ជាធម្មតា ទារកកើតមិនគ្រប់ខែច្បាស់ជាមានអវយវៈមួយចំនួនអភិវឌ្ឍមិនទាន់ពេញលេញនៅឡើងទេ ហេតុនេះពួកគេត្រូវការសារធាតុបំប៉នបន្ថែមនៅពេលកើតមកភ្លាម។
បើយោងតាមការស្រាវជ្រាវបានរកឃើញថា ទឹកដោះម្តាយ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ទារកកើតមិនគ្រប់ខែ ព្រោះទឹកដោះម្តាយមានផ្ទុកសារធាតុចិញ្ចឹមគ្រប់បែបយ៉ាង ដែលអាចជួយកែប្រែសុខភាពបេះដូងរបស់ទារក ឲ្យកាន់តែមានសុខភាពល្អតាំងពីតូច រហូតដល់ពួកគេធំពេញវ័យ។
ការសិក្សាបានរកឃើញទៀតថា កុមារដែលបៅដោះម្តាយតែមួយមុខគត់ បេះដូងមានសុខភាពល្អ ហើយថែមទាំងមានការអភិឌ្ឍរាងកាយច្រើនជាងទារកដែលបៅទឹកដោះគោ។
ក្រៅពីនេះអ្នកទឹកដោះម្តាយដើរតួនាទីចាំបាច់បំផុត សម្រាប់ការលូតលាស់ និងជួយឲ្យទារកកើតមិនគ្រប់ខែជៀសផុតពីជំងឺជាច្រើនបាន។
ជាធម្មតាទារកកើតមិនគ្រប់ខែ មានថតបេះដូងតូច ហើយក្រាស់ ដែលធ្វើឲ្យបេះដូងពុំសូវមានប្រសិទ្ធភាពក្នុងការបូមឈាមនោះឡើយ រហូតដល់ពួកគេពេញវ័យក៏នៅតែអញ្ចឹងដែរ។
ក្នុងរយៈពេលបីខែបំបូងបន្ទាប់ពីចាប់កំណើត បេះដូងត្រូវការសារធាតុចិញ្ចឹមចាំបាច់ ដើម្បីអភិវឌ្ឍ ដូច្នេះអ្នកគួរតែព្យាយាមផ្តល់ទឹកដោះតែមួយមុខគត់ ជាពិសេសចំពោះទារកដែលកើតមិនគ្រប់ខែតែម្តង៕