តើអ្នកណាមិនចង់ឲ្យកូនធំឡើងមានរាងស្អាតនោះ? ប៉ុន្តែដោយសារសេចក្តីស្រឡាញ់របស់ឪពុកម្តាយបានធ្វើឲ្យពួកគេមានកំហុសក្នុងការចិញ្ចឹមបីបាច់កូនជារឿយៗ។ ជាពិសេសការចង់ឲ្យកូននៅសុខស្រួលពេក និងការជំរុញឲ្យកូនញ៉ាំអាហារឆ្អែតៗជ្រុលគ្រប់ពេល វានឹងធ្វើឲ្យរាងកាយក្មេងធាត់ ខូចរាងតាំងពីតូចមកម្ល៉េះ។
ខាងក្រោមនេះ គឺជាកំហុស៥ចំណុចរបស់ឪពុកម្តាយ ដែលធ្វើឲ្យកូនធាត់ដោយមិនដឹងខ្លួន៖
១.បណ្តោលឲ្យកូនមើលទូរទស្សន៍ច្រើនពេក
ការមើលទូរទស្សន៍គឺជាសកម្មភាដែលគ្មានគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែវាបានបំផ្លាញ់សុខភាពកូនរបស់អ្នកបន្តិចម្តងៗតាមរយៈការឡើងទម្ងន់ជ្រុល។ ហេតុនេះអ្នកគួរតេកំណត់ពេលវេលាឲ្យកូនមើលទូរទស្សន៍ និងព្យាយាមឲ្យកូនធ្វើសកម្មភាពផ្សេងៗ ដើម្បីកុំឲ្យរាងកាយសុខស្រួលពេក។
២.ផ្តល់អាហារដើម្បីបញ្ឈប់កូនកុំឲ្យយំ
ពេលខ្លះ កូនយំមិនមែនមានន័យថា កូនសុទ្ធតែឃ្លានអាហារនោះទេ ជួនកាលពួកគេអាចមានរឿងផ្សេងឲ្យអ្នកជួយ។ តែប្រសិនបើអ្នកមានទម្លាប់យកអាហារមកបំបិទមាត់កូនកុំឲ្យយំ យូរទៅៗពួកគេនឹងក្លាយជាក្មេងធាត់ដោយមិនដឹងខ្លួន។
៣.ជុំរុញឲ្យកូនញ៉ាំទោះឆ្អែតក៏ដោយ
អ្នកម្តាយខ្លះតែងតែស្តាយ នៅពេលដែលកូនបៅទឹកដោះមិនអស់ពីដប។ តាមពិតអ្នកមិនគួរស្តាយនោះទេ ព្រោះការបង្ខំឲ្យកូនបៅច្រើនវានឹងក្លាយជាទម្លាប់ ហើយកូនរបស់អ្នកនឹងក្លាយទៅជាក្មេងធាត់។
៤.ឲ្យកូនញ៉ាំអាហាររឹងមុនអាយុ៤ខែ
ការផ្តល់អាហារឲ្យកូនមុនពេលកំណត់ អាចបង្ហាញថា ទារកកំពុងតែមានការលូតលាស់លឿនជាងក្មេងដទៃ។ ប៉ុន្តែក្រពះរបស់ទារកត្រូវការពេលវេលាដើម្បីអភិវឌ្ឍ ហើយប្រព័ន្ធរំលាយអាហាររបស់ពួកគេមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការកិនអាហាររឹងឡើយ។ ដូច្នេះការឆាប់ផ្តល់អាហាររឹងមុនអាយុមិនល្អសម្រាប់កូនឡើយ ហើយវាក៏អាចធ្វើឲ្យកូនក្លាយជាក្មេងធាត់ផងដែរ។
៥.មិនលើកទឹកចិត្តឲ្យកូនធ្វើលំហាត់ប្រាណ
ការជំរុញឲ្យកូនបញ្ចេញសកម្មភាពផ្សេងៗនៅជុំវិញផ្ទះ ក៏ជាការហាត់ប្រាណមួយដែរ។ ក៏ប៉ុន្តែប្រសិនបើអ្នកខ្លាចកូននឿយហត់ ឬចង់ឲ្យកូនស្រណុកសុខស្រួល នោះរាងកាយរបស់ពួកគេនឹងចាប់ផ្តើមវិវត្តទៅជាធាត់បន្តិចម្តងៗ៕