ទោះឃ្លានយ៉ាងណាក៏ដោយ សូមផ្អាកញ៉ាំអាហារទាំងនេះសិនទៅពេលបំបៅដោះកូន

0
1

ការជ្រើសរើសរបបអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកម្តាយដែលកំពុងតែបំបៅដោះកូន។ ព្រោះវាអាចជួយឲ្យទឹកដោះមានគុណភាពល្អ និងផលិតបានកាន់តែច្រើន សម្រាប់បំពេញតម្រូវការទារក។

តែទោះជាយ៉ាងណា ប្រសិនបើអ្នកម្តាយទទួលទានរបបអាហារមិនបានត្រឹមត្រូវវិញនោះ កូនក្នុងផ្ទៃច្បាស់ជាជួបបញ្ហាសុខភាពជាពុំខាន។ ជាពិសេសអាហារមួយចំនួនដូចខាងក្រោមនេះ អ្នកម្តាយគួរតែជៀសវាង៖

អាហារសមុទ្រមួយចំនួន

បច្ចុប្បន្ននេះ កម្រិតជាតិបារត កើនឡើងកាន់តែខ្ពស់នៅក្នុងទឹកសមុទ្រ ដែលត្រូវបានបម្លែងចូលទៅក្នុងអាហារសមុទ្រមួយចំនួន។ វត្តមានជាតិបារតខ្ពស់ មាននៅក្នុងត្រីឆ្លាម និងត្រីស្ពៃកា ដូច្នេះគ្រូពេទ្យបានណែនាំឲ្យអ្នកម្តាយជៀសវាងអាហារទាំងនេះ។

អាហារកែច្នៃ

អាហារកែច្នៃពិតជាមានភាពងាយស្រួលក្នុងការចម្អិន ឬអាចញ៉ាំបានភ្លាមៗតែម្តង។ តែទោះជាយ៉ាងណា អាហារប្រភេទនេះ មានផ្ទុកសារធាតុគីមីរក្សាទុកឲ្យបានយូរ និងសារធាតុបន្ថែមរសជាតិ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពទារកបាន។

អាហារហឹរ

ការទទួលទានអាហារហឹរច្រើនពេក អាចធ្វើឲ្យទឹកដោះមានការផ្លាស់ប្តូររសជាតិ ទារកមានអាការៈហើមពោះ និងអាចប្រឈមជាមួយបញ្ហារលាកក្រពះ ពោះវៀនថែមទៀត។

ស្ករសិប្បនិម្មិត

ការទទួលទានស្ករសិប្បនិម្មិត ច្រើនពេក អាចបណ្តោលឲ្យទារកធាត់ និងមានបញ្ហាសុខភាពផ្សេងៗបាន។ ប៉ុន្តែការទទួលទានម្តងម្កាល ត្រូវបានគេចាត់ទុកថា មានសុវត្ថិភាព និងល្អប្រសើរទៅវិញ។

ជាតិកាហ្វេអ៊ីន

បញ្ឈប់ការទទួលទានភេសជ្ជៈ ដែលមានជាតិកាហ្វេអ៊ីនភ្លាមទៅ ព្រោះវាអាចធ្វើឲ្យទារកគេមិនលក់ ឬគេងឧស្សាហ៍ភ្ញាក់។ ប្រសិនបើអ្នកម្តាយចង់ទទួលទានតែ ឬកាហ្វេ គួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។

គ្រឿងស្រវឹង

ការទទួលទានគ្រឿងស្រវឹងអំឡុងពេលមានផ្ទៃពោះ និងបន្ទាប់ពីសម្រាលហើយ ពិតជាមានផលប៉ះពាល់ខ្លាំងបំផុត។ សូម្បីតែការទទួលទានក្នុងកម្រិតតិចតួច ក៏អាចរារាំងដល់ការវិវត្តរបស់ទារកដែរ។ ប្រសិនបើអ្នកម្តាយញ៉ាំគ្រឿងស្រវឹងមួយកែវ ត្រូវផ្អាកបំបៅដោះកូនរហូតដល់ជាតិអាល់កុលនៅក្នុងរាងកាយត្រូវបានបន្សាបអស់ទាំងស្រុង។

អាហារមានផ្ទុកជាតិអាស៊ីត

ផ្លែឈើមួយចំនួនដូចជាក្រូចឆ្មារ ក្រូចពណ៌លឿង និងប៉េងប៉ោះ ជាដើម មានផ្ទុកជាតិអាស៊ីតដែលអាចធ្វើឲ្យទារក មានបញ្ហាក្រពះ ពោះវៀន ហើយស្បែកអាចមានអាការៈរមាស់ ឬកន្ទួលផងដែរ។ ប្រសិនបើអ្នកម្តាយចង់បង្កើនវីតាមីន C នៅក្នុងទឹកដោះ គួរតែញ៉ាំផ្លែស្វាយទុំជំនួយវិញ។

បន្ទាប់ពីសម្រាលហើយ ទារកត្រូវការសារធាតុចិញ្ចឹមច្រើនបំផុតពីទឹកដោះម្តាយ។ ដូច្នេះអ្នកម្តាយទាំងឡាយ គួរតែជ្រើសរើសរបបអាហារដែលមានផាសុខភាពបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here