឹក
ជាមួយនឹងរសជាផ្អែមត្រជាក់ មាតិកាជាតិទឹករហូតដល់ទៅ ៩៤ភាគរយ និងកាឡូរីទាប។ ហេតុនេះ អ្នកម្តាយគួរតែទទួលទានផ្លែឪឡឹក ២០០ក្រាមក្នុងមួយថ្ងៃ វានឹងជួយបង្កើតអារម្មណ៍ឆ្អែតបានយូរ ផ្តល់សំណើមដល់ស្បែក រឹតបន្តឹងស្បែក ធ្វើឲ្យស្បែករលាង និងមានពណ៌ស៊ីជម្ពូរ។
៥.ទឹកដូង
ទឹកដូង ជាភេសជ្ជៈប៉ូវកម្លាំងធម្មជាតិ ប្រសិនបើអ្នកផឹករាល់ថ្ងៃ វានឹងជួយឲ្យអ្នកមានសុខភាពល្អ និងស្បែកសស្អាតថែមទៀត។
៦.ម្នាស់
ម្នាស់ ជាផ្លែឈើដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងសារធាតុរ៉ែចាំបាច់។ គ្រាន់តែទទួលទានទៀងទាត់ ស្បែកមិនត្រឹមតែភ្លឺរលាងប៉ុណ្ណោះទេ សូម្បីតែដើមទ្រូងក៏មូលក្លំគួរឲ្យទាក់ទាញផងដែរ។
៧.ផ្លែល្ហុង
ផ្លែល្ហុង គឺជាផ្លែឈើសម្បូរទៅដោយសារធាតុចិញ្ចឹមខ្ពស់ ដែលមានប្រយោជន៍ដល់រាងកាយ។ ការទទួលទានល្ហុងទុំជាប្រចាំ វាអាចជួយឲ្យស្បែកមានភាពស្រស់ថ្លាតាមបែបធ្មជាតិ៕