តើអ្នកមានអារម្មណ៍ថា ក្រោយពេលសម្រាលកូនហើយ ខ្លួនប្រាណប្រែជាធុំក្លិនខ្លាំងមែនទេ? តើមានឆ្ងល់ទេ ក្លិនខ្លួនរបស់ស្ត្រីដែលទើបនឹងសម្រាលកូនហើយបណ្តោលមកពីអ្វី? ទាំងអស់នេះ គឺជាចម្លើយដែលអ្នកចង់ដឹង។
ទីមួយ៖ ពេលអ្នកម្តាយមានផ្ទៃពោះ រាងកាយ និងអ័រម៉ូនមានការប្រែប្រួលឥតឈប់ឈរ។ ចំណុចនេះហើយដែលនាំឲ្យអ្នកម្តាយមានក្លិនប្លែកផងដែរ ប៉ុន្តែមិនមែនម្តាយទាំងអស់សុទ្ធតែមានក្លិនខ្លួនអាក្រក់នោះទេ។
ទីពីរ៖ ពេលមានផ្ទៃពោះ ប្រព័ន្ធមេតាប៉ូលិស ក្នុងរាងកាយនឹងត្រូវកើនឡើង២ទៅ៣ដង ធ្វើឲ្យខ្លួនអ្នកម្តាយធុំក្លិនខ្លាំងជាងមនុស្សធម្មតា។
ទីបី៖ ចំណុចចុងក្រោយនោះ គឺការបញ្ចេញកាកសំណល់ក្នុងរាងកាយដែលខុសប្រក្រតី ដូចជា ការបញ្ចេញទឹករំអិលមិនអស់ទាំងស្រុង អ្នកម្តាយមានការទល់លាមក ការនោមញឹក ឬការបន្ទោរបង់ ការចេញញើសច្រើន ក៏អាចរួមចំណែកដល់ការធុំក្លិនខ្លួនផងដែរ។
ចំពោះអ្នកម្តាយដែលមានបញ្ហាជាមួយក្លិនខ្លួនខ្លាំង គួរអនុវត្តគន្លឹះទាំងនេះ៖
១.អ្នកម្តាយគួរស្លៀកពាក់ទន់ៗ រលុងៗ ជាពិសេសខោទ្រនាប់មិនត្រូវតឹងពេកទេ ព្រោះវានឹងធ្វើឲ្យមានសំណើម និងមានក្លិនខ្លួនកើតឡើង។ មិនតែប៉ុណ្ណោះវាក៏អាចបង្កឲ្យកើតមានមេរោគផ្សិតក្នុងទ្វារមាសផងដែរ។
២.ជារៀងរាល់ថ្ងៃ ប្រសិនបើអ្នកមានអារម្មណ៍ក្តៅ ការងូតទឹកឲ្យញឹកញាប់ នឹងជួយកម្ចាត់ស្នាមប្រឡាក់ និងក្លិនខ្លួននៅលើរាងកាយបាន។ ប៉ុន្តែវាគួរតែជាទឹកដែលមានសីតុណ្ហភាពធម្មតា មិនក្តៅពេក ព្រោះអាចធ្វើឲ្យស្បែកស្ងួត។
៣.អ្នកម្តាយមិនចាំបាច់លាបក្រែមផ្តល់សំណើមទេ ព្រោះវានឹងធ្វើឲ្យមិនស្រួលខ្លួន។
៤.គួរជៀសវាងអាហារដែលមានក្លិនស្អុយដូចជា ខ្ទឹមបារាំង សាច់ក្រក ទុរេន ម្ទេស។ល។
៥.ក្រោយពេលបត់ជើងតូច ឬបន្ទោរបង់រួច ត្រូវលាងសម្អាតប្រដាប់ភេទឲ្យបានហ្មត់ចត់ ដោយលាងពីមុខទៅក្រោយ ហើយជូតឲ្យស្ងួត។
៦.អ្នកម្តាយត្រូវប្រយ័ត្ន កុំឲ្យមានការទល់លាមកឲ្យសោះ។ ដូច្នេះត្រូវបរិភោគផ្លែផ្លែឈើ និងអាហារដែលសម្បូរជាតិសរសៃឲ្យបានច្រើន។
៧.ប្រើទឹកអប់ដែលចម្រាញ់ចេញពីធម្មជាតិ ដើម្បីកាត់បន្ថយប្រតិកម្មអាឡែកស៊ី និងការរលាកពីសារធាតុគីមី។ ប៉ុន្តែប្រសិនបើអ្នកម្តាយមានបញ្ហាអាឡែកស៊ីជាមួយទឹកអប់ ត្រូវប្រើសាប៊ូជំនួសវិញ។
៨.ពេលមករដូវ គួរលាងសម្អាតប្រដាប់ភេទឲ្យបានស្អាត និងផ្លាស់ប្តូរសំឡីឲ្យញឹកញាប់។
៩.ការស្ទីម ការងូតទឹកផ្កាកុលាប ឬផ្កាម្លិះ ក៏អាចជួយកាត់បន្ថយក្លិនខ្លួនផងដែរ។
នៅពេលមានក្លិនខ្លួន ជួនកាលយើងក៏មិនដឹងថា មនុស្សជុំវិញខ្លួនធុំក្លិន ឬមានអារម្មណ៍អ្វីឡើយ។ ដូច្នេះចូរបន្តស្វែងយល់ និងរក្សាអនាម័យរាងកាយខ្លួនឯងឲ្យបានល្អ ដើម្បីជួយឲ្យរាងកាយមានក្លិនល្អប្រសើរឡើងវិញ៕