ភាគច្រើនទារកមានអាយុ១ខែ មានទម្ងន់ប្រហែលជា ៣ទៅ៥គីឡូក្រាម និងកម្ពស់ ៥០ទៅ ៥៧សង់ទីម៉ែត្រ។ ចំពោះទារិកា ភាគច្រើនមានទម្ងន់ប្រហែល ៣ទៅ ៤,៥គីឡូក្រាម និងកម្ពស់ចាប់ពី ៤៩ទៅ៥៧សង់ទីម៉ែត្រ។ ខណៈពេលដែលទម្ងន់កំណើតគឺ ២,៨ ទៅ៣,៩គីឡូក្រាមប៉ុណ្ណោះ តែប្រសិនបើស្រាលពេក ឬធ្ងន់ពេកអ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិគ្រោះយោបល់។
ទោះជាយ៉ាងណាឪពុកម្តាយភាគច្រើនប្រហែលជាឆ្ងល់ហើយថា នៅពេលទារកមានអាយុ១ខែ ក្រៅពីការបៅទឹកដោះម្តាយ និងគេងឲ្យបានគ្រប់គ្រាន់ តើមានអ្វីទៀតដែលអាចជួយជំរុញដល់ការអភិវឌ្ឍ? តាមពិតមានច្រើនចំណុចណាស់ ដែលឪពុកម្តាយថ្មោងថ្មីមិនទាន់ដឹង។
១.ការអភិវឌ្ឍចលនារាងកាយ
ជាធម្មតា ទារកនៅអាយុនេះមានចលនាតិចៗដូចជាកម្រើកដៃជើង និងជញ្ជក់មាត់តែប៉ុណ្ណោះ។ ប្រសិនបើអ្នកចង់ឲ្យកូនក្នុងដំណាក់កាលនេះអភិវឌ្ឍលឿន គួរតែឧស្សាហ៍ឱប ថើប ស្ទាបអង្អែលថ្មមៗ។ ការប៉ះពាល់ទាំងនេះនឹងនាំនូវក្តីស្រឡាញ់ និងទំនុកចិត្តដល់កូន ហើយលើសពីនេះទៅទៀតស្នាមញឹម និងការពោលពាក្យផ្អែមល្ហែមរបស់អ្នកនឹងធ្វើឲ្យកូនព្យាយាមឆ្លើយតបដោយកម្រើកដៃជើងច្រើនជាងមុន។
២.ការអភិវឌ្ឍការមើល
ជាការពិតណាស់ទារកនៅដំណាក់កាលនេះអាចមើលឃើញតែវត្ថុចម្ងាយពី ៨ទៅ១០អ៊ីញប៉ុណ្ណោះ។ ដូច្នេះប្រសិនបើអ្នកចង់ជំរុញដល់ការអភិវឌ្ឍការមើលរបស់កូន គួរតែចាប់ផ្តើមព្យួររបស់ក្មេងលេងដែលមានពណ៌ភ្លឺ និងមានចលនា នៅពីលើអង្រឹងដែលពួកគេគេងរាល់ថ្ងៃ។ នេះគឺជាគំនិតល្អមួយដែលអាចជួយជំរុញដល់ការអភិវឌ្ឍការមើលរបស់ទារកឲ្យកាន់តែប្រសើរ។
៣.ការអភិវឌ្ឍ IQ
ការអភិវឌ្ឍ IQ របស់ទារកនៅក្នុងដំណាក់កាលនេះពិបាកនឹងសនិដ្ឋានបំផុត ក៏ប៉ុន្តែខួរក្បាល និងប្រព័ន្ធប្រសាទរបស់ទារកមានទំនាក់ទំនងជាមួយគ្នា។ ដូច្នេះអ្នកអាចបង្កើនការអភិវឌ្ឍ IQ ទារកតាមរយៈការចាក់ទបភ្លេចអំឡុងពេលគេង។
៤.ការអភិវឌ្ឍទំនាក់ទំនង
ទារកក្នុងវ័យនេះ ប្រសិនបើពួកគេចង់ទំនាក់ទំនងជាមួយឪពុកម្តាយ ពួកគេនឹងបង្ហាញភាសាកាយវិការដោយការយំ ស្រែក ឬធ្វើទឹកមុខ ដោយអាស្រ័យទៅតាមអ្វីដែលពួកគេចង់បាន។ ដូច្នេះអ្នកគួរតែចង់ស្វែងយល់ពីកាយវិការរបស់ទារក ដើម្បីបំពេញតម្រុវការដែលពួកគេចង់បាន និងព្យាយានិយាយឲ្យបានច្រើន ដើម្បីជំរុញដល់ការអភិវឌ្ឍការទំនាក់ទំនងឲ្យកាន់តែល្អ៕