កុមារដែលមានអាយុចាប់ពី១ ដល់៦ឆ្នាំ ប្រព័ន្ធភាពស៊ាំរបស់ពួកគេនៅមានភាពទន់ខ្សោយខ្លាំងណាស់ ហេតុនេះពួកគេងាយនឹងកើតមានបញ្ហាហៀរសំបោរ គ្រុនក្តៅ ឬក្អក ជាដើម។
បើយោងតាមអ្នកជំនាញបានបង្ហាញថា ៩០ភាគរយនៃការក្អកចំពោះកុមារតូចៗ កើតឡើងដោយសារតែជំងឺផ្លូវដង្ហើម។ ការក្អក អាចធ្វើឲ្យកុមារអស់កម្លាំង ឈឺទ្រូង មិនចង់បរិភោគអាហារ ឬមានអាការក្អួតចង្អោរថែមទៀត។ ប្រសិនបើមិនប្រញាប់ព្យាបាលភ្លាមៗទេ វានឹងគំរាមកំហែងដល់សុខភាពកុមារខ្លាំងបំផុត ព្រោះការក្អកញឹកញាប់ពេក កុមារនឹងដេកមិនលក់ រហូតដល់ស្រែកយំក៏មានដែរ។
ខាងក្រោមនេះជាមូលហេតុ៣យ៉ាង ដែលនាំឲ្យកុមារងាយនឹងកើតមានជំងឺក្អក៖
១.ប្រព័ន្ធផ្លូវដង្ហើមរបស់កុមារមិនទាន់បានបង្កើតបានពេញលេញ។
២.ទារកដកដង្ហើមច្រើនដងក្នុងមួយនាទី ដែលបង្កើនឱកាសដល់ពួកមេរោគក្នុងការជ្រៀតចូល។
៣.ប្រព័ន្ធភាពស៊ាំនៅទន់ខ្សោយ មិនអាចការពាររាងកាយពីការបង្ករោគបាក់តេរីផ្សេងៗបានទាំងស្រុងនោះទេ។
ដូច្នេះប្រសិនបើអ្នកសង្កេតឃើញទារក ចាប់ផ្តើមក្អកភ្លាម កុំទុកយូរឲ្យសោះ ត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលជាបន្ទាន់៕