១- ដាំទឹកមួយឆ្នាំងអោយពុះ។
២- យកសាច់ជ្រូក សាច់សុទ្ធ (ពុំមានខ្លាញ់ ឬ ស្បែក) ទៅលាងទឹកអោយស្អាត កាត់ជាបន្ទះៗ ហើយដាក់ស្រុះនៅក្នុងទឹកពុះនោះ។
៣- ស្រង់សាច់ជ្រូកចុះ លាងទឹកត្រជាក់ អោយស្អាត ហើយកាត់ចេញជាដុំតូចៗ ប៉ុនមេដៃ រួចយកទុកមួយអន្លើ។
៤- ដាក់ស្ករស ឬ ស្ករត្នោត រំងាស់អោយឡើងក្រហមចេញជើងអង្ក្រង ទើបចាក់ទឹកត្រី អំបិល ប៉ូចកាក់២-៣មើម និង ម្រេចបុកចូល កូរអោយសព្វ។
៥- ចាក់សាច់ជ្រូកឆ្អិននោះចូល កូរអោយសព្វចូលជាមួយគ្រឿងហើយ ទើបចាក់ទឹកចូល រំងាស់អោយផុយសាច់ ហើយអោយស្ងួតទឹកខ អស់ពីបាតឆ្នាំង។
បើសាច់នៅរឹង មិនទាន់ផុយ សូមថែមទឹករំងាស់ថែមទៀត។ សូមភ្លក្សថែមថយគ្រឿង តាមចំណូលចិត្ត។
៦- នៅពេលខផុយសាច់ហើយ សូមស្រង់សាច់ជ្រូកដែលនៅក្នុង ខស្ងួតហើយនោះ យកទៅបុកអោយម៉ដ្ឋខៃ។
៧- យកសាច់ជ្រូកខ ដែលបុកបានហើយ ទៅរំលីងម្តងទៀត នៅក្នុងខ្ទះ ក្នុងកំដៅក្តៅឧណ្ហៗ ប្រហែល 150-200F រហូតដល់ស្ងួតដាក់ទឹកអស់ ទើបដួសច្រកកែវ ចំហមាត់ អោយសាច់ជ្រូកបុក ចុះត្រជាក់សិន ទើបគ្របយកទុក។
៨- សាច់ជ្រូកបុក អាចធ្វើជាអាហារបរិភោគលេង ពេលអផ្សុក។ ជួនកាល គេអាចដាក់ជាស្នូលនំប៉ាំង សម្រាប់ខ្ចប់យកទៅកន្លែងធ្វើការ សម្រាប់បរិភោគពេលព្រឹក ឬ ថ្ងៃត្រង់ជាដើម។
ដងស្រង់ពី : អ្នកស្រី កែវ ច័ន្ទបូរណ៍