ដោយសារតែប្រព័ន្ធភាពស៊ាំរបស់កុមារតូច ជាពិសេសទារកតូចៗរហូតដល់អាយុ ៥ឆ្នាំ មិនមានភាពរឹងមាំដូចមនុស្សធំ ធ្វើឲ្យពួកគេងាយនឹងទទួលការវាយប្រហារពីពពួកមេរោគ និងបាក់តេរីខ្លាំងណាស់។ ដូច្នេះកុមារត្រូវតែប្រយ័ត្នចំពោះជំងឺឆ្លងតាមរយៈការស្និតស្នាលគ្នា ឬការថើបពីសាច់ញាត្តិ។ ខាងក្រោមនេះ គឺជាជំងឺ៤ប្រភេទដែលអាណាព្យាបាលគួរតែប្រុងប្រយ័ត្ន ព្រោះវាអាចឆ្លងទៅកាន់ទារកតាមរយៈការថើបបាន៖
១.ជំងឺផ្លូវដង្ហើម
ជាទូទៅជំងឺមួយប្រភេទនេះ អាចបណ្តោលឲ្យមានការឆ្លងមេរោគទៅលើសួត និងប្រព័ន្ធផ្លូវដង្ហើម ដែលអាចឆ្លងទៅកុមារតូចជាពិសេសនៅរដូវរស្សា តាមរយៈការប្រែប្រួលអាកាសធាតុ ឬការបង្កើតភាពស្និតស្នាលជាមួយនរណាម្នាក់ដែលមានផ្ទុកជំងឺ។
២.ជំងឺរលាកស្បែក
ជំងឺនេះជារឿយៗកើតឡើងចំពោះទារកទើបនឹងកើតរហូតដល់អាយុ ៥ឆ្នាំ វាបង្កើតឡើងដោយសារបាក់តេរីដ៏មានឥទ្ធិពល ដែលអាចបណ្តោលឲ្យរលាកស្បែក មានការឈឺចាប់ និងក្តៅក្រហាយនៅតាមដងខ្លួនផងដែរ។ ជាពិសេសប្រសិនបើនរណាម្នាក់ថើបថ្ពាល់កូនរបស់អ្នក គឺមានហានិភ័យឆ្លងមេរោគខ្ពស់ណាស់។
៣.ជំងឺកញ្ជ្រិល
ជំងឺនេះបង្ហាញរោគសញ្ញា ចេញស្នាមអុជៗកន្ទួលពេញខ្លួន ក្តៅខ្លួន ក្អក ឬមានស្លេស។ ជារឿយៗវាបណ្តោលមកពីភាពស្និតស្នាលជាមួយមនុស្សពេញវ័យដែលកើតជំងឺនេះ ទោះបីជាអ្នកទាំងនោះមិនបង្ហាញរោគសញ្ញា ប៉ុន្តែរយៈពេលភ្ញាស់មេរោគវាក៏បង្កើនហានិភ័យដល់កុមារដែរ។
៤.ជំងឺអុតស្វាយ
អ្នកត្រូវដឹងថា ទោះបីជាជំងឺនេះត្រូវកើតចំពោះរាល់គ្នាជៀសមិនផុត ក៏ប៉ុន្តែវាមិនគួរកើតឡើងចំពោះកុមារតូចៗនោះទេ ដោយសារតែពួកគេមិនអាចទ្រាំទ្រនឹងការធ្វើទុក្ខទោសពីជំងឺនេះ។ អុតស្វាយ អាចឆ្លងតាមការរយៈការក្អក កណ្តាស់ ការប៉ះពាល់លើដំបៅអ្នកជំងឺ រួមទាំងការថើបថ្ពាល់ប្រសិនបើកូនអ្នកនៅតូចពេក។
យើងជឿថា គ្មាននរណាម្នាក់ចង់ឃើញកូនឆ្លងជំងឺទាំងនេះទេ ដូច្នេះអាណាព្យាបាលគួរជៀសវាងនាំកូនទៅកន្លែងដែលមានមនុស្សច្រើន ឬអនុញ្ញាតឲ្យនរណាម្នាក់ថើបកូនតូចរបស់អ្នកឡើយ៕