នៅពេលអាកាសធាតុប្រែប្រួលញឹកញាប់ ម្តងក្តៅម្តងត្រជាក់ ធ្វើឲ្យមនុស្សជាច្រើនងាយនឹងទទួលរងពីជំងឺផ្តាសាយ ជាពិសេសកុមារតូចៗដោយសារតែប្រព័ន្ធភាពស៊ាំរបស់ពួកគេនៅមានភាពទន់ខ្សោយ។
ជំងឺផ្តាសាយអាចធ្វើឲ្យកុមារក្តៅខ្លួន ហៀរសំបោរ ក្អក កណ្តាស់ ឈឺបំពង់ក ឈឺក្បាល ឈឺសាច់ដុំ។ល។ ដែលជាក្តីបារម្ភជាខ្លាំងរបស់ឳពុកម្តាយទាំងឡាយ ដូច្នេះតើត្រូវដោះស្រាយបែបណា នៅពេលកុមារឆ្លងជំងឺផ្តាសាយ? ខាងក្រោមនេះគឺជាវិធីសាស្ត្រថែទាំងកុមារ ឲ្យឆាប់ជាពីជំងឺផ្តាសាយ៖
១.សង្កេតមើលកម្តៅរបស់កុមារ
នៅដំណាក់កាលដំបូងនៃជំងឺគ្រុនផ្តាសាយ អ្នកត្រូវឧស្សាស្ទង់កម្តៅរបស់កុមារឲ្យបានញឹកញាប់ បើកម្តៅឡើងខ្លាំងប្រហែលជា ៣៨អង្សាសេ ហើយមិនថយចុះក្នុងរយៈពេល ៤ទៅ៦ម៉ោង ត្រូវជូតខ្លួនជាមួយនឹងទឹកក្តៅឧណ្ឌៗ ហើយត្រៀមថ្នាំដើម្បីកាត់បន្ថយកម្តៅផងដែរ។ ក្នុងករណីដែលកម្តៅមិនថយចុះក្នុងរយៈពេល ២៤ម៉ោង ត្រូវនាំទៅពេទ្យភ្លាម។
២.សម្អាតស្លេស
នៅពេលកុមារចាប់ផ្តើមកើតជំងឺផ្តាសាយ ជារឿយៗច្រមុះពួកគេតែងតែហៀរសំបោរ និងមានស្លេស។ អ្នកអាចប្រើមាត់បឺតយកស្លេសចេញ ឬប្រើសឺរ៉ាំងដើម្បីលាងសម្អាតច្រមុះក៏បានដែរ។
៣.ឲ្យកូននលេងថ្នាំបន្ថយកម្តៅ
ប្រសិនបើអ្នកជូតខ្លួនជាមួយទឹកក្តៅឧណ្ឌៗហើយ ប៉ុន្តែកម្តៅមិនថយសោះ អ្នកអាចបញ្ចុកថ្នាំដែលមានវេជ្ជបញ្ជារត្រឹមត្រូវ រៀងរាល់ ៤ទៅ៦ម៉ោងម្តង។
៤.ឲ្យកូនបរិភោគអាហារដែលងាយរំលាយ
ពេលវេលាដែលកុមារមានជំងឺផ្តាសាយ ពួកគេច្បាស់ជាមិនចង់ញ៉ាំច្រើនទេ។ ហេតុនេះឳពុកម្តាយគួរតែផ្តល់អាហារដែលងាយរំលាយដូចជា ចេក ល្ពៅ ដំឡូង ឬបបរឲ្យពួកគេញ៉ាំ។
៥.ឱ្យកូនញ៉ាំស៊ុបមាន់
នៅពេលកុមារមានជំងឺផ្តាសាយ សូមឲ្យពួកគេញ៉ាំស៊ុបមាន់ក្តៅៗ ដើម្បីជួយកាត់បន្ថយការឈឺបំពង់ក កាត់បន្ថយអាការៈក្តៅខ្លួន និងកាត់បន្ថយការរលាក តឹងច្រមុះ និងស្លេស។
៦.ឲ្យកូនផឹកទឹកឲ្យច្រើន
ខណៈមានជំងឺផ្តាសាយ អ្នកត្រូវផ្តល់ទឹកឲ្យកូនឲ្យបានច្រើន ដើម្បីឲ្យរាងកាយមានភាពត្រជាក់ និងការពារការបាត់បង់ជាតិទឹក។ មិនត្រឹមតែទឹកនោះទេដែលអ្នកគួរតែផ្តល់ឲ្យកុមារ សូម្បីតែទឹកផ្លែឈើក៏អាចបានដែរ ប៉ុន្តែគួរជៀសវាភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ឬតែ។
៧.ឲ្យកូនសម្រាកឲ្យបានច្រើន
នៅពេលកើតជំងឺផ្តាសាយរាងកាយកុមារនឹងមានភាពអស់កម្លាំង ហេតុនេះការសម្រាកឲ្យបានច្រើន គឺជាចាំបាច់ណាស់ក្នុងការស្តាររាងកាយឲ្យឆាប់ជាសះស្បើយឡើងវិញ៕