នៅពេលធំពេញវ័យមនុស្សស្រីតែងតែចង់បានគូស្រករដ៏ល្អម្នាក់ ដើម្បីសាងគ្រួសារថ្មីរួមរស់នៅជាមួយគ្នាអស់មួយជីវិត។ ប៉ុន្តែទន្ទឹងមានគូស្រករនេះ មនុស្សស្រីក៏ត្រូវឆ្លងកាត់ការផ្លាស់ប្តូរជីវិតជាច្រើនចំណុច ដែលពួកគេមិនដែលធ្លាប់គិតសោះពីមុនមក។ ទាំងនេះជារឿងរ៉ាវមួយចំនួនដែលមិត្តនារីៗត្រូវប្រឈមក្នុងជីវិត ក្រោយពេលក្លាយជាប្រពន្ធគេ៖
ទម្លាប់រស់នៅខុសពីមុន
មិនថាឥរិយាបទដេក ដើរ ឈរ អង្គុយ ឬការនិយាយស្តីនោះទេ ស្ត្រីត្រូវតែមានការផ្លាស់ប្តូរ ដើម្បីសម្របខ្លួនទៅតាមកាលៈទេសៈ ជាពិសេសបើខាងស្រីទៅរស់នៅជាមួយខាងប្រុស។ ម្យ៉ាងវិញទៀត សូម្បីតែការសម្រេចចិត្តធ្វើរឿងអ្វីមួយ ឬទៅណាមកណា អ្នកមិនអាចធ្វើតែតាមចិត្តឯងទៀតឡើយ គឺត្រូវពិភាក្សា ឬប្រាប់ស្វាមីជាមុនសិនដែរ និយាយរួមសេរីភាពដូចកាលនៅពីក្រមុំត្រូវបិទចោលទាំងអស់។
ការគ្រប់គ្រងលុយកាក់
ពេលនៅលីវ មនុស្សស្រីអាចចាយវាយ ឬទិញរបស់របបទំនើបៗតាមតែអ្វីដែលខ្លួនឯងចង់បាន ដោយមិនខ្វល់អ្វីច្រើនឡើយ គឺធ្វើយ៉ាងណាឲ្យតែចាយលុយដល់ខែជាការស្រេច។ ប៉ុន្តែនៅពេលមានស្វាមី បន្ទុកដែលមនុស្សស្រីត្រូវរ៉ាប់រង គឺការចាត់ចែងលុយកាត់ ទាំងរបស់ប្តីដែលខំរក ព្រមទាំងរបស់ខ្លួនឯងផងដែរ។ ពុំដូច្នោះទេ គ្រួសាររបស់អ្នកមិនមានភាពរើកចម្រើនបានឡើយ ហើយជីវិតរស់នៅច្បាស់ជាខ្វះមុខខ្វះក្រោយថែមទៀត។
ក្លាយជាមនុស្សចាស់ទុំ
មិនទាន់បែកមានគ្រួសារ មនុស្សស្រីត្រូវនៅក្រោមការមើលថែមរបស់ឪពុកម្តាយ ប៉ុន្តែក្រោយពេលរៀបការរួច ពួកគេត្រូវមានទំនួលខុសត្រូវលើខ្លួនឯងវិញម្តង។ នៅពេលដែលមានមានបទពិសោធន៍ក្នុងជីវិតរស់នៅថ្មី ធ្វើឲ្យមនុស្សស្រីចេះគិតគូបានវែងឆ្ងាយជាងមុន ធ្វើអ្វីៗមិនសូវខុស នេះហើយដែលធ្វើឲ្យពួកគេក្លាយជាមនុស្សចាស់ទុំ។
ត្រៀមខ្លួនក្លាយជាម្តាយរបស់គេ
ដំណាក់កាលមានផ្ទៃពោះ ៩ខែ ស្ត្រីត្រូវឆ្លងកាត់ឧបសគ្គគ្រប់បែបគ្រប់យ៉ាង ដែលមនុស្សប្រុសមិនអាចយល់បានឡើយ។ ប៉ុន្តែក្រោយឆ្លងកាត់ដំណាក់កាលនេះចប់ ស្ត្រីនឹងយល់ច្បាស់ពីភាពធ្វើជាម្តាយរបស់គេ ហើយក៏មានក្តីសុខ ពេញចិត្ត នឹងផ្តល់កំណើតឲ្យ ព្រមទាំងផ្តល់ក្តីស្រឡាញ់ឲ្យកូនផងដែរ។
សម្រស់មានការប្រែប្រួល
នេះជារឿងមួយទៀតដែលស្ត្រីគ្រប់រូបគេចមិនផុតឡើយ មិនថាអ្នកមានប្តីឬអត់ប្តីនោះទេ នៅពេលវ័យកាន់តែចាស់សម្រស់ក៏ធ្លាក់ទៅតាមនោះដែរ។ ជាពិសេសក្រោយពេលមានកូនហើយ ទាំងសម្រស់ និងរូបរាងរបស់មនុស្សស្រីអាចប្រែប្រួលខុសពីមុនទាំងស្រុង ហើយសូម្បីតែសុខភាពក៏ចុះខ្សោយជាងមុនដែរ៕