ការស្រាវជ្រាវថ្មីមួយដោយសាកលវិទ្យាល័យ College London ចក្រភពអង់គ្លេស បានបង្ហាញថា ទម្លាប់ទទួលទាន គ្រឿងស្រវឹង និងជក់បារី អាចធ្វើឲ្យមនុស្សវ័យជំទងប្រឈមនឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ការស្រាវជ្រាវនេះបានធ្វើឡើងទៅលើមនុស្សវ័យជំទង ១,២៦៦នាក់ ហើយពួកគេចាប់ផ្តើមទទួលទានគ្រឿងស្រវឹងចាប់ពីអាយុ ១៣ ១៥ និង១៧ឆ្នាំ។
លទ្ធផលបានបង្ហាញថា ការទទួលទានគ្រឿងស្រវឹងជាមធ្យមប្រហែលជា ១០កំប៉ុង អាចបំផ្លាញសរសៃឈាមរបស់ពួកគេកើនឡើង ៤,៧ភាគរយ។ ចំពោះការជក់បារី អាចបង្កើនហានិភ័យនៃជំងឺសរៃឈាមអាក់ទែដល់ទៅ ៣,៧ភាគរយ។
តួលេខនេះមានរហូតដល់ ១០,៨ភាគរយសម្រាប់ទាំងការជក់បារី និងទទួលទានគ្រឿងស្រវឹង បើធៀបទៅនឹងអ្នកដែលមិនមានទម្លាប់បែបនេះ។
សរសៃឈាមអាក់ទែ ចាប់ផ្តើមបង្កើតកូលេស្តេរ៉ុលនៅតាមជញ្ជាំងសរសៃឈាម ដែលបណ្តោលឲ្យឈាមរត់ចុះខ្សោយ និងមានកំណកឈាមផងដែរ។ កត្តានេះអាចបង្កើនហានិភ័យរាំងស្ទះសរសៃឈាម ហើយបន្ទាប់មកអាចជួបផលលំបាកខ្លាំងដូចជា គាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។
លោកវេជ្ជបណ្ឌិត Marietta Charakida ផ្តល់អនុសាសន៍ថា ដើម្បីការពារបញ្ហាគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល មិនថាមនុស្សវ័យជំទង សូម្បីតែមនុស្សពេញវ័យក៏គួរតែជៀសវាងបារី និងគ្រឿងស្រវឹងផដែរ៕