Skip to content

វិធីធម្មជាតិងាយៗ អាចសម្អាតជាតិគីមីចេញពីបន្លែផ្លែឈើឲ្យអស់

បន្លែផ្លែឈើ ជាអាហារដែលមនុស្សត្រូវការជាចាំបាច់ មិនអាចកាត់ផ្តាច់ចេញពីការរស់នៅប្រចាំថ្ងៃបានឡើយ។ ប៉ុន្តែបន្លែផ្លែឈើនៅលើទីផ្សារសព្វថ្ងៃនេះ សម្បូរជាតិគីមី ថ្នាំសម្លាប់សត្វល្អិត ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទានយ៉ាងខ្លាំង។ ដូច្នេះដើម្បីកាត់បន្ថយជាតិគីមីចេញពីបន្លែផ្លែឈើ យើងត្រូវសម្អាតវាមុននឹងទទួលទាន។ ការលាងសម្អាតបន្លែផ្លែឈើឲ្យអស់ជាតិគីមី លោកអ្នកអាចអនុវត្តន៍តាមវិធីដូចខាងក្រោម៖

១.ត្រាំទឹកអំបិល
ការប្រើទឹកអំបិល ក៏ជាវិធីកម្ចាត់ជាតិគីមី ដែលមានជាប់លើបន្លែផ្លែឈើ បានយ៉ាងមានប្រសិទ្ធភាព។ លោកអ្នកអាចលាយអំបិល ២ស្លាព្រាបាយជាមួយទឹកក្តៅឧណ្ឌៗ ៤កែវ សម្រាប់ត្រាំបន្លែផ្លែឈើ ពី៣០ទៅ៦០នាទី។ មិនតែប៉ុណ្ណោះអ្នកក៏អាចលាយអំបិល និងទឹកឲ្យច្រើនជាងនេះ ឲ្យសមស្របទៅនឹងចំនួនបន្លែផ្លែឈើរបស់អ្នក។

២.ទឹកខ្មេះ
ការលាងបន្លែផ្លែឈើ ជាមួយទឹកខ្មេះ គឺជាវិធីដ៏មានប្រសិទ្ធភាពមួយទៀតសម្រាប់កម្ចាត់ជាតិគីមី។ លាយទឹកខ្មេះ១ពែង ជាមួយទឹក៤កែវ សម្រាប់ត្រាំបន្លែផ្លែឈើ ពី៣០ទៅ៦០នាទី ហើយលាងវាស្អាតឲ្យជាមួយទឹកត្រជាក់។

៣.ក្រូចឆ្មារ និងទឹកខ្មេះ
ពេលធ្វើដំណើរកម្សាន្ត លោកអ្នកប្រហែលគ្មានពេលគ្រប់គ្រាន់សម្រាប់លាងសម្អាតបន្លែផ្លែឈើ មុនទទួលទាននោះទេ។ លោកអ្នកអាចលាយ ទឹកក្រូចឆ្មារ១ស្លាបព្រា ទឹកខ្មេះ២ស្លាបព្រា និងទឹក១ពែង ហើយដាក់ក្នុងដបបាញ់ទឹក ដើម្បីងាយស្រួលយកតាមខ្លួន សំរាប់បាញ់កម្ចាត់ជាតិគីមីនៅគ្រប់កន្លែង។ ពេលបាញ់រួច ត្រូវជូតឲ្យស្ងួត ៣០វិនាទី ទើបលាងទឹកធម្មតា៕