យើងគ្រប់គ្នាដឹងហើយថា ផ្លែឈើជាអាហារមួយប្រភេទដែលសមស្របបំផុតសម្រាប់អ្នកដែលចង់សម្រកទម្ងន់ ព្រោះវាសម្បូរទៅដោយសារធាតុចិញ្ចឹម និងវីតាមីនសំខាន់ៗជាច្រើន។ ក៏ប៉ុន្តែមិនមែនផ្លែឈើទាំងអស់សុទ្ធតែអាចជួយសម្រកទម្ងន់បានទាំងអស់នោះទេ ដោយសារតែផ្លែឈើមួយចំនួនមានផ្ទុកថាមពលច្រើន ដែលធ្វើឲ្យអ្នកមិនអាចសម្រកទម្ងន់បានជោគជ័យ។
ដូច្នេះហើយអ្នកជំនាញបានណែនាំថា ប្រសិនបើអ្នកចង់សម្រកទម្ងន់ គួរតែជៀសវាងផ្លែឈើប៉ុន្មានមុខនេះ។
ចេក
ចេក ១០០ក្រាមមានផ្ទុក ១២៥កាឡូរី ហើយរាងកាយត្រូវចំណាយពេល ៥៥,៩នាទី ទើបប្រើប្រាស់វាអស់។ ចេកមានផ្ទុកកាបូអ៊ីដ្រាត ប៉ូតាស្យូមខ្ពស់ និងកាឡូរីខ្ពស់ ដែលមិនសមស្របសម្រាប់អ្នកចង់សម្រកទម្ងន់នោះឡើយ។
ធុរេន
ការស្រាវជ្រាវបានបង្ហាញថា ធុរេនទម្ងន់១០០ក្រាម មានផ្ទុក១៤៧កាឡូរី ហើយរាងកាយត្រូវចំណាយពេល ៧៥,២នាទី ទើបអាចប្រើប្រាស់អស់។ លើសពីនេះវាមានផ្ទុកកាបូអ៊ីដ្រាត និងជាតិខ្លាញ់ខ្ពស់ ប្រសិនបើអ្នកស្ថិតក្នុងដំណាក់កាលសម្រកទម្ងន់ គួរតែដកអាហារមួយប្រភេទនេះចេញទៅ។
ស្វាយ
បើទោះបីជាផ្លែស្វាយមិនមានកាឡូរីខ្ពស់ដូចជា ចេក ឬប៉េងប៉ោះក៏ដោយ ប៉ុន្តែវាត្រូវបានគេរកឃើញថាមានផ្ទុកជាតិខ្លាញ់ច្រើន។ ដូច្នេះចំពោះអ្នកដែលកំពុងតែជ្រើសរើសអាហារសម្រកទម្ងន់ គួរតែកាត់បន្ថយ ឬផ្អាកញ៉ាំស្វាយសិនដែរ។
ឪឡឹក
ឪឡឹកមានផ្ទុកជាតិទឹករហូតដល់ទៅ ៩៤ភាគរយ ប៉ុន្តែវាមានបរិមាណកាឡូរីខ្ពស់។ ប្រសិនបើអ្នកទទួលទានឪឡឹកមួយថ្ងៃមួយផ្លែ វាស្មើនឹងការញ៉ាំបាយចំនួន ៦ចាន។ ទោះបីជាឪឡឹកផ្តល់ជាតិទឹកច្រើនដល់រាងកាយក៏ដោយ ប៉ុន្តែអ្នកមិនគួរញ៉ាំច្រើនពេកនោះទេ។
ប្រសិនបើអ្នកចង់សម្រកទម្ងន់បានជោគជ័យ អ្នកត្រូវតែដឹងពីផ្លែឈើដែលមិនសមនឹងរបបអាហារប្រចាំថ្ងៃ ទោះបីជាអ្នកចូលចិត្តខ្លាំយ៉ាងណាក៏ដោយ៕