កង្វះវីតាមីន D នៅក្នុងរាងកាយត្រូវបានគេចាត់ទុកជាហានិភ័យខ្ពស់នៃជំងឺបាក់ឆ្អឹងដៃ សូម្បីតែការជិះកង់ដួល ឬក៏រត់ដួលក៏អាចគ្រោះថ្នាក់ដល់ឆ្អឹងដែរ នេះបើយោងតាមការស្រាវជ្រាវ។ បញ្ហានេះត្រូវបានគេប៉ាន់ប្រមាណថា អាចកើតមានលើក្មេងប្រុស ៥០ភាគរយ និងក្មេងស្រីមានចំនួន ៤០ភាគរយ ហើយក្នុងចំណោមក្មេងទាំងនោះមានបញ្ហាបាក់ឆ្អឹងយ៉ាងហោចណាស់ម្តងត្រឹមអាយុ ១៨ឆ្នាំ។
អ្នកជំនាញនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ វ៉ាស៊ីនតោន បានរកឃើញថា កុមារដែលមានបញ្ហាបាក់ឆ្អឹងមានប្រហែលជា ២៥ភាគរយនៅសហរដ្ឋអាមេរិក។ លើសពីនេះអ្នកជំនាញបានបន្ថែមទៀតថា កង្វះវីតាមីន D មិនត្រឹមតែងាយជួបបញ្ហាប្រេះស្រាំឆ្អឹងនោះទេ វាអាចធ្វើឲ្យកុមារមានសុខភាពទន់ខ្សោយផងដែរ។
កង្វះវីតាមីន D អាចនាំឲ្យអវិជ្ជមានដល់តុល្យនៃជាតិកាល់ស្យូម ដង់ស៊ីតេរសារធាតុរ៉ែ និងគុណភាពនៃឆ្អឹង ដែលនាំឲ្យកុមារងាយជួបបញ្ហាបាក់ឆ្អឹងនៅពេលត្រូវរបួសតិចតួច។ គួរបញ្ជាក់ផងដែរថា កុមារដែលលើសទម្ងន់ ក៏អាចបង្កើនហានិភ័យនៃកង្វះវីតាមីនប្រភេទនេះដែរ។
អាស្រ័យហេតុនេះ ដើម្បីបង្ការកុំឲ្យមានការបាក់ឆ្អឹង ឬសុខភាពឆ្អឹងទន់ខ្សោយ កុមារគ្រប់រូបគួរតែទទួលទានអាហារដែលសម្បូរវីតាមីន D ឲ្បបានគ្រប់គ្រាន់៕