ពោតបារាំង មិនត្រឹមតែជាអាហារសម្បូរសារធាតុចិញ្ចឹម ដែលអាចជួយកាត់បន្ថយកូលេស្តេរ៉ុល និងបញ្ហាទល់លាមកនោះទេ ប៉ុន្តែវាក៏មានឥទ្ធិពលយ៉ាងខ្លាំងក្នុងការធ្វើឲ្យប្រសើរឡើងនូវសុខភាពផ្លូវភេទបុរស និងអ្នកជំងឺទឹកនោមផ្អែមផងដែរ។
កាន់តែពិសេសជាងនេះទៅទៀត ពោតបារាំងមានផ្ទុកជាតិអាស៊ីតហ្វូលិករហូតដល់ទៅ ៨៧,៨មីលីក្រាម ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់រាងកាយស្ត្រីពេលមានគភ៌។ អាស៊ីតហ្វូលិក អាចជួយទប់ស្តាត់ពិការភាពបំពង់សរសៃប្រសាទ និងការខូចទ្រងទ្រាយពីកំណើតរបស់ទារក។
ចំពោះស្ត្រីមានគភ៌ដែលកើតបញ្ហាប្រព័ន្ធរំលាយអាហារដូចជា ក្រពះ ឬរលាកពោះវៀន ក៏អាចព្យាបាលបានដែរ ព្រោះវាមានផ្ទុកជាតិសរសៃច្រើន។ ជាពិសេសជាតិសរសៃ និងជាតិរំអិលរបស់វា អាចជួយស្រូបយកជាតិទឹកទៅក្នុងពោះវៀន ការពារមិនឲ្យកើតមានបញ្ហាទល់លាមក ជំងឺឬសដូងបាត និងបង្កើនការរំលាយអាហារឲ្យកាន់តែប្រសើរឡើង។
ម្យ៉ាងវិញទៀតក្នុងអំឡុងពេលមានផ្ទៃពោះ ក៏ដូចជាក្រោយពេលសម្រាលកូន ស្ត្រីមានគភ៌ជាច្រើនទទួលរងនូវបញ្ហាជ្រុះសក់ ស្បែកមានភាពក្រីមៗ ឬក្រហមជាំ ប្រសិនបើទទួលទានពោតបារាំង ជារបបអាហារ នឹងអាចបញ្ជៀសជំងឺទាំងនេះបាន។
ដើម្បីទទួលបានប្រយោជន៍ដ៏អស្ចារ្យពីពោតបារាំង ចូរចម្អិននៅសីតុណ្ហភាពទាប ដូច្នេះវាមិនសូវបាត់បង់សារធាតុចិញ្ចឹមឡើយ៕