ចប្ចុប្បន្ននេះ អាហារភាគច្រើនដែលមានលក់នៅលើទីផ្សានានា សម្បូរទៅដោយសារធាតុគីមីដែលបង្កផលប៉ះពាល់ដល់សុខភាព មិនថាសាច់ជ្រូក សាច់មាន់ ឬត្រីឡើយ។
ទោះជាយ៉ាងណាមិនត្រឹមតែអាហារមានផ្ទុកជាតិគីមី ទេដែលប៉ះពាល់ដល់សុខភាព សូម្បីតែអាហារធម្មជាតិមួយចំនួនក៏អាចធ្វើឲ្យគ្រោះថ្នាក់ដល់ជីវិតបានដែរ។ ជាពិសេសអាហារ២ ប្រភេទនេះ មានផ្ទុកជាតិពុលខ្ពស់ ដែលអាចប៉ះពាល់ដល់អាយុជីវិត ប្រសិនអ្នកទទួលទានមិនបានត្រឹមត្រូវ។
១.គីង្គក់
សាច់គីង្គក់ ពិតជាមានប្រយោជន៍សម្រាប់អ្នកកង្វះអាហាររូបត្ថម្ភ ប៉ុន្តែស្បែក ថ្លើម ជាពិសេសស៊ុតរបស់របស់វា មានផ្ទុកជាតិពុលខ្ពស់បំផុត ដែលអាចសម្លាប់មនុស្សក្នុងរយ:ពេលដ៏ខ្លី។
អាការ:ដែលបង្ហាញថា អ្នកកំពុងតែរងគ្រោះថ្នាក់ដោយជាតិពុលនេះ គឺឈឺពោះខាងលើផ្ចិត ក្អួត រាគ ញ័រទ្រូង ក្រោយពេលបរិភោគបាន ១ទៅ២ម៉ោង។ វាអាចកាន់តែធ្ងន់ធ្ងរជាងនេះទៀត ប្រសិនបើអ្នកមានអារម្មណ៍ ឈឺបេះដូង វិលមុខ បែកញើសត្រជាក់ ដកដង្ហើមខ្លីៗ នោមទាស់ជាដើម។ ហេតុនេះហើយ អ្នកត្រូវជៀសវាងកុំបរិភោគ ស្បែក ថ្លើម ជាពិសេសស៊ុតរបស់គីង្គក់ឲ្យសោះ។
២.ត្រីកំពត
ក្រុមអ្នកជំនាញបានធ្វើការព្រមានថា ផ្នែកដែលពុលខ្លាំងជាងគេរបស់ត្រីកំពត ហើយអាចសម្លាប់មនុស្សបាន គឺ ឈាម ភ្នែក ថ្លើម និងស្បែករបស់វា។
ទោះបីជាសាច់របស់វាគ្មានជាតិពុល ក៏ប៉ុន្តែប្រសិនបើអ្នកទុកឲ្យវាងាប់យូរពេក ជាតិពុលដែលមាននៅក្នុងផ្នែកផ្សេងៗនឹងជ្រាបចូលពេញសាច់ទាំងអស់ ជាពិសេសចំពោះត្រីកំពត់សមុទ្រតែម្តង។ នៅពេលដែលពុលត្រីប្រភេទនេះ អ្នកអាចមានបញ្ហារាគរូស វៀចមុខវៀចមាត់ កើតជំងឺប្រព័ន្ធប្រសាទ និងជំងឺវង្វេង៕