10 អាការគួរឱ្យបារម្ភរបស់ស្រ្តីមានគភ៌

0
199

នៅពេលស្រី្តចាប់ផ្តើមមានគភ៌ ការយកចិត្តទុកដាក់មើលថែរក្សាសុខភាពឱ្យរឹងប៉ឹងជាប់ជានិច្ចគឺជារឿងមួយដែលសំខាន់បំផុត តែពេលខ្លះការយកចិត្តទុកដាក់រឿងអាហារការហូបចុកតែម្យ៉ាង ប្រហែលជាមិនគ្រប់គ្រាន់ក្នុងការសរុបបានថា គភ៌របស់អ្នកប្រក្រតីនោះទេ ដូច្នេះសូមសាកល្បងអានអត្ថបទនេះ រួចហើយអ្នកនឹងបានដឹងថា តើគភ៌របស់អ្នកចូលក្នុងកម្រឹតគួរឱ្យបារម្ភដែរឬទេ?

ក្អួតចង្អោរយ៉ាងច្រើនរយៈពេល 12 សប្តាហ៍ និងពេញមួយថ្ងៃរហូតធ្វើឱ្យរាងកាយបានទទួលជាតិទឹក និងអាហារមិនគ្រប់គ្រាន់ អាការបែបនេះចាំបាច់ត្រូវទៅជួបគ្រូពេទ្យ។

មានធ្លាក់ឈាមតាមរន្ធស្បូន ឈឺពោះខ្លាំង នេះក៏ជាអាការមួយដែលគួរឱ្យបារម្ភ និងត្រូវតែប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ដែរ។

តាំងគភ៌ខុសប្រក្រតី គឺនៅក្នុងស្បូនមានគ្រាប់ថ្លាៗតូចៗស្រដៀងគ្រាប់សាគូ ធ្វើឱ្យស្បូនរីកធំឡើងយ៉ាងឆាប់រហ័ស ច្រើនតែមានអាការចាញ់កូនខ្លាំងជាងធម្មតា មានធ្លាក់ឈាបចេញមកតាមរន្ធស្បូនបន្តិចបន្តួច ឬធ្លាក់មកម្តងៗច្រើនៗព្រមទាំងមានគ្រាប់ថ្លាៗដូចគ្រាប់សាគូចេញមកជាមួយផងដែរ។ បើឃើញមានអាការបែបនេះត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ព្រោះអាចបង្កឱ្យមានគ្រោះថ្នាក់បាន។

មានគភ៌កូនក្រៅស្បូន បណ្តាលមកពីមេជីវិតដែលផ្សំគ្នាហើយទម្លាក់ខ្លួន និងចម្រើនធំធាត់នៅខាងក្រៅប្រឡោះស្បូន អាការសំខាន់ដែលធ្វើឱ្យត្រូវតែទៅជួបគ្រូពេទ្យនោះគឺ ឈឺខាងក្រោមពោះ(ថ្ងាស់) អាចនឹងមានធ្លាក់ឈាមបន្តិចបន្តួច។

បើមានឈាមចេញនៅក្នុងប្រអប់ពោះ ដោយសារតែការរលូត ឬបំពង់ស្បូនបែបនឹងមានអាការខ្យល់គ ស្លេកស្លាំង ចេញញើស ញ័រដើមទ្រូង និងបាត់បង់ស្មារតី គឺជាអាការដែលគួរឱ្យភ័យបារម្ភ និងប្រញាប់នាំទៅមន្ទីពេទ្យជាបន្ទាន់។

សភាវគភ៌មានជាតិពុល ដូចជាកើតអាការហើម សម្ពាធឈាមឡើងខ្ពស់ ទឹកមូត្រឡើងពណ៌សខាប់ ដែលអាការទាំងនេះច្រើនតែកើតឡើងក្នុងរយៈចុងក្រោយរបស់ការតាំងគភ៌ ក៏ជាអាការដ៏គួរឱ្យភ័យបារម្ភមួយដែរ។

សុកធ្លាក់ចុះទាប គឺការដែលសុកមួយផ្នែក ឬទាំងអស់ទម្លាក់ខ្លួនមកតោងផ្នែកខាងក្រោមរបស់ស្បូន ជំនួសការតោងនៅផ្នែកលើរបស់ស្បូន។

អាការដែលមានធ្លាក់ឈាមនៅក្នុងរន្ធស្បូនក្នុងរយៈពេលក្រោយៗរបស់ការមានគភ៌ដោយគ្មានមូលហេតុ និងគ្មានអាការឈឺចាប់។ បើមានធ្លាក់ឈាមច្រើន គ្រូពេទ្យនឹងត្រូវយកទារក និងសុកចេញឱ្យបានលឿនបំផុតដើម្បីបញ្ឈប់ការធ្លាក់ឈាម។

គភ៌ភ្លោះ ឬការតាំងគភ៌ដែលមានទារកនៅក្នុងគភ៌ច្រើនជាង 1 នាក់ឡើងទៅ អាចធ្វើឱ្យកើតសភាវជ្រៀតជ្រែកទាំងអ្នកម្តាយ ទាំងទារក ដូចជា លោហិតស្លេក សភាវគភ៌មានជាតិពុល ប្រសូតមុនពេលកំណត់ ប្រសូតខុសប្រក្រតី ជាដើម។ល។ ស្រ្តីដែលមានគភ៌ភ្លោះគួរសម្រាកឱ្យបានច្រើនក្នុងអំឡុងពេល 2 ខែចុងក្រោយនៃការតាំងគភ៌ ដើម្បីការពារការប្រសូតមុនកំណត់។

តាំងគភ៌ហួសកំណត់ គឺមានគភ៌លើស 42 សប្តាហ៍ ផលអាក្រក់គឺ ប្រសិទ្ធភាពការធ្វើការរបស់សុកថយចុះ បរិមានទឹកភ្លោះថយចុះ ទារកស្គមតូច ស្បែកយារ ក្រចកវែង ឆ្អឹងលលាដ៍ក្បាលរឹង ធ្វើឱ្យពិបាកប្រសូត និងទារកមានសភាវងាយនឹងខ្វះអុកស៊ីហ្ស៊ែន។

អាការគួរឱ្យបារម្ភទាំង 10 យ៉ាងខាងលើ បើស្រ្តីមានគភ៌ណាជួបនឹងអាការណាមួយនោះគួរកុំព្រងើយកន្តើយឱ្យសោះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ដើម្បីសុវត្ថិភាពរបស់ទាំងខ្លួនឯង និងកូនក្នុងផ្ទៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here