មានធ្លាប់ឆ្ងល់ទេ ទោះបីជាគេងបានស្កប់ស្កល់ពេញបាន៨ម៉ោងក្តី តែនៅពេលក្រោកឡើងស្រាប់តែមានអាការហើមភ្នែក? មូលហេតុចម្បងនៃបញ្ហានេះ គឺបណ្តោលមកពីការលាកដែលធ្វើឲ្យសារធាតុរាវដកនៅក្រោមស្បែក តែមិនបង្កឲ្យមានគ្រោះថ្នាក់នោះទេ។
នេះគ្រាន់តែជាមូលហេតុមួយតែប៉ុណ្ណោះ នៅមានមូលហេតុជាច្រើនទៀត ដែលបង្កឲ្យអ្នកមានអាការហើមភ្នែកនៅពេលភ្ញាក់ពីគេង។
បរិភោគអាហារប្រៃច្រើនពេក
ពេលដែលអំបិល ស្ថិតនៅក្នុងខ្លួនច្រើនពេក វានឹងអាចបណ្តោលឲ្យរាងកាយមានអាការហើម រួមទាំងតំបន់ភ្នែកផងដែរ។ ការទទួលទទួលទានអាហារប្រៃច្រើនពេក ហើយផឹកទឹកមិនបានគ្រប់គ្រាន់ អាចបណ្តោលឲ្យរាងកាយរក្សាសារធាតុរាវច្រើនលើសកម្រិត ដើម្បីបង្ការខ្វះជាតិទឹក ប៉ុន្តែដំណើរការមួយនេះអាចធ្វើភ្នែករបស់អ្នកហើម។
ដើម្បីជៀសវាងបញ្ហាមួយនេះ អ្នកត្រូវកាត់បន្ថយការទទួលទានអាហារប្រៃ និងព្យាយាមផឹកទឹកឲ្យបានច្រើន ដើម្បីសម្អាតជាតិប្រៃចេញពីខ្លួន។
កង្វះប្រូតេអ៊ីន
បើយោងតាមសាកលវិទ្យាល័យ Harvard បានបង្ហាញថា កង្វះជាតិប្រូតេអ៊ីននៅក្នុងឈាម អាចបណ្តោលឲ្យកើតជំងឺតម្រងនោម និងជំងឺថ្លើម ដែលជាមូលហេតុនាំឲ្យមានអាការហើមភ្នែកកើតឡើង។
អ្នកត្រូវដឹងថា ប្រូតេអ៊ីន ដើមតួនាទីយ៉ាងសំខាន់ក្នុងការលុបបំបាត់សារធាតុរាវដែលលើស ដូច្នេះអ្នកត្រូវញ៉ាំអាហារដែលសម្បូរប្រូតេអ៊ីនឲ្យបានច្រើន។
មុខងារតម្រងនោមមិនល្អ
ការហើមភ្នែក ជាពិសេសពេលព្រឹកព្រលឹម ជាសញ្ញានៃជំងឺតម្រងនោម ដោយសារតែតម្រងនោមមិនអាចកម្ចាត់ជាតិសូដ្យូមក្នុងឈាមបាន។
ជាតិសូដ្យូមលើសកម្រិត អាចបណ្តោលឲ្យអ្នកកើតមានបញ្ហាហើមភ្នែក ហេតុនេះសូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យឲ្យបានឆាប់។
ញ៉ាំអាហារដែលសម្បូរជាតិកាបូអ៊ីដ្រាតច្រើនពេក
ការសិក្សាមួយបានបង្ហាញថា របបអាហារដែលមានជាតិកាបូអ៊ីដ្រាត ច្រើនពេក អាចបង្កើនការបញ្ចេញអាំងស៊ុយលីន និងជាតិសូដ្យូមកាន់តែច្រើន។ នៅពេលដែលរាងកាយផ្ទុកជាតិសូដ្យូម កាន់តែច្រើន ជាតិទឹកក៏ឃាត់នៅក្នុងខ្លួនកាន់តែច្រើនដែរ ហើយលទ្ធផលអាការហើមភ្នែកច្បាស់ជាកើតមានឡើង។
អ្នកជំនាញសមាគមន៍បេះដូងអាមេរិក បានណែនាំឲ្យញ៉ាំកាបូអ៊ីត្រា ធម្មជាតិដែលមាននៅក្នុងដំឡូង ជំនួសឲ្យនំប៉័ង ឬអាហារដែលធ្វើពីសម្សៅពណ៌ស ល្អប្រសើរជាង៕