ទឹកដោះត្រូវបានផលិតនៅក្នុងសុដន់ ហើយហូរកាត់តាមបំពង់សរសៃតូចៗពីគល់ទៅចុងសុដន់នៅពេលកូនបៅ។ ប៉ុន្តែពេលខ្លះមានបំពង់មួយក្នុងចំណោមបំពង់ជាច្រើនត្រូវបានរាំងស្ទះដោយសារតែមូលហេតុមួយចំនួន ធ្វើឲ្យទឹកដោះត្រូវបានឃាត់ទុក និងប្រែទៅជាដុំទន់។ នេះជាហេតុផលមួយដែលធ្វើឲ្យសុដន់អ្នកម្តាយឡើងប៉ោង មានការឈឺចាប់ និងមើលទៅក្រហមថែមទៀត។
ដូច្នេះ ដើម្បីបន្ធូរបន្ថយបញ្ហាស្ទះទឹកដោះ សម្រាលភាពឈឺចាប់ អ្នកម្តាយគួរអនុវត្តដូចខាងក្រោម៖
១.ចាប់ផ្តើមរកវិធីដោះស្រាយឲ្យបានឆាប់ ប្រសិនបើអ្នកមានអារម្មណ៍ថា សុដន់មានដុំទន់ៗ ឬឈឺចាប់។
២.សម្រាកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
៣.ព្យាយាមធ្វើឲ្យសុដន់ដែលរងផលប៉ះពាល់នៅទទេ ដោយបំបៅតែមួយចំហៀងនេះឲ្យញឹក។
៤.យកវត្ថុក្តៅឧណ្ឌៗមកម៉ាស្សាសុដន់ដែលមានបញ្ហាមុនពេលបំបៅ។
៥.ប្រើដៃម៉ាស្សាថ្នមៗជុំវិញក្បាលសុដន់ក្នុងអំឡុងពេល និងក្រោយពេលកូនបំបៅ។
៦.ប្តូរទីតាំងបំបៅដោះ ដោយដាក់ទារកឲ្យនៅទាបជាងសុដន់ទើបលំហូរទឹកដោះរត់បានស្រួល។
៧.ច្របាច់សុដន់ប្រសិនបើចាំបាច់ មុននឹងក្រោយពេលបំបៅ។
៨.ប្រើទឹកកកស្អំ បន្ទាប់ពីបំបៅដោះ វាអាចជួយបំបាត់ការឈឺចាប់ និងការរលាក។
៩.ទៅប្រឹក្សាជាមួយវេជ្ជបណ្ឌិត ប្រសិនបើអ្នកមិនអាចកម្ចាត់ដុំពកក្នុងរយៈពេល ១២ម៉ោង ឬប្រសិនបើអ្នកមានអាការៈគ្រុនក្តៅ និងមានអារម្មណ៍ថាក្តៅក្នុងសុដន់៕