នៅពេលអ្នកមានការងាររវល់ច្រើន ច្បាស់ជាគ្មានពេលសម្រាកគ្រប់គ្រាន់ឡើយ។ ប៉ុន្តែអ្នកត្រូវដឹងថា ការគេងមិនគ្រប់គ្រាន់ អាចជះឥទ្ធិពលអាក្រក់ដល់សុខភាពច្រើនយ៉ាង ដែលយើងមិននឹកស្មានដល់ឡើយ។
ភាពធាត់ និងកើតជំងឺលើសឈាម
កង្វះនៃការគេង មិនត្រឹមតែធ្វើឲ្យរាងកាយអស់កម្លាំងនោះទេ វាថែមទាំងធ្វើអ្នកឡើងទម្ងន់ កើនឡើងជាតិខ្លាញ់ឆ្អែត និងជាតិស្ករក្នុងឈាម។ លើសពីនេះវាអាចបង្កឲ្យប៉ះពាល់ដល់សរសៃឈាមបេះដូងផងដែរ។
ផ្ទុយទៅវិញប្រសិនបើអ្នកគេងបានគ្រប់គ្រាន់ វានឹងជួយគ្រប់គ្រងអ័រម៉ូនស្ត្រេសក្នុងរាងកាយ ដែលអាចជួយរក្សាលំនឹង និងសម្ពាធឈាមឲ្យនៅកម្រិតធម្មតា។
ខ្សោយប្រព័ន្ធភាពស៊ាំ
នៅពេលដែលរាងកាយសម្រាកបានគ្រប់គ្រាន់ វានឹងបង្កើតអង់ទីករ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ ប៉ុន្តែបើរាងកាយសម្រាកមិនបានគ្រប់គ្រាន់វិញនោះ ហានិភ័យនៃជំងឺទឹកនោមផ្អែម ព្រមទាំងសរសៃឈាមបេះដូងនឹងកើតមានឡើយ។
ស្បែកឆាប់ចាស់
នៅពេលកង្វះនៃការគេង ស្នាមខ្មៅៗនៅក្រោមភ្នែកនឹងលេចឡើង ព្រោះស្រទាប់កូឡាជែន នៅក្នុងកោសិកាស្បែកនឹងត្រូវបំផ្លាញដោយសារតែការផលិតអ័រម៉ូន ស្ត្រេសច្រើនពេក។
សូម្បីតែស្ត្រីវ័យក្មេង ដែលកង្វះការគេងញឹកញាប់ ក៏លេចឡើងនូវភាពជ្រីវជ្រួញ ជាពិសេសនៅត្រង់កន្ទុយភ្នែក និងគែមបបូរមាត់សងខាង។
ដូច្នេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ដូចដែលបានបង្ហាញខាងលើ អ្នកគួរតែព្យាយាមគេងឲ្យបានគ្រប់គ្រាន់ គឺ៧ទៅ៨ម៉ោងក្នុងមួយយប់៕