រយៈដំបូងៗនៃការមានគភ៌ អ្នកម្តាយតែងមានកង្វល់ក្នុងរឿងផ្សេងៗ ជាច្រើន ទាំងរឿងរូបរាង សុខភាព អារម្មណ៍ដែលប្រែប្រួល ដែលអាការទាំងអស់នេះអាចមានផលប៉ះពាល់ដោយត្រង់ទៅដល់កូននៅក្នុងផ្ទៃបាន ដូច្នេះថ្ងៃនេះគេហទំព័រមាតា និងទារក (Baby and Mom) សូមនាំយកគន្លឹះល្អៗពាក់ព័ន្ធនឹងការមើលថែទាំខ្លួនឯងក្នុងរយ:ដំបូងនៃការមានគភ៌មកជំរាបជូនអ្នកម្តាយថ្មោងថ្មី តើមានអ្វីខ្លះនោះសូមតាមដានដូចតទៅ ៖
ទទួលទានអាហារដែលមានប្រយោជន៍៖ គួរជ្រើសរើសទទួលទានអាហារឲ្យគ្រប់ទាំង ៥ក្រុម ដែលហុចផលល្អដល់សុខភាពរបស់ខ្លួនឯង និងកូននៅក្នុងផ្ទៃ សង្កត់ធ្ងន់លើសារធាតុពពួកប្រូតេអ៊ីន កាល់ស្យូម អាស៊ីតហ្វូលិក ដើម្បីជួយអភិវឌ្ឍខួរក្បាល និងសាច់ដុំរបស់ទារកឲ្យធំធាត់បានតាមប្រក្រតី មានជាអាទិ ញ៉ាំទឹកដោះគោឲ្យបានច្រើន ញ៉ាំអាហារសមុទ្ទ និងបន្លែស្លឹកពណ៌បៃតងគ្មានសារធាតុគីមី ជាដើម ។ ក្នុងអំឡុងពេលមានគភ៌ អ្នកម្តាយទាំងឡាយគួរតម ឬកាត់បន្ថយការញ៉ាំទឹកតែ កាហ្វេ និងភេស្ជជៈ ដែលមានជាតិអាល់កុល ឬឈប់ដាច់តែម្តងក៏ជាការប្រសើរ ។
ថែទាំសុខភាពផ្លូវចិត្តឲ្យស្រស់ស្រាយជាប់ជានិច្ច៖ ដូចដែលបានដឹងហើយថា បើអ្នកម្តាយមានភាពតានតឹងក្នុងអារម្មណ៍នោះ គឺពិតជាមានផលប៉ះពាល់ដល់កូននៅក្នុងផ្ទៃមិនខាន ដូច្នេះហើយគួរលះបង់ភាពកង្វល់ខ្វល់ខ្វាយ ភាពតានតឹងក្នុងអារម្មណ៍ទាំងរឿងការងារ និងរឿងផ្សេងៗទៀតចោលឲ្យអស់ ឬអាចកែបញ្ហាទាំងនេះបានតាមរយ: ការរកកិច្ចការធ្វើដើម្បីបន្ធូរអារម្មណ៍ ដូចជា ស្តាប់ចំរៀងពីរោះៗ អានសៀវភៅ ធ្វើការងារច្នៃប្រឌិត ជាដើម ។
សំរាកក្នុងមួយថ្ងៃៗឲ្យបានគ្រប់គ្រាន់៖ ដោយសារតែក្នុងអំឡុងពេលនេះ អ្នកម្តាយនឹងចាប់ផ្តើមមានអារម្មណ៍ថា ខ្លួនឯងល្វើយ និងឆាប់ហត់នោះដូច្នេះគួរគេងសំរាកឲ្យបានច្រើន ឬបន្ថែមការសំរាកដោយការគេងឲ្យលក់ក្នុងពេលថ្ងៃប្រមាណជា ១-២ ម៉ោងក៏បាន ។
ធ្វើលំហាត់ប្រាណស្រាលៗ ដើម្បីបង្កើនភាពរឹងប៉ឹង៖ ជ្រើសរើសហាត់ប្រាណដោយឥរិយាបថស្រាលៗ ដូចជា យ៉ូហ្កា ដើរលេងជុំវិញសួនច្បារ ឬធ្វើការងារផ្ទះបែបស្រាលៗដើម្បីជួយជំរុញប្រព័ន្ធផ្សេងៗក្នុងរាងកាយឲ្យធ្វើការបានល្អ ថែមទាំងជួយឲ្យប្រសូតបានកាន់តែងាយស្រួលឡើងទៀតផង ។ គួរចៀសវាងលំហាត់ប្រាណណាដែលប្រើកម្លាំងច្រើន និងមានការងាក ឬបែរខ្លួនខ្លាំងៗ ។
ឧស្សាហ៍ទៅជួបគ្រូពេទ្យ ដើម្បីពិនឹត្យគភ៌ និងរកមើលអាការខុសប្រក្រតី៖ ជាធម្មតាអ្នកម្តាយខ្លះដែលទើបតែមានគភ៌ជាលើកដំបូងអាចនឹងមានកង្វល់ក្នុងរឿងគ្រោះថ្នាក់ អាការខុសប្រក្រតីដែលអាចហុចផលអាក្រក់ដល់កូននៅក្នុងផ្ទៃ ដូច្នេះ បើមានអាការខុសប្រក្រតី ឬអាការផ្លែកៗណាមួយ ដូចជា ចុកឆ្អល់ញឹកញាប់ ឬចាញ់កូនខ្លាំងក៏គួរទៅជួបគ្រូពេទ្យ ឬទៅត្រួតពិនឹត្យគភ៌តាមការណាត់របស់ពេទ្យឲ្យបានជាប់ជានិច្ច៕