គួរចំណាយពេលបន្តិចដើម្បីដឹងថា អាហារ ឬភេសជ្ជៈប្រភេទណាគួរហាមឃាត់ អំឡុងពេលមានផ្ទៃពោះ

0
1
close-up of young woman eating sushi front view

នៅពេលមានផ្ទៃពោះ ស្ត្រីត្រូវការញ៉ាំអាហារកើនឡើងទ្វេដង ដើម្បីបំពេញតម្រូវការលូតលាស់របស់ទារកនៅក្នុងផ្ទៃ។ តែទន្ទឹមនឹងនេះផងដែរ ស្ត្រីមានផ្ទៃពោះគួរតែមានការប្រុងប្រយ័ត្នចំពោះអាហារមួយចំនួន ព្រោះវាអាចប៉ះពាល់ដល់សុខភាព និងគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃផងដែរ។

ខាងក្រោមនេះ គឺជាប្រភេទអាហារដែលអ្នកម្តាយគួរដឹងថា អាចបរិភោគបាន ឬក៏មិនបាន៖

អាហារ ស៊ូស៊ី

  • ស្ត្រីមានផ្ទៃពោះអាចញ៉ាំបាន តែត្រូវជ្រើសរើសត្រីដែលមានជាតិបារតទាប ហើយញ៉ាំឆ្អិនមានសុវត្ថិភាពជាង។
  • ជ្រើសរើសត្រីសាលម៉ុន ដែលមានប្រភពដែលអាចទុកចិត្តបាន និងនៅស្រស់ៗ។
  • តាមការណែនាំរបស់អ្នកជំនាញអាមេរិក ស្ត្រីមានផ្ទៃពោះគួរតែញ៉ាំអាហារសមុទ្រ ៨ទៅ១២អោន ក្នុងមួយសប្តាហ៍។

ពពួកសន្តានខ្មៅខ្ចង

  • ការទទួលទានប្រភេទសត្វ ខ្ចៅ ខ្ចង គ្រុំ ងារ ឬអយស្ទ័រ មានហានិភ័យនៃការឆ្លងមេរោគបាក់តេរី Vibrio ។ វាអាចបណ្តោលឲ្យពុលធ្ងន់ធ្ងរ ជាពិសេសស្ត្រីមានផ្ទៃពោះដែលមានប្រព័ន្ធការពាររាងកាយមិនរឹងមាំ។
  • ប៉ុន្តែប្រសិនបើស្ត្រីមានផ្ទៃពោះចង់ញ៉ាំ ត្រូវតែចម្អិនឲ្យបានឆ្អិនល្អ។

កាហ្វេ

  • ការផឹកកាហ្វេ មួយកែវក្នុងមួយថ្ងៃ មិនបង្កគ្រោះថ្នាក់អ្វីឡើយ ព្រោះជាធម្មតាកាហ្វេមួយកែវមានផ្ទុកជាតិកាហ្វេអ៊ីន ៦០ទៅ១៥០មីលីក្រាម។
  • ប្រសិនបើអ្នកម្តាយទទួលទានលើពី ២០០មីលីក្រាមក្នុងមួយថ្ងៃ វានឹងអាចធ្វើឲ្យរលូតកូន ឬកើតមិនគ្រប់ខែ។
  • ចំពោះស្ត្រីមានផ្ទៃពោះដែលមានសម្ពាធឈាមឡើងខ្ពស់ ត្រូវមានការប្រុងប្រយ័ត្ន ព្រោះជាតិកាហ្វេអ៊ីនមានឥទ្ធិពលបង្កើនចង្វាក់បេះដូង និងសម្ពាធឈាម។

តែ

  • ស្ត្រីមានផ្ទៃពោះអាចផឹក ១កែវក្នុងមួយថ្ងៃ ព្រោះវាមានជាតិកាហ្វេអ៊ីនប្រហែល ៤០ទៅ៦០មីលីក្រាមប៉ុណ្ណោះ។
  • តែរុក្ខជាតិ ទោះបីជាមិនមានជាតិកាហ្វេអ៊ីនក៏ដោយ ក៏ត្រូវតែប្រុងប្រយ័ត្នបន្ថែម។ ដោយសារតែឱសថជាច្រើនមិនត្រូវបានគេសិក្សា ពីសុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះឡើយ លើកលែងតែ តែជីអង្កាម និងតែខ្ញី ត្រូវបានគេចាត់ទុកថាមានសុវត្ថិភាព និងជួយបំបាត់ការចាញ់កូនបាន។

ស្រា

  • ការទទួលទានភេសជ្ជៈដែលមានផ្ទុកជាតិអាល់កុលច្រើនក្នុងអំឡុងពេលមានផ្ទៃពោះ គឺមានគ្រោះថ្នាក់ដល់ទារក ជាពិសេសនៅត្រីមាសដំបូង។
  • ស្ត្រីមានផ្ទៃពោះនៅត្រីមាសទី២ និងទី៣ អាចទទួលបានមួយកែវតូចប៉ុណ្ណោះបើចាំបាច់។ ប៉ុន្តែមិនមានការសិក្សាអំពីការទទួលទានជាតិអាល់កុលមានសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះនោះទេ។ ដូច្នេះវាត្រូវបានណែនាំឲ្យជៀសវាងការទទួទានផឹកស្រាជាប្រចាំ។

បុកល្ហុង

  • ប្រសិនបើអ្នកឃ្លាន អាចញ៉ាំតិចៗបាន ប៉ុន្តែត្រូវរកទិញកន្លែងធ្វើដែលស្អាត ហើយធាតុផ្សំគ្មានប្រើសារធាតុគីមី ដើម្បីសុវត្ថិភាពដល់កូនក្នុងផ្ទៃ។

ភេសជ្ជៈ​ប៉ូវកម្លាំង

  • សូដាមួយកំប៉ុងមានជាតិកាហ្វេអ៊ីន ៣២ទៅ៤២មីលីក្រាម ប្រសិនបើអ្នកម្តាយទទួលទានសូដា តែ និងកាហ្វេ រួមគ្នា ជាតិកាហ្វេអ៊ីនអាចនឹងលើសកំណត់។
  • មាតិកាស្ករ និងកាឡូរីអាចបណ្តលឲ្យអ្នកម្តាយលើសទម្ងន់ ប៉ះពាល់ដល់សុខភាព ទាំងម្តាយ និងកូន។
  • ការសិក្សាដែលបានចុះផ្សាយនៅក្នុងទស្សាវដ្តី American Journal of Clinical Nutrition បានរកឃើញថា ភេសជ្ជៈដែលមានជាតិស្ករច្រើន អាចបង្កើនហានិភ័យកូនកើតមិនគ្រប់ខែ ដូច្នេះអ្នកមានផ្ទៃពោះគួរតែជៀសវាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here