ជាទូទៅមនុស្សគ្រប់រូបតែងតែទម្លាប់ងូតទឹកសម្អាតកាយ យ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ លើកលែងតែអ្នកដែលមានជំងឺមិនអាចក្រោករួច។ ប៉ុន្តែសម្រាប់លោក Kailash Singh វ័យ ៦៦ឆ្នាំ នៅប្រទេសឥណ្ឌាវិញមិនងូតទឹករហូតដល់ទៅ ៣៨ឆ្នាំឯណោះ។ គាត់បាននិយាយផ្ទាល់មាត់ថា វាពិតជាមានក្តីសុខជាងមនុស្សដែលងូតទឹករាល់ថ្ងៃទៅទៀត។
តើមូលហេតុអ្វីទៅ ដែលធ្វើឲ្យបុរសម្នាក់នេះមិនងូតទឹកសោះ? ចាប់តាំងពីឆ្នាំ ១៩៧៤ ក្រោយពេលរៀបអាពាហ៍ពិពាហ៍មិនយូរប៉ុន្មាន គាត់មិនងូតទឹកសោះ ដោយសង្ឈឹមថា រឿងនេះ អាចជួយឲ្យគាត់មានកូនប្រុសម្នាក់ដូចបំណង។ ដំបូន្មាននេះ ត្រូវបានផ្តល់អនុសាសន៍ដោយអាចារ្យ ដែលបានទស្សន៍ទាយថា លោក Kailash នឹងមានកូនប្រុសមួយ ប្រសិនបើគាត់មិនងូតទឹក ឬកាត់សក់ចេញ ក្រោយពីគាត់មានកូនស្រីរហូតដល់ទៅ ៧នាក់ទៅហើយនោះ។
ឥឡូវនេះជាង ៣៨ឆ្នាំទៅហើយ លោក Kailash Singh គឺជាបុរសម្នាក់ក្នុងចំណោមបុរសចម្លែកបំផុតនៅក្នុងពិភពលោក។
គាត់រងចាំរហូតទាល់តែបានកូនប្រុសម្នាក់ ទើបគាត់សម្រេចចិត្តងូតទឹក តែមនុស្សជាច្រើនគិតថា វាមិនអាចទៅរួចឡើយបើពេលនេះប្រពន្ធរបស់គាត់មានអាយុរហូតដល់ទៅ ៦០ឆ្នាំទៅហើយនោះ។
ទោះបីជាក្រុមគ្រួសារបានលួងលោម និងគំរាមមិនឲ្យគាត់គេងលើគ្រែជាមួយប្រពន្ធក៏ដោយ ក៏គាត់មិនបោះបង់ក្តីសង្ឈឹមមួយនេះដែរ។ បច្ចុប្បន្ននេះ លោក Kailash ប្រើប្រាស់តែទឹកដើម្បីលុបលាងមុខ និងដៃរបស់គាត់តែប៉ុណ្ណោះ៕