រូបមន្តជួយស្តារស្បែកឲ្យតឹងណែនស្អាតឡើងវិញ ក្រោយពេលសម្រាល

0
1

ការមានផ្ទៃពោះមានឥទ្ធិពលដល់រាងកាយទាំងមូល ជាពិសេសស្បែកងាយនឹងរងផលប៉ះពាល់ជាងគេ ដោយសារតែការលាតសន្ធឹងលឿនធ្វើឲ្យវាបាត់បង់ភាពបង់បែន ហើយនៅទីបំផុតស្បែកនឹងមានភាពធ្លាក់យារ ក្រោយពេលសម្រាល។

តើធ្វើដូចម្តេចទើបស្បែកអាចស្រស់ស្អាតដូចដើមវិញ? តាមពិតអ្នកមិនត្រូវបង្ខំពេកនោះទេ ត្រូវទុកពេលវេលាខ្លះឲ្យស្បែកធ្វើការផ្លាស់ប្តូរតាមសម្រួលតាមបែបធម្មជាតិ។

១.ទទួលទានទឹកឲ្យបានច្រើន

វិធីសាស្ត្រសំខាន់ ដើម្បីព្យាបាលស្បែកឲ្យតឹងណែនឡើងវិញ គឺបង្កើនការទទួលទានទឹក។ សូមព្យាយាមទទួលទានទឹកឲ្យបានច្រើន មុន និងក្រោយពេលសម្រាល ព្រោះទឹកអាចជំរុញដល់ការបត់បែននៃស្បែក និងការពារកុំឲ្យស្បែកធ្លាក់យារ។ ទឹកក៏អាចជួយបង្កើនអត្រាមេតាប៉ូលីសរបស់អ្នក និងជួយដុតបំផ្លាញជាតិខ្លាញ់កាន់តែច្រើនផងដែរ។

២.ញ៉ាំប្រូតេអ៊ីនឲ្យបានច្រើន

ដើម្បីរឹតបន្តឹងស្បែកឡើងវិញ អ្នកគួរតែព្យាយាមបង្កើតសាច់ដុំរាងកាយ ព្រោះការកើនឡើងសាច់ដុំអាចរឹតបន្តឹងស្បែកដោយស្វ័យប្រវត្ត។ ហេតុនេះការទទួលទានអាហារដែលសម្បូរជាតិប្រូតេអ៊ីនអាចជួយកសាងសាច់ដុំ និងផ្គត់ផ្គង់រាងកាយរបស់អ្នកជាមួយនឹងសារធាតុចិញ្ចឹម ដែលចាំបាច់សម្រាប់រាងកាយ ជាពិសេសក្រោយពេលសម្រាលកូន។ អាហារដែលអ្នកគួរទទួលទានមាន អាហារសមុទ្រ សណ្តែក សាច់គ្មានខ្លាញ់ ស៊ុត និងផលិតផលធ្វើពីសណ្តែកសៀង។

៣.ប្រើប្រេងម៉ាស្សា

ការប្រើប្រេងធម្មជាតិដូចជា ប្រេងអូលីវ ឬប្រេងអាល់ម៉ុង ដើម្បីធ្វើការម៉ាស្សា ធ្វើឲ្យស្បែកទទួលបានកូឡាជែន វីតាមីន K វីតាមីនA វីតាមីនE និងវីតាមីន C ព្រោះសារធាតុទាំងនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការរឹតបន្តឹងស្បែកក្រោយពេលសម្រាល។ ការម៉ាស្សាមួយថ្ងៃពីរដង គឺឆាប់ទទួលបានលទ្ធផលបំផុត ហើយវាក៏អាចជួយឲ្យប្រសើរឡើងនូវចរន្តឈាមផងដែរ។

៤.ធ្វើលំហាត់ប្រាណ

អ្នកគួរតែធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ព្រោះការធ្វើចលនារាងកាយអាចជួយរំញោចការកន្ត្រាក់សាច់ដុំ ជួយបង្កើតកោសិកា និងជាលិកាថ្មីនៅក្នុងរាងកាយ។

ការផ្លាស់ប្តូរស្បែកក្រោយពេលមានផ្ទៃពោះ គ្មានអ្វីគួរឲ្យខ្មាស់អៀន ឬបារម្ភនោះទេ ព្រោះវាជារឿងធម្មជាតិ។ ប៉ុន្តែប្រសិនបើអ្នកចង់ឲ្យស្បែកឆាប់ស្រស់ស្អាតឡើងវិញ គួរតែប្រើវិធីខាងលើ ឬពិគ្រោះជាមួយគ្រូពេទ្យជំនាញផ្នែកសម្រស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here