ការួមដំណេក គឺជាចំណែកមួយនៃជីវិតរបស់ស្វាមីភរិយា ព្រោះវាអាចពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំ និងស្គាល់ចិត្តគ្នាកាន់តែច្បាស់។ ក៏ប៉ុន្តែក្រោយពេលសម្រាលកូនហើយ អ្នកជំនាញបានណែនាំឲ្យរចាំរយៈពេល ៣ខែ ដើម្បីឲ្យរាងកាយ ក៏ដូចជាតំបន់ឯកជនរបស់ស្ត្រីជាសះស្បើយឡើងវិញ ទើបអាចរួមដំណេកបាន។ មិនថាអ្នកសម្រាលដោយធម្មជាតិ ឬក៏វះកាន់នោះទេ គឺត្រូវរងចាំពេលវេលាដូចគ្នា ក៏ប៉ុន្តែវាអាស្រ័យទៅលើសុខភាពផងដែរ មានអ្នកម្តាយខ្លះត្រូវរងចាំរហូតដល់៦ខែក៏មាន។
តែទោះជាយ៉ាងណា ក្រោយពេលសម្រាលកូនហើយ អាចមានការប្រែប្រួលមួយចំនួនដែលធ្វើឲ្យអ្នកម្តាយពុំសូវមានអារម្មណ៍ចង់រួមដំណេកជាមួយស្វាមីប៉ុន្មានឡើយ។
ចំណង់ផ្លូវភេទថយចុះ
ក្រោយពេលសម្រាលកូនហើយ អ្នកម្តាយត្រូវមានបន្ទុកបន្ថែមទៀត ក្នុងការមើលថែទារក ដែលធ្វើឲ្យពួកគេគ្មានពេលនឹកដល់ការរួមដំណេកឡើយ។ ប៉ុន្តែពួកគេមិនគួរ មិនអើពើឡើយ ព្រោះការរួមដំណេកគឺជាផ្នែកមួយសំខាន់នៃជីវិតគ្រួសារ។
ខ្វះទំនុកចិត្ត
ស្ត្រីមួយចំនួនមានការព្រួយបារម្ភអំពីការផ្លាស់ប្តូររូបរាងរបស់ពួកគេ ខ្លាចមិនមានភាពទាក់ទាញចំពោះស្វាមី ហើយការថប់បារម្ភ គឺជាហេតុផលមួយទៀតដែលអាចបណ្តោលឲ្យចំណង់ផ្លូវភេទថយចុះ។
ការឈឺចាប់
ក្រោយពេលសម្រាលកូន អ័រម៉ូននៅក្នុងរាងកាយមិនទាន់ត្រៀមខ្លួនក្នុងការឆ្លើយតបនោះទេ ដូច្នេះជីវិតផ្លូវភេទអាចត្រូវបានកាត់បន្ថយ។ ជាពិសេសការបំបៅដោះកូនរយៈពេលវែង ព្រោះអ័រម៉ូនភេទមិនទាន់បញ្ចេញអាចធ្វើឲ្យតំបន់ឯកជនស្ងួត និងមានការឈឺចាប់ប្រសិនបើមានការរួមដំណេក។
ការរំខាន
ជាការពិតណាស់ នៅពេលមានកូន ការរំខានអាចកើតមានគ្រប់ពេល ជាពិសេសខ្លាចកូនមើលឃើញពីសកម្មភាពរបស់ពួកគេតែម្តង។ នេះហើយជាមូលហេតុមួយដែលធ្វើឲ្យអ្នកម្តាយមិនចង់រួមដំណេក បើមិនមានកន្លែងស្ងាត់ ឬកូនគេងលក់ស្កប់ស្កល់ទេនោះ។
បញ្ហាតំបន់ឯកជន
ក្រោយពេលសម្រាលកូន តំបន់ឯកជនដែលធ្លាប់តែតឹងណែនប្រហែលជាមិនដូចមុនទៀតទេ។ ប៉ុន្តែការរួមដំណេកនៅតែអាចធ្វើទៅបាន ប្រសិនបើអ្នកមិនផ្តោតសំខាន់ទៅលើរឿងទាំងនោះ៕