ក្រោយសំរាល ការ​ស្អំ​ក្អម​ក្តៅ​ ការ​សង្កត់​ថ្ម​ក្តៅ​ របស់​ដែល​ក្តៅ ខ្នើយ​ទឹក​ក្តៅ​លើ​ពោះ អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត

0
1

កំឡុងពេលមានផ្ទៃពោះ សរសៃឈាមចិញ្ចឹមស្បូន និង ស្បូន ត្រូវរីកធំ បន្តិចម្តង បន្តិចម្តងពីមួយខែ ទៅមួយខែ។ ក្រោយសំរាលសរសៃឈាមចិញ្ចឹមស្បូននោះ នឹងត្រូវរួមតូចបន្តិចម្តង បន្តិចម្តង មកដូចដើមវិញ ។ ទាំងស្បូនដូចគ្នា ក្រោយសំរាល តួនាទីរបស់ស្បូនត្រូវតែកន្ត្រាក់រួមតូច ។ ការសំរាលដោយធម្មជាតិ ត្រូវការរយះពេល 3អាទិត្យ ទើបសរសៃឈាម និង ស្បូនរួមតូចដូចដើមវិញ ករណីសំរាលដោយវះ អាចដល់ 4 អាទិត្យ ។ ដូច្នេះហើយបើក្រោយសំរាល យើងទូន្មានចាំបាច់ត្រូវតែ ស្អំទឹកកក ភាពត្រជាក់ ជួយដល់សរសៃឈាម និង ស្បូន រួមតូចដូចដើមល្អ ។

ហេតុអ្វីបើ របស់ក្តៅហាមដាច់ខាត មិនអោយស្អំលើពោះ?

យើងប្រៀបធៀបជាមួយនាក់ដែលមាន ជំងឺទឹកនោមផ្អែម ដំបៅស៊ីជើង រលួយអស់ ដោយសារតែសរសៃឈាមដែលទៅចិញ្ចឹមជើង និង ចុងជើង ចាប់ផ្តើមស្វិត ត្បៀតតូចទៅ តូចទៅ ឈាមចិញ្ចឹមទៅជើងមិនគ្រប់គ្រាន់ ទើបចាប់ផ្តើមខ្មៅជើង និង ស្ពឹកបាត់បង់ការដឹងរបស់ជើង ។ ដូច្នេះហើយ បន្ថែមលើការព្យាបាលដោយថ្នាំ យើងទូន្មានអោយនាក់ជំងឺ ស្អំទឹកក្តៅអ៊ុន អ៊ុន នៅជើង មួយថ្ងៃអោយបាន 2ដង ដើម្បីសំរួលដល់ការបើកសរសៃឈាម អេាយរត់បានស្រួល ។

ហេតុអ្វីបានជាស្ត្រីសំរាលកូន ពរពោះ9ខែ 10ថ្ងៃ ស្បូនយើងក៏ធំ សរសៃឈាមចិញ្ចឹមស្បូនក៏រីកធំ ក្រោយសំរាលយើងចង់បានអេាយ ស្បូន និង សរសៃឈាមរួមតូចបានល្អ អេាយដូចដើមវិញ ហេតុអ្វីក៏យករបស់ដែលក្តៅទៅដាក់ អេាយសរសៃឈាមរីកកាន់តែធំទៅវិញ ?

បងប្អូនត្រូវដឹងថា សរសៃឈាមកាន់តែរីកប៉ោង ឈាមរត់ចូលមកស្បូនក៏កាន់តែច្រើន អ្វីដែលសំខាន់នោះ ស្បូនត្រូវការកន្ត្រាក់រួមតូចក្រោយ សំរាល ។ របស់មួយដែលមានទឹកឈាមហូរចូលគ្នាដុំ ដុំ តើយើងអាចអោយគ្នា រួមកន្ត្រាក់តូចបានទេ ?

ថ្ងៃនេះផ្ទាល់យើងបានជួបបងស្រីម្នាក់ដែលសំរាល បានសុខសប្បាយបានត្រលប់ទៅផ្ទះវិញធម្មតា នៅពេទ្យគឺយើងមានដុំទឹកកកជូនដើម្បី ស្អំសង្កត់ពោះ ។ ក្រោយត្រលប់ទៅផ្ទះបានប៉ុន្មានថ្ងៃ ដោយយចាស់ជិតខាង ម្នាក់មួយម៉ាត់ ម្នាក់មួយម៉ាត់ ទូន្មានអោយសង្កត់ក្អម និង អំបិលប៉ុន្មានគីឡូដាក់លើពោះដោយសំអាងថាអោយឆ្អិនសរសៃ ។ ក្រោយទៅដល់ផ្ទះភ្លាមការស្អំមុនដំបូង ឈាមធ្លាក់ច្រើនបង្គួរ ដល់សង្កត់បានប៉ុន្មានថ្ងៃ ថ្ងៃនេះឈាមបានហូររាវដូចទឹក ទាំងដុំធំ ធំ ប៉ុនបាតដៃក៏មាន នាក់ជំងឺក៏សន្លប់បាត់បង់ស្មារតី ហើយស្វាមីក៏ដឹកគាត់មកពេទ្យ។ មកដល់ភ្លាម ការពិនិត្យអេកូឃើញថាស្បូនពេញដោយដុំឈាម សភាពទន់ខ្លាំង ។ ពេទ្យក៏ចាប់ផ្តើមដាក់ថ្នាំអោយម្តាយឡើងសំពាធឈាម ដាក់ថ្នាំជំនួយកន្ត្រាក់ស្បូន និង ម៉ាស្សាស្បូន ។
ចុងបញ្ចប់ការម៉ាស្សា និង ដាក់ថ្នាំ នេះអត់ទទួលលទ្ធផលទេ ។ នាក់ជំងឺចាំបាច់ត្រូវបញ្ចប់ដោយការវះកាត់ស្បូនចេញ ។ ការវះកាត់ឃើញថា ស្បូន សាច់ស្បូនជ្រាយដូច ប៉េងប៉េាងច្រកទឹក ។ ម្តាយសង្គ្រោះបានដោយជោកជ័យ តែត្រូវបាត់បង់ស្បូនទាំងនៅក្មេងវ័យ ។

ដូច្នេះហើយសូមមេត្តា បងប្អូន មិត្តមិត្តទាំងឡាយ ធ្វើអ្វីមួយដោយការថ្លឹងថ្លែងខ្ពស់ ។ សំនួរដែលធ្លាប់ជួប “ ហេតុអ្វីគេសង្កត់គ្រប់គ្នាមិនអី ? សង្កត់តាចឹងមួយជាតិហើយអត់ឃើញអីផង ។ “ ដោយបងប្អូនបានយកតួលេខ មិត្តភក្តិ បងប្អូនប៉ុន្មាននាក់ដែលនៅជុំវិញខ្លួនប៉ុណ្ណោះ ។ ការពិតរឿងនេះគឺ មានច្រើនករណីមកហើយ ។

ប្រពភ៖​ Chetra Polyclinic & Julie Maternity

LEAVE A REPLY

Please enter your comment!
Please enter your name here