បុរសៗភាគច្រើនមិនសូវខ្វល់ខ្វាយពីរោគសញ្ញានៃបញ្ហាសុខភាពឡើយ ហើយបណ្តោលរហូតទាល់តែជំងឺធ្វើទុក្ខធ្ងន់ធ្ងរ ទើបរកវិធីដោះស្រាយ។ ទម្លាប់បែបនេះហើយដែលធ្វើជំងឺពិបាកនឹងព្យាបាល ឬអាចហួសពេលព្យាបាលក៏មានដែរ។
ខាងក្រោមនេះ ជាសញ្ញាព្រមានពីរយ៉ាង ដែលប្រុសៗគួរប្រញាប់ទៅរកគ្រូពេទ្យ ដើម្បីពិនិត្យសុខភាព។
បែកញើសច្រើនពេលកំពុងគេង
បុរសដែលមានអាការ:បែកញើសច្រើនហួសប្រមាណ ជាពិសេសនៅពេលយប់ និងមានរោគសញ្ញាផ្សេងទៀតដូចជា ការថយចុះចំណង់ផ្លូវភេទ កើតស្ត្រេស ជំងឺធ្លាក់ទឹកចិត្ត អស់កម្លាំង ឆាប់ខឹង អាចជារោគសញ្ញានៃការធ្លាក់ចុះកម្រិតអ័រម៉ូន Testosterone ។
បុរសជាច្រើនដែលមានអាយុ ៥០ឆ្នាំបានទទួលស្គាល់ថា បញ្ហាមួយនេះបានចាប់ផ្តើមក្នុងវ័យ ៤០ឆ្នាំជាង។ លើសពីនេះទៅទៀត សញ្ញានៃការបែកញើសដោយសារតែមុខងារនៃការផលិតមេជីវិតឈ្មោលរបស់បុរសមានកាថយចុះ ហើយនាំអោយកម្រិតអ័រម៉ូន testosterone ត្រូវកាត់បន្ថយ។
នោមច្រើននៅពាក់កណ្តោលយប់
មានមូលហេតុជាច្រើនដែលធ្វើអោយប្រុសៗក្រោកនោមញឹកនៅពេលយប់ គឺដោយសារតែវ័យកាន់តែចាស់ជរា រាងកាយចុះខ្សោយ សាច់ដុំទន់ជ្រាយជាងក្មេង នាំអោយប្លោកនោមមានលទ្ធភាពរក្សាទឹកនោមក្នុងរយ:ពេលខ្លី។ មិនតែប៉ុណ្ណោះ ការទទួលទានកាហ្វេច្រើន ជាតិកាហ្វេអ៊ីន ជាតិអាកុល ជំងឺគេងមិនលក់ ក៏បណ្តោលអោយកើតមានបញ្ហានេះផងដែរ។
ក្នុងករណីដែលអ្នកឧស្សាហ៍ឈឺនោមតែមានទឹកនោមតិច នោមមកលាយឈាម ឬទឹកកាម អាចជាការឆ្លងមេរោគលើផ្លូវបង្ហូរទឹកម៉ូត្រ ក្រពេញប្រូស្តាត។
ដើម្បីដោះស្រាយបញ្ហាមួយនេះ អ្នកត្រូវត្រួតពិនិត្យទៅលើក្រពេញប្រូស្តាត ទម្លាប់អនាម័យរាងកាយអោយបានត្រឹមត្រូវ។ បើនៅតែមានការសង្ស័យ អ្នកត្រូវទៅធ្វើតេស្តជាបន្ទាន់ ដើម្បីដឹងថា ជាជំងឺក្រពេញប្រូស្តាត ការឆ្លងមេរោគលើផ្លូវបង្ហូរនោម ឬជំងឺផ្សេងទៀត។
កុំគិតថា ការនោមញឹក និងបែកញើសច្រើនក្នុងពេលគេងជារឿងធម្មតាអោយសោះ ព្រោះវាអាចជាហានិភ័យនៃជំងឺធ្ងន់ធ្ងរ ហើយអាចវិវត្តកាន់តែខ្លាំងនៅពេលអនាគត់៕