ការទទួលទានទឹកដូងរាល់ថ្ងៃ គឺជារឿងមួយល្អណាស់សម្រាប់នារីៗយើង ព្រោះនឹងធ្វើឱ្យសាច់ និងស្បែករបស់អ្នកស្អាត មានសុខភាពល្អ ចុះបើស្ត្រីមានគភ៌វិញ តើនៅតែអាចទទួលទានទឹកដូងទៀតបានដែរឬទេ? ថ្ងៃនេះយើងមានចម្លើយអំពីរឿងនេះមកជម្រាបជូនដូចខាងក្រោម។
ទទួលទានទឹកដូងក្នុងអំឡុងពេលមានផ្ទៃពោះនៅពេលដែលអ្នកម្តាយកំពុងមានគភ៌នោះច្បាស់ជាមានបញ្ជីឈ្មោះមុខម្ហូបអាហារជាច្រើនសម្រាប់បំប៉នគភ៌មិនខាន មួយនៅក្នុងចំណោមនោះប្រហែលជាចៀសមិនផុតពី “ទឹកដូង” នោះទេ និងអាចហៅបានថាជាភេសជ្ជៈសម្រាប់ស្ត្រីមានផ្ទៃពោះតែម្តង។ ដោយគុណសម្បត្តិដែលធ្លាប់បានឮមកថា ជាទឹកដែលស្អាត ទទួលទានចូលទៅហើយនឹងធ្វើឱ្យទារកនៅក្នុងផ្ទៃ មានខ្លួនប្រាណស្អាត ពេលប្រសូតចេញមកកូននឹងមានសាច់ស្អាត គ្មានខ្លាញ់ជាប់តាមខ្លួន។
តាមរយៈការសាកសួរ លោកវេជ្ជបណ្ឌិតជំនាញផ្នែកកុមារ បានផ្តល់យោបល់ក្នុងរឿងទឹកដូងនេះថា “នៅក្នុងទឹកដូងមានអាស៊ីតខ្លាញ់ដែលមានប្រយោជន៍ដល់រាងកាយ ជាខ្លាញ់ដែលមិនបង្កកខ្លួន ដែលជាចំណុចមួយល្អ ព្រោះអ្នកម្តាយមានគភ៌ដែលទទួលទានទឹកដូង នឹងធ្វើឱ្យក្លាយជាការសាងខ្លាញ់នៅក្នុងខ្លួនទារកឱ្យមានពណ៌រាងសភ្លឺ ទើបមើលទៅឃើញថា ទារកដែលកើតចេញមកមានខ្លួនស្អាត។ការពិតទៅ ខ្លាញ់ខ្លួនទារកមានប្រយោជន៍ណាស់ ព្រោះនឹងធ្វើឱ្យទារកងាយប្រសូត ដូច្នេះអ្នកម្តាយដែលទទួលទានទឹកដូងញឹកញាប់ អាចនឹងធ្វើឱ្យទារកមានខ្លាញ់ខ្លួនច្រើនជាងធម្មតា គ្រាន់តែពណ៌នឹងស្អាតខ្លាំងជាងប្រក្រតី ដែលវាក៏មិនមែនជារឿងគួរឱ្យកង្វល់បារម្ភអ្វីដែរ ដោយសារតែវាជារឿងធម្មជាតិដែលទារកត្រូវតែមានខ្លាញ់រុំព័ទ្ធខ្លួន ដើម្បីចាំទប់ទល់នឹងការប្រែប្រួលពីសីតុណ្ហភាពខាងក្រៅនោះ។
សារជាតិអាហារនៅក្នុងទឹកដូងបើនិយាយអំពីសារជាតិអាហារដែលមាននៅក្នុងទឹកដូងវិញ ទឹកដូងគឺជាទឹកផ្លែឈើដ៏ល្អបំផុតមួយប្រភេទ ព្រោះមានសារធាតុរ៉ែសំខាន់ចំពោះរាងកាយ ដូចជា ប្រូតេអុីន ស្ករ កាល់ស្យូម ប៉ូតាស្យូម ផូសហ្វ័រ និងខ្លាញ់ដែលមានប្រយោជន៍ដល់រាងកាយ។ ទឹកដូងថែមទាំងជាទឹកផ្លែឈើដែលមិនដូចគេត្រង់ថា ដូងមានដើមខ្ពស់ ទំរាំតែដើមដូងចេញផ្កាចេញផ្លែ មានទឹកឱ្យទទួលទាននោះ ទឹកដូងត្រូវឆ្លងកាត់ការច្រោះត្រងទៅតាមដំណាក់កាលផ្សេងៗរួចមកហើយ ទើបប្រជាជនខ្មែរយើងជឿជាក់ថា ទឹកដូង គឺជាទឹកដែលបរិសុទ្ធបំផុត។
ប្រយោជន៍ដែលមាននៅក្នុងទឹកដូងទឹកដូងអាចទទួលទានធ្វើជាថ្នាំសម្រួលការបន្ទោបង់ បន្សាបជាតិពុល បំប៉នសរសៃសន្លាក់បំប៉នឆ្អឹង អាចបណ្តេញសត្វព្រូន ហើយរាងកាយអាចបឺតជ្រាបយក គ្លុយខូស ពីទឹកដូងទៅប្រើ-ប្រាស់បានយ៉ាងឆាប់រហ័ស ធ្វើឱ្យរាងកាយស្រស់ថ្លា។សម្រាប់អាហារគ្រប់ប្រភេទទោះជាមានប្រយោជន៍មែន តែក៏ត្រូវមានចំណុចលើកលែង និងមានគុណវិបត្តិទាំងអស់ បើយើងបរិភោគច្រើនជ្រុលពេកនោះ ដូចជា មនុស្សដែលកើតជំងឺក្រលៀន ជំងឺទឹកនោមផ្អែមមិនគួរទទួលទានច្រើនពេកទេ ហើយការទិញទឹកដូងទទួលទានគួរជ្រើសរើសទិញទឹកដូងខ្ចីទាំងផ្លែ ល្អជាងការទទួលទានទឹកដូងបែបកំប៉ុង ដូច្នេះបើមិនប្រាកដក្នុងចិត្តទេ ក៏មិនគួរបរិភោគអាហារទាំងនោះដែរ៕