តាមច្បាប់ធម្មជាតិដែលបានកំណត់ ស្ត្រីពេញវ័យទាំងអស់តែងតែមករដូវមួយខែម្តង ក៏ប៉ុន្តែប្រសិនបើមានការអាក់ខានក្នុងខែណាមួយនោះ មានន័យថា អ្នកជួបបញ្ហារដូវមិនទៀង។
ទោះជាយ៉ាងណាក៏ដោយ នៅមានបញ្ហាជាច្រើនទៀតនៅជុំវិញវដ្តរដូវ ដែលអាចជាសញ្ញានៃជំងឺក្នុងខ្លួន។ ហើយជំងឺទាំងអស់នោះ អាចសង្កេតមើលតាមរយៈពណ៌នៃឈាមរដូវបាន។
ឈាមរដូវពណ៌ផ្តាឈូក
ឈាមប្រភេទនេះ ជាសញ្ញាព្រមានថា អ័រម៉ូនអ៊ឺស្ត្រូសែន មានកម្រិតទាបណាស់ ហើយការហាត់ប្រាណហួសប្រមាណ ឬរត់ គឺជាមូលហេតុដែលបណ្តោលឲ្យអ័រមួយនេះចុះខ្សោយ។ ប្រសិនបើអ្នកមិនព្រមកែប្រែស្ថានការឲ្យល្អប្រសើរឡើងវិញទេ អ្នកអាចប្រឈមនឹងជំងឺពុកឆ្អឹង និងបាក់ឆ្អឹងនៅពេលអស់រដូវ។
ឈាមរដូវពណ៌ផ្តាឈូកថ្លា
នេះជាសញ្ញាមួយដាស់តឿនថា រាងកាយរបស់អ្នកកំពុងតែខ្វះសារធាតុចិញ្ចឹម ឬអាចប្រឈមនឹងហានិភ័យនៃជំងឺមហារីកក្រពេញអូវែ។ ទោះបីជាយ៉ាងណាក៏ដោយ ចូរកុំព្រួយបារម្ភពេក ព្រោះជំងឺមហារីកក្រពេញអូវែ មានចំនួនតិចជាង ២ភាគរយប៉ុណ្ណោះ ក្នុងចំណោមជំងឺមហារីកទាំងអស់។
ឈាមរដូវពណ៌ត្នោតខ្មៅ
ឈាមរដូវមានពណ៌ត្នោតខ្មៅ ឬត្នោតក្រហម អាចបណ្តោលមកពីឈាមរដូវពីខែមុនបញ្ចេញពីក្នុងស្បូនមិនអស់។ គ្មាននរណាម្នាក់អាចពន្យល់ពីបាតុភូតនេះបានទេ ប៉ុន្តែអ្នកជំនាញបាននិយាយថា វាជារឿងធម្មតា។
ឈាមរដូវកកដុំៗមានពណ៌ខ្មៅ
ក្នុងករណីនេះ អាចបង្ហាញពីអ័រម៉ូន ប្រូសេស្តេរ៉ូន មានកម្រិតទាប និងអ័រម៉ូន អ៊ឺស្ត្រូសែន មានកម្រិតខ្ពស់។ ទោះបីជាបញ្ហាមួយនេះ មិនប៉ះពាល់អ្វីដល់សុខភាពក៏ដោយ ប៉ុន្តែប្រសិនបើការកកឈាមច្រើនពេក អាចជាការព្រមានថា រាងកាយរបស់អ្នកកំពុងតែអតុល្យភាពអ័រម៉ូន ឬសរសៃប្រសាទរបស់ស្បូន។
ឈាមរដូវមានពណ៌ប្រផេះលាយក្រហម
ឈាមលាយពីរពណ៌បែបនេះ អាចបង្ហាញពីគ្រោះថ្នាក់ពីរយ៉ាង ប្រសិនបើអ្នកមិនមានផ្ទៃពោះ ជាសញ្ញានៃជំងឺកាមរោគ ប៉ុន្តែប្រសិនបើអ្នកមានផ្ទៃពោះវិញនោះ ជាសញ្ញានៃបញ្ហារលូតកូនឆាប់។
ឈាមរដូវមានពណ៌ក្រហមថ្លា
ឈាមរដុវមានពណ៌ក្រហមថ្លា ត្រូវបានគេចាត់ទុកជាសញ្ញានៃរាងកាយមានសុខភាពល្អ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកគួរតែពិនិត្យតាមដានពណ៌ឈាមរដូវជាប្រចាំខែ ប្រសិនបើមានភាពមិនប្រក្រតីណាមួយ គួរទៅជួបអ្នកជំនាញដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលា៕