ភាពអស្ចារ្យរកអ្វីមកប្រៀបផ្ទឹមមិនបាននៅក្នុងជីវិតមនុស្សស្រី នោះគឺការក្លាយជាម្ដាយរបស់មនុស្សម្នាក់ ទើបស្រីៗគ្រប់រូបត្រូវការមានភាពអត់ធ្មត់ និងការលះបង់រយៈពេលជាង ៩ខែ។ ជាពិសេសទៅទៀតនៅអំឡុងខែទី ៧ ទៅខែទី ៩ ដែលជារយៈពេលចុងក្រោយបង្អស់ ហើយសំខាន់ជាងគេសម្រាប់ស្ដ្រីមានផ្ទៃពោះ ព្រោះថានោះជាពេលដែលត្រូវជិតផ្ដល់កំណើតដល់កូន។ ដូច្នេះអ្នកម្ដាយគ្រប់រូបត្រូវមានរឿង ៧ យ៉ាងគួរធ្វើមុនពេលសម្រាលកូន ដើម្បីកុំឲ្យខ្វះមុខខ្វះក្រោយ។
១. ត្រៀមរកឈ្មោះដាក់ឲ្យកូន
លោកឪពុក និងអ្នកម្ដាយគួរតែពិភាក្សាគ្នារកនឹកដាក់ឈ្មោះឲ្យកូនជាមុនសិន ព្រោះថាបើរងចាំរហូតពេលកើតតែម្ដង គឺមិនបានឡើយ ព្រោះខាងមន្ទីរពេទ្យអាចនឹងសួរបញ្ជាក់ភ្លាមៗ អ៊ីចឹងហើយអាចធ្វើឲ្យអ្នកម្ដាយ និងលោកឪពុក មានភាពច្របូកច្របល់ក្នុងការគិតដាក់ឈ្មោះឲ្យកូន។ ការត្រៀមឈ្មោះកូនទុកជាមុនជារឿងដ៏ប្រពៃបំផុត ព្រោះអ្នកត្រូវគិតដល់និយមន័យឈ្មោះរបស់កូន និងឈ្មោះណាដែលមានរាសីសម្រាប់កូនផងដែរ ។
២. កំណត់ថ្ងៃដែលត្រៀមកើត
ចំនុចនេះអ្នកម្ដាយអាចពិភាក្សាជាមួយគ្រូពេទ្យ តើត្រូវការថែរក្សាគភ៌រយៈពេលប៉ុណ្ណាបន្ថែមទៀតទើបល្អសម្រាប់ អ្នកម្ដាយ និងកូនដែលរៀបនឹងកើត ប្រសិនបើមិនមានបញ្ហាខាងផ្នែកសុខភាពទេ នោះមិនចាំបាច់កើតដោយវិធីវះកាត់ឡើយ គួរតែបង្កើតតាមបែបធម្មជាតិល្អជាជាង ដើម្បីឲ្យកូនតូចកើតមករឹងមាំ ហើយអ្នកអាចមានពេលវេលាត្រៀមមុនឆ្លងទន្លេពិតប្រាកដមែន។
៣. ថតរូបខណៈដែលពោះកំពុងធំ
នេះជាការរក្សាទុកនូវភាពចងចាំ អ្នកម្ដាយអាចថតរូបមានផ្ទៃពោះជាមួយ ក្រុមគ្រួសារ ឬ ស្វាមី និងមិត្តភក្ដិបាន ដើម្បីរំលឹកការចងចាំល្អ រួមទាំងបានបង្ហាញដល់កូនខណៈដែលកូនធំឡើង ក្នុងការបង្កើតអនុស្សាវរីយ៍ល្អៗជាមួយក្រុមគ្រួសារ ។
៤. ត្រៀមរបស់របរកូនទុកមុនកើត
អ្នកម្ដាយគ្រប់រូបមិនត្រូវជិតដល់ថ្ងៃបង្កើតកូន ទើបត្រៀមរបស់របរ ឬឧបករណ៍ទារកផ្សេងៗនោះឡើយ ត្រូវត្រៀមទុកជាមុនយ៉ាងហោចណាស់់ក៏បាន ២ ខែមុនឆ្លងទន្លេផងដែរ ហើយរបស់សំខាន់ដែលគួរត្រូវត្រៀមរួមមាន ភួយ ស្រោមដៃ ស្រោមជើង ក្រណាត់ផ្ដិត មុង កន្សែងតូច ប្រដាប់ងូតទឹក ប្រេងខ្យល់ ក្រដាស់អនាម័យជាដើម ។
៥.ត្រូវរកអ្នកធ្វើកិច្ចផ្ទះជំនួស
នៅក្នុងរយៈពេលត្រីមាសនេះ អ្នកម្ដាយគឺមិនត្រូវអនុញ្ញាតិឲ្យធ្វើកិច្ចការងារផ្ទះឡើយ ព្រោះមានផលអាក្រក់ចំពោះកូននៅក្នុងផ្ទៃ អ្នកម្ដាយគ្រប់រូបត្រូវរកអ្នក មកបំពេញការងារផ្ទះជំនួស ដូចជាស្ដ្រីមេផ្ទះ ឬ តែអ្នកសំអាតអនាម័យនៅក្នុងផ្ទះ ព្រោះថាពេលសំអាតផ្ទះ អ្នកម្ដាយអាចប្រឈមនិងភាពរអិលដួល ដែលជាហេតុប៉ះពាល់អាក្រក់ដល់កូនក្នុងផ្ទៃ ជាពិសេសងាយរលូតតែម្ដង ។
៦. ត្រៀមឯកសារពេទ្យ
មុនពេលកើតកូន អ្នកម្ដាយអាចនឹងមានអារម្មណ៍មិននៅនឹងខ្លួន ឬអាចមានស្មារតីភ័យអរ កើតមានឡើងបើចំពោះអ្នកម្ដាយដែលមានកូនជាលើកដំបូង ដូច្នេះហើយ អ្នកម្ដាយគួរតែសហការជាមួយស្វាមី ក្នុងការតៀមរបស់របរនានា ដូចជា គ្រឿងអាហារបំរ៉ុង ឯកសារពិនិត្យ និងតាមដានពោះ ឯកសារប្រវិត្តផ្ទាល់ខ្លួន ដើម្បីជាភាពងាយស្រួលនៅពេលទៅមន្ទីពេទ្យ ។
៧. មុនពេលកើតត្រូវធ្វើចិត្តឲ្យសប្បាយ
អ្នកម្ដាយភាគច្រើនមានភាពកង្វល់ច្រើននៅពេលជិតដល់ថ្ងៃបង្កើតកូន ដើម្បីរំសាយអារម្មណ៍មួយនោះបាន អ្នកម្ដាយអាចឈ្លៀតពេលទៅ មើលកុន ញ៉ាំបាយនៅខាងក្រៅជាមួយស្វាមី ស្ដាប់តន្ដ្រីនៅទីកន្លែងខ្យល់អាកាសបរិសុទ្ធ ឬដើរលេងលំហែតាមសួនសាធារណៈនានា ព្រោះការធ្វើបែបនេះអាចជួយរំសាយអារម្មណ៍អ្នកម្ដាយបានមួយកំរិតផងដែរ ឲ្យមានអារម្មណ៍ល្អប្រសើរឡើងវិញ៕