ការទទួលទានអាហារមិនគោរពតាមពេលវេលាច្បាស់លាស់ និងមិនយកចិត្តទុកដាក់ចំពោះសុវត្ថិភាពចំណីអាហារ គឺជាដើមហេតុចម្បងដែលធ្វើឲ្យអ្នកមានបញ្ហាក្រពះមិនចេះចប់។ ដូច្នេះ អ្នកជំនាញបានផ្តល់ដំបូលន្មានថា ដើម្បីកុំឲ្យចំណាយប្រាក់ច្រើនទៅលើការព្យាបាលជំងឺ ព្រមទាំងខាតបង់ប្រយោជន៍ផ្ទាល់ខ្លួនទៀតនោះ អ្នកគួរតែប្រើវិធីការពារប្រសើរជាងព្យាបាល។
១.អនាម័យចំណីអាហារ
អ្នកជំនាញបានក្រើនរំលឹកថា មុននឹងចាប់កាន់ចំណីអាហារ អ្នកត្រូវលាងសម្អាតដៃជាមួយសាប៊ូជាមុនសិន ដើម្បីកម្ចាត់បាក់តេរី ឬភាពកខ្វក់ផ្សេងៗ។ ស្របពេលជាមួយគ្នានេះ អ្នកត្រូវចាំថា ក្រពះចូលចិត្តអាហារក្តៅឧណ្ឌៗ តែមិនត្រូវក្តៅពេក ឬត្រជាក់ពេកនោះទេ។
២.ញ៉ាំទឹកឲ្យត្រឹមត្រូវ
មនុស្សមួយចំនួនធំប្រហែលជាមិនទាន់ដឹងពីរបៀបទទួលទានទឹកឲ្យត្រឹមត្រូវនោះទេ។ តាមក្រុមអ្នកជំនាញបានបង្ហាញថា ដើម្បីជួយឲ្យក្រពះមានសុខភាពល្អ អ្នកត្រូវទទួលទានទឹកក្តៅឧណ្ឌៗយ៉ាងហោចណាស់មួយកែវ បន្ទាប់ពីភ្ញាក់ពីគេង ដើម្បីសម្អាតក្រពះពោះវៀន។
៣.បរិភោគអាហារយឺតៗ
ក្រពះមានតួនាទីសំខាន់ណាស់ក្នុងការបំបែក និងបំលែងអាហារទៅជាសារធាតុចិញ្ចឹមសម្រាប់ចែកចាយទៅគ្រប់ផ្នែកនៃរាងកាយ។ ប៉ុន្តែ បើអ្នកបង្ខំលេបអាហារច្រើនបន្តបន្ទាប់គ្នាចូលទៅក្នុងក្រពះ វានឹងលំបាក់ធ្វើការរំលាយ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកទំពារអាហារយឺតៗមួយៗមុននឹងលេបចូលពោះ វាអាចជួយកាត់បន្ថយបន្ទុករបស់ក្រពះ រួមទាំងការបញ្ចេញកម្លាំងហួសប្រមាណ។
៤.កុំធ្វើលំហាត់ប្រាណ ឬគេងបន្ទាប់ពីញ៉ាំអាហារ
ការធ្វើលំហាត់ប្រាណ ពិតជាមានសារ:សំខាន់ខ្លាំងណាស់សម្រាប់សុខភាព ក៏ប៉ុន្តែអ្នកត្រូវដឹងពីពេលវេលាផងដែរ។ ជាធម្មតាក្រពះត្រូវធ្វើការ ១ម៉ោង បន្ទាប់ពីទទួលទានអាហាររួច ដូច្នេះក្នុងកំឡុងពេលនេះ អ្នកមិនគួរហាត់ប្រាណដាច់ខាត។
ទន្ទឹមនឹងនេះផងដែរ បន្ទាប់ពីទទួលទានអាហាររួច អ្នកមិនគួរប្រញាប់ចូលគេងភ្លាមនោះទេ ព្រោះអាហារនឹងស្តុកទុកនៅក្នុងក្រពះកាន់តែយូរ ហើយធ្វើឲ្យប៉ះពាល់ដល់មុខងាររំលាយអាហារ៕