Skip to content

តើបារី មានផ្ទុកសារធាតុពុលអ្វីខ្លះទើបអាចសម្លាប់មនុស្សបាន?

ជារៀងរាល់ថ្ងៃជនជាតិអាមេរិកជាង ៣.២០០នាក់ មានអាយុក្រោម ១៨ឆ្នាំ បានជក់បារី ហើយភាគច្រើននៃពួកគេមិនដឹងថា បារីមានផ្ទុកសារធាតុគីមីគួរឲ្យខ្លាចប៉ុណ្ណានោះទេ។ ទម្លាប់នៃការជក់បារីអាចប្រឈមនឹងជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ទឹកនោមផ្អែម សួត និងប្រភេទជំងឺមហារីកមួយចំនួនទៀត។

ក្នុងមួយឆ្នាំៗ ផ្សែងបារី អាចសម្លាប់មនុស្សប្រមាណជា ៤៨០.០០០នាក់ សហរដ្ឋអាមេរិក។ ជាមធ្យមបារីមានផ្ទុកធាតុផ្សំ ៦០០ ប្រភេទផ្សេងៗគ្នា ហើយសារធាតុគីមីមានដល់ទៅ ៧.០០០ ដែលត្រូវបានផលិតដោយផ្សែងបារី។ ធាតុផ្សំ និងសារធាតុគីមីទាំងនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកឈប់ជក់បារី និងអ្នកកំពុងតែជក់ទាំងអស់។

ក្រុមអ្នកជំនាញបានបង្ហាញថា អ្វីដែលស្មុគស្មាញ ហើយគួរឲ្យបារម្ភបំផុតនោះ គឺនៅពេលដែលសារធាតុគីមីទាំងនេះត្រូវបានឆេះ វានឹងបង្កើតទៅជាសារធាតុគីមីផ្សេងទៀតដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។

បារីមួយចំនួនមានធាតុផ្សំ និងសារធាតុគីមីដែលបង្កគ្រោះថ្នាក់ដូចជា កាបូនម៉ូណូស៊ីតដែលត្រូវបានគេរកឃើញនៅក្នុងផ្សែងរថយន្ត និងជាតិនីកូទីនដែលត្រូវបានគេរកឃើញនៅក្នុងថ្នាំសម្លាប់សត្វល្អិត។ លើសពីនេះមានសារធាតុគីមីប្រមាណជា ៧០ប្រភេទ និងធាតុផ្សំផ្សេងទៀតនៅក្នុងផ្សែងបារី អាចបង្កឲ្យអ្នកជក់កើតជំងឺមហារីក។

អ្នកជំនាញបានបន្ថែមទៀតថា ផ្សែងបារីអាចប៉ះពាល់ដល់លំហូរនៃអូកស៊ីសែននៅក្នុងរាងកាយ។ ដំបូងកាបូនម៉ូណូស៊ីត ចាប់ផ្តើមវាយលុកទៅលើម៉ូលេគុលអេម៉ូក្លូប៊ី ធ្វើឲ្យការដឹកជញ្ជូនអុកស៊ីសែនតាមរយ:កោសិកាឈាមក្រហម ត្រូវបានរាំងស្ទះ។ បន្ទាប់មកទៀតសារធាតុគីមី cyanide បានរារាំងដល់ការទទួលយកជាលិកា និងប្រើប្រាស់អុកស៊ីសែន។ នេះជាជាមូលហេតុដែលបណ្តោលឲ្យជាលិកាមិនអាចដំណើរបាន និងលំហូរនៃអុកស៊ីសែនគ្មានស្ថិរភាព។

យោងតាមសមាគមន៍អាមរិក បានបង្ហាញថា ផ្សែងបារី អាចធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៣០% បានស្លាប់ទាក់ទងទៅនឹងកើតជំងឺមហារីក។ ក្នុងនោះ ៨៧% ជាបុរស បានស្លាប់ដោយសារជំងឺមហារីកសួត និងមនុស្សស្រី ៧០%។ បច្ចុប្បន្ននេះមានមនុស្សជាង ១៦លាននាក់ជាជនជាតិអាមេរិក បានទទួលរងជំងឺដែលបង្កឡើងដោយសារតែផ្សែងបារី។ ប្រសិនបើពុំមានវិធានការទប់ស្កាត់យុវវ័យក្រោមអាយុ១៨ឆ្នាំ នៅអាមេរិក នឹងមានការជក់បារីកើនឡើងប្រហែលជា ៥,៤លាននាក់ អាចត្រូវស្លាប់មុនអាយុដោយសារតែជំងឺទាក់ទងទៅនឹងការជក់បារី៕