នៅពេលដែលអ្នកម្តាយមានគភ៌គេងមិនលក់ គួរធ្វើយ៉ាងម៉េចទៅ?

0
581

ក្តីលំបាកមួយទៀតរបស់មនុស្សយើងគឺ “ងងុយគេង តែគេងមិនលក់” ហើយអ្នកម្តាយមាននគភ៌ជាច្រើននាក់ក៏ប្រហែលជា
ធ្លាប់កើតអាការបែបនេះញឹកញាប់ដែរ មែនទេ?។
ហេតអ្វីបានអ្នកម្តាយមានគភ៌គេងមិនលក់? មូលហេតុចម្បង គឺបណ្តាលមកពី ការប្រែប្រួលរបស់អ័រម៉ូននៅក្នុងរាងកាយហ្នឹងឯង។

ជាពិសេសក្នុងអំឡុងពេលត្រីមាសដំបូង ដែលកំរឹតអ័រម៉ូន ប្រូជេស្ទើរ៉ូន កើនឡើងខ្ពស់ជាងប្រក្រតី ធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ម៉ួម៉ៅ នឿយល្វើយ សោកសៅ និងគេងមិនលក់ ឬពេលខ្លះមានអារម្មណ៍ងងុយគេងខ្លាំង តែគេងលក់មិនសូវពេញលេញ ឬអ្នកម្តាយខ្លះគេងពេលថ្ងៃច្រើនពេកក៏ជាមូលហេតុមួយថ្វើឱ្យពេលយប់មានអារម្មណ៍មិនសូវងងុយគេងដែរ។

ខណៈដែលក្នុងអំឡុងត្រីមាសទី 2 មានមូលហេតុចម្បងមកពីការរើរបស់កូននៅក្នុងពោះ បូកជាមួយក្នុងអំឡុងពេលនេះ
អ័រម៉ូន ប្រូជេស្ទើរ៉ូន នៅក្នុងរាងកាយរបស់អ្នកម្តាយនៅតែខ្ពស់ដដែល ដូចនេះអ្នកម្តាយក៏អាចនឹងគេងមិនលក់បានដូចគ្នា។

ក្នុងត្រីមាសចុងក្រោយ អ្នកម្តាយមួយចំនួនអាចគេងមិនលក់ ដោយសាតែការរីកធំរបស់ក្បាលពោះទើបមានអារម្មណ៍
ថាតឹងពោះ ឈឺខ្នង ឬឈឺបត់ជើងតូចញឹករហូតត្រូវងើបឡើងទៅចូលបន្ទប់ទឹកជាញឹកញាប់។
គេងមិនលក់មានផលប៉ះពាល់ដល់សុខភាពបើត្រឹមតែ 1 ដងឬ 2 ដង អ្នកម្តាយគ្រាន់តែងងុយគេង ស្ងាបនៅពេលថ្ងៃតែប៉ុណ្ណោះ តែបើញឹកញាប់រៀងរាល់យប់វិញនោះវាប្រហែលមិនមែនជារឿងល្អទេ ព្រោះថា…៖

.គេងមិនលក់ធ្វើឱ្យមានអារម្មណ៍តានតឹង : អាការគេងមិនលក់ជាមួយភាពតានតឹងក្នុងអារម្មណ៍គឺជារឿងដែលពាក់ព័ន្ធគ្នា
ព្រោះនៅពេលអ្នកគេងមិនលក់ វានឹងបង្កឱ្យមានភាពធុញថប់តានតឹង រឹតតែមានអារម្មណ៍តានតឹង រឹតតែភ័យបារម្ភ រហូតទីបំផុតនឹងរឹតតែធ្វើឱ្យគេងមិនលក់ទៅទៀត។

.សម្ពាធឈាមឡើងខ្ពស់ ប្រថុយនឹងសភាវគភ៌មានជាតិពុល : ដោយនៅក្នុងមួយយប់ៗអ្នកម្តាយគួរគេងឱ្យបាន 8 – 9ម៉ោង
ដើម្បីឱ្យរាងកាយសម្រួលតុល្យភាព និងគ្រប់គ្រងអ័រម៉ូនផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព ជាពិសេសអ័រម៉ូនដែលគ្រប់គ្រងការធ្វើការងាររបស់សរសៃឈាម ព្រោះបើអ្នកម្តាយគេងមិនបានគ្រប់គ្រាន់នោះ អាចធ្វើឱ្យអ័រម៉ូនមានការប្រែប្រួលហុចផលឱ្យសម្ពាធឈាមឡើងខ្ពស់ និងបង្កឱ្យកើតសភាវគភ៌មានជាតិពុល។

.កូនលូតលាស់ធំធាត់យឺត : នៅពេលអ្នកម្តាយគេងមិនលក់ នឹងធ្វើឱ្យកូនតូចគេងមិនលក់តាមនោះដែរ ដែលអាចនឹងមានផលប៉ះពាល់ដល់ការរីកចម្រើនធំធាត់ផ្នែករាងកាយ និងខួរក្បាលរបស់ទារក។ ការដែលអ្នកម្តាយគេងមិនលក់ នឹងធ្វើឱ្យរាងកាយល្វើយខ្សោយ លំហូរវឹលរបស់ឈាមនឹងមិនសូវល្អ ហើយឈាមដែលហូរទៅចិញ្ចឹមកូននៅក្នុងគភ៌មានប្រសិទ្ធភាពទាបឬមិនគ្រប់គ្រាន់ពេលប្រសូត្រចេញមក ទារកអាចនឹងមានទម្ងន់ខ្លួនតិចជាងប្រក្រតី ហើយការធំធាត់របស់កូនក៏នឹងយឺតជាងធម្មតាដែរ។

គន្លឹះធ្វើឱ្យងាយគេងលក់
ជ្រើសរើសឥរិយាបថគេងដែលស័ក្តិសម ព្រោះក្នុងពេលមានគភ៌ អ្នកម្តាយអាចកើតអាការឈឺខ្នង ហើមពោះ ដូច្នេះឥរិយាបថគេងដែលជួយកាត់បន្ថយអាការឈឺខ្នង នឹងធ្វើឱ្យអ្នកម្តាយកាន់តែងាយគេងលក់ឡើង ទោះជាពាក្យណែនាំទូទៅប្រាប់ឱ្យអ្នកម្តាយគេងផ្អៀងខាងឆ្វេង ព្រោះស្បូននឹងមិនសង្កត់លើសរសៃឈាមខ្មៅធំដែលនៅខាងស្តាំមែន តែការពិតអ្នកម្តាយអាចគេងក្នុងឥរិយាបថណាក៏បានឱ្យតែមានអារម្មណ៍ថាសប្បាយស្រួលខ្លួន។

-កែសម្រួលសភាពបន្ទប់គេងឱ្យស័ក្តិសមសម្រាប់អ្នកមានគភ៌ ដូចជា ជ្រើសរើសពូក ខ្នើយកល់ ខ្នើយឱប ឱ្យអំណោយផលនឹងស្ថានភាពការគេងរបស់អ្នកម្តាយជាដើម។

-គួចៀសវាងការញ៉ាំទឹកច្រើន ជាពិសេស 3 ម៉ោងមុនចូលគេង ព្រោះនឹងធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ឈឺបត់ជើងតូច និងបើ
ភ្ញាក់ពេលកណ្តាលយប់ហើយ នឹងធ្វើឱ្យមិនងាយគេងលក់វិញទេ។

-ព្យាយាមចូលគេង និងភ្ញាក់ឱ្យទៀងពេល ព្រោះបើមានការផ្លាស់ប្តូរកន្លែង ឬខុសពេលវេលា អាចធ្វើឱ្យយើងមានអារម្មណ៍
មិនងងុយ ឬមិនចង់គេងបាន។

-មុនគេងចូរអ្នកម្តាយញ៉ាំទឹកដោះគោក្តៅឧណ្ហៗ នឹងជួយឱ្យគេងឆាប់លក់ឡើង។

-ហាត់ប្រាណស្រាលៗជាប់ជានិច្ច ជួយឱ្យឈាមហូរវឹលបានកាន់តែល្អឡើង ធ្វើឱ្យអ្នកម្តាយគេងលក់កាន់តែស្រួលឡើង។

-បើកបទចម្រៀងស្តាប់តិចៗមុនចូលគេង ឬធ្វើចិត្តឱ្យស្ងប់ ព្រោះភាគច្រើនអ្នកម្តាយច្រើនតែបារម្ភថា បើគេងមិនលក់ កូននឹងមានបញ្ហា ដូច្នេះកាត់បន្ថយភាពជ្រួលច្រាលនេះចេញ ធ្វើចិត្តឱ្យសប្បាយ តែប៉ុណ្ណឹងមិនបាច់តានតឹងក្នុងអារម្មណ៍រហូតគេងលែងលក់ទៅហើយ។

សាកល្បងនាំយកវិធីទាំងនេះទៅប្រើលមើល៍ តែបើអ្នកម្តាយណានៅតែគេងមិនលក់ដូចមុនដដែលនោះ សូមប្រញាប់ទៅ
ប្រឹក្សាជាមួយលោកគ្រូពេទ្យភ្លាម ព្រោះបើបណ្តោយទុកយូរ នឹងខូចសុខភាព ហើយមានគ្រោះថ្នាក់ឥតប្រយោជន៍ និងដែលសំខាន់គឺកុំទិញថ្នាំគេងលក់មកញ៉ាំដោយខ្លួនឯងឱ្យសោះ ព្រោះវានឹងបង្កឱ្យមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះទារក៕

LEAVE A REPLY

Please enter your comment!
Please enter your name here