ជាធម្មតានៅក្នុងរយ:មួយនាទីមនុស្សយើងដកដង្ហើមចំនួន ១៨ដង ក្នុងមួយម៉ោង ១,០៨០ដង ហើយក្នុងមួយថ្ងៃ ២៥,៩២០ដង។ តែអ្នករាល់គ្នាគួរយកចិត្តទុកដាក់ចំពោះការដកដង្ហើម ព្រោះវាចាំបាច់បំផុតសម្រាប់សុខភាព។
អ្នកជំនាញបាននិយាយថា ប្រសិនបើអ្នកចេះពីរបៀបដកដង្ហើមចូលបានល្អ អ្នកនឹងអាចរស់នៅបានយូរអង្វែង។
ហេតុនេះ តើគួរដកង្ហើមតាមរបៀបណាទើបត្រឹមត្រូវ? តើគួរតែដកដង្ហើមតាមច្រមុះ ឬក៏តាមមាត់?
ការដកដង្ហើមតាមច្រមុះ
ការដកដង្ហើមចូលតាមរយ:ច្រមុះ ធ្វើឲ្យខួរក្បាល និងចង្វាក់បេះដូងមានស្ថេរភាពល្អ។ មិនតែប៉ុណ្ណោះ ការដកដង្ហើមតាមច្រមុះអាចជួយច្រោះធូលីដី បាក់តេរី និងពពួកមេរោគផ្សេងៗ មិនឲ្យចូលដល់សួតបានឡើយ។
ម្យ៉ាងវិញទៀត ការដកង្ហើមចូលតាមច្រមុះ អាចជួយឲ្យឈាមស្រូបយកអុកស៊ីសែនបានយ៉ាងល្អ។
ការដកដង្ហើមតាមមាត់
អ្នកដែលចូលចិត្តដកដង្ហើមតាមមាត់ អាចជួបនឹងបញ្ហាអវិជ្ជមានមួយចំនួនដល់សុខភាព។ ក្នុងករណីខ្លះ ការដកដង្ហើមតាមមាត់អាចបង្កលក្ខណ:ងាយស្រួលសម្រាប់អ្នកមានជំងឺ ប៉ុន្តែអ្នកជំនាញមិនបានផ្តល់អនុសាសន៍អោយធ្វើបែបនេះឡើយ។
ការដកដង្ហើមចូលតាមមាត់ពេលគេង អាចបណ្តោលអោយមានបញ្ហាជាច្រើនដូចជា៖ ស្រម៉ុក ខ្យល់ដង្ហើមអាក្រក់ ជំងឺគេងមិនលក់… ហើយនោមញឹកពេលយប់។
ជាពិសេសអ្នកត្រូវចាំថា ការដកដង្ហើមតាមមាត់បង្កឲ្យខ្យល់មិនបរិសុទ្ធចូលដល់សួត ហើយបណ្តោលអោយមានបាក់តេរី និងវីរុសរីករាលដាលពេញសួត៕