គ្រប់គ្នាប្រហែលជាដឹងហើយថា ជំងឺខ្សោយបេះដូង គឺជាជំងឺដ៏គួរឲ្យព្រួបារម្ភខ្លាំងបំផុតក្នុងចំណោមជំងឺផ្សេងៗជាច្រើន ព្រោះវាអាចឆក់យកជីវិតបានគ្រប់ពេល ប្រសិនបើគ្រប់គ្រងវាមិនបានល្អទេនោះ។ ដូច្នេះហើយក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ថា អ្នកជំងឺខ្សោយបេះដូង ក៏អាចរស់នៅដោយមានសុខភាពល្អបានដែរ ប្រសិនបើពួកគេអាចអនុវត្តទម្លាប់ល្អៗប្រចាំថ្ងៃមួយចំនួន។
កាត់បន្ថយអំបិល
អ្នកជំងឺខ្សោយបេះដូង ត្រូវតែកាត់បន្ថយអាហារដែលមានជាតិប្រៃ ដើម្បីកុំឲ្យរាងកាយកកកុញទៅដោយជាតិទឹក និងកាត់បន្ថយភាពពិបាកដកដង្ហើម។
ជៀសវាងកូលេស្តេរ៉ុល
ក្រុមអាហារដែលសម្បូរកូលេស្តេរ៉ុលខ្ពស់ មានដូចជា ខ្លាញ់ គ្រឿងក្នុងសត្វ សាច់ក្រហម… សុទ្ធតែអាចប៉ះពាល់ដល់សុខភាពបេះដូងកាន់តែធ្ងន់ធ្ងរ។ ផ្ទុយទៅវិញ អ្នកគួរតែបង្កើនអាហារដែលសម្បូរជាតិសរសៃដូចជា បន្លែ ផ្លែឈើស្រស់ និងគួរបន្ថែមប្រូតេអ៊ីនពីរុក្ខជាតិ ឬត្រី ជំនួសវិញ។
សម្រាកឲ្យបានច្រើន
អ្នកត្រូវបង្កើនពេលវេលាសម្រាក ជៀសវាងការព្រួយបារម្ភ ភាពតានតឹង ដែលនាំឲ្យជះឥទ្ធិពលអាក្រក់លើបេះដូង។
បញ្ចេញសកម្មភាពរាងកាយឲ្យបានទៀងទាត់
ការបញ្ចេញសកម្មភាពរាងកាយ តាមរយៈការធ្វើលំហាត់ប្រាណដូចជា ដើរ ឬហាត់យូហ្គា… ដើម្បីជួយជំរុញដល់លំហូរឈាមទូទាំងរាងកាយ និងជៀសវាងការកកឈាម ដោយសារតែការអង្គុយច្រើន។
ក្រៅពីនេះ អ្នកត្រូវឈប់ជក់បារី ឈប់ផឹកស្រា គ្រប់គ្រងទម្ងន់ កម្រិតជាតិស្ករក្នុងឈាម ជាតិខ្លាញ់ក្នុងឈាម និងសម្ពាធឈាមឡើងខ្ពស់។ ទាំងអស់នេះហើយដែលអ្នកជំងឺខ្សោយបេះដូង ត្រូវធ្វើ ក្រៅពីទទួលទានថ្នាំតាមវេជ្ជបញ្ជារ៕