ពោត ជាអាហារសម្រន់ដែលមនុស្សភាគច្រើនចូលចិត្តទទួលទានលេងនៅពេលទំនេរពីការងារ ឬពេលមើលភាពយន្តជាដើម ប៉ុន្តែអ្នកទាំងអស់នោះប្រហែលជាមិនទាន់ដឹងទេថា ពោតផ្តល់អត្ថប្រយោជន៍យ៉ាងណាចំពោះសុខភាព។ ខាងក្រោមនេះជាអត្ថប្រយោជន៍អស្ចារ្យនៃផ្លែពោតចំពោះសុខភាព៖
ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ
ពោតមានជាតិសរសៃមិនរលាយ និងរលាយ។ ជាតិសរសៃរលាយអាចការពារការស្រូបយកកូលេស្តេរ៉ុលរបស់រាងកាយបាន ហើយជាតិសរសៃមិនរលាយអាចការពារការទល់លាមក និងបញ្ហាពោះវៀន ដោយបន្ថយហានិភ័យនៃជំងឺរលាកពោះវៀនធំ និងរាគ។
បង្ការភាពស្លេកស្លាំង
ការខ្វះវីតាមីន B12 អាស៊ីតហ្វូលិក និងជាតិដែក ដែលបង្កឲ្យមានភាពស្លេកស្លាំង។ ពោតមានវីតាមីន និងសារធាតុរ៉ែចាំបាច់ ដើម្បីបង្កើតកោសិកាឈាមទាំងនេះឡើងវិញ។
ផ្គត់ផ្គង់ថាមពល
ពោតមានជាតិកាបូអ៊ីដ្រាតខ្ពស់មិនត្រឹមតែផ្តល់ថាមពលក្នុងរយៈពេលខ្លី និងវែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលឲ្យមានដំណើរការល្អ។ ក្រៅពីនេះពោតអាចរំលាយអាហារ ជួយរក្សាកម្រិតថាមពលឲ្យមានតុល្យភាព។ ក្រុមអ្នកជំនាញបានណែនាំឲ្យបរិភោគពោត ២ម៉ោងមុនពេលធ្វើការ ដើម្បីរក្សាកម្រិតថាមពលរយៈពេលវែង។
កាត់បន្ថយកូលេស្តរ៉ុលអាក្រក់
ការទទួលទានអាហារដែលសម្បូរកូលេស្តេរ៉ុលអាក្រក់ អាចធ្វើឲ្យអ្នកកើតជំងឺខ្សោយបេះដូង និងមានជំងឺសរសៃឈាមបេះដូង។ ប៉ុន្តែពោតមានផ្ទុកវីតាមីន C , carotenoids និង bioflavonoid មានប្រយោជន៍សម្រាប់សុខភាពសរសៃឈាមបេះដូង ពីព្រោះវាអាចជួយគ្រប់គ្រងកម្រិតកូលេស្តេរ៉ុល និងបង្កើនចរន្តឈាម។
គាំទ្រដល់ការឡើងទម្ងន់
ពោតមានផ្ទុកកាឡូរីច្រើនប្រហែលជា ៣៤២កាឡូរីក្នុង ១០០ក្រាម។ នេះហើយជាមូលហតុដែលជារឿយៗមនុស្សមួយចំនួនជ្រើសរើសពោតជាអាហារសម្រាប់បង្កើនទម្ងន់។
មានផ្ទុកសារធាតុរ៉ែច្រើន
ពោតមានផ្ទុកសារធាតុរ៉ែដូចជា ផូស្វ័រ ម៉ាញ៉េស្យូម ម៉ង់ហ្គាណៃស ស័ង្កសី ជាតិដែក និងទង់ដែង។ ជាពិសេស សេលេញ៉ូម និងផូស្វ័រអាចគាំទ្រដល់ការលូតលាស់នៃរាងកាយ ឆ្អឹង និងសុខភាពតម្រងនោម ហើយចំណែកឯម៉ាញ៉េស្យូម ជួយរក្សាចង្វាក់បេះដូង។
ប្រឆាំងអុកស៊ីតកម្ម
យោងតាមអ្នកជំនាញបានបង្ហាញថា ពោតជាប្រភពដ៏សម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលបណ្តោលឲ្យមានជំងឺមហារីក។ ពោតមានសារធាតុ phenolic ដែលជាភ្នាក់ងារប្រឆាំងនឹងជំងឺមហារីក កាត់បន្ថយហានិភ័យនៃមហារីកសុដន់ និងមហារីកថ្លើម៕