សារធាតុដែក សំខាន់ចំពោះអ្នកម្តាយមានគភ៌យ៉ាងណាខ្លះ?

0
154

សារធាតុដែកអាចនិយាយបានថា ជាសារធាតុសំខាន់មួយទៀតដែលចាំបាច់ណាស់សម្រាប់អ្នកម្តាយមានគភ៌ទាំងឡាយព្រោះក្រៅពីជួយឱ្យទារកនៅក្នុងផ្ទៃមានរាងកាយរឹងប៉ឹងមាំមួន ជួយបង្កើនគ្រាប់ឈាម និងខួរក្បាលហើយនោះ នៅបានជួយឱ្យអ្នកម្តាយមិនងាយនឹងងងឹតមុខ ឬខ្យល់គដួលបានទៀតផង។

ក្រៅពីនៅក្នុងសភាវប្រក្រតីដែលមនុស្សយើងត្រូវការសារធាតុដែកដើម្បីបង្កើនគ្រាប់ឈាមដល់រាងកាយេបស់ខ្លួនហើយនោះ នៅក្នុងអំឡុងពេលមានគភ៌រឹតតែជាអំឡុងពេលមួយដែលចាំបាច់ត្រូវតែបានទទួលសារធាតុដែកក្នុងបរិមាណដែលច្រើនជាងមុនទៀតផង ព្រោះបើខ្វះសារធាតុដែកនោះ ក្រៅពីអ្នកម្តាយនឹងកើតសភាវឈាមស្លេកហើយ នៅមានផលប៉ះពាល់ដល់កម្មវិធីសាងអវយវៈផ្សេងៗ និងការរីកចម្រើនធំធាត់ទាំងខាងរាងកាយ និងខួរក្បាលរបស់ទារកក្នុងផ្ទៃទៀតផង។

ជាប្រក្រតី នៅពេលមានការទៅពិនិត្យគភ៌ លោកគ្រូពេទ្យនឹងធ្វើការជួសឈាមដើម្បីពិនិត្យមើលថា តើរាងកាយអ្នកម្តាយរឹងប៉ឹងមាំមួនដែរឬទេ មានកំហាប់របស់ឈាមខ្លាំង ឬតិចប៉ុនណា បើរកឃើញថាអ្នកម្តាយមានសភាវលោហិតស្លេក ឬមានភាពប្រថុយប្រថានក្នុងការកើតសភាវលោហិតស្លេកនេះ លោកគ្រូពេទ្យអាចនឹងឱ្យវីតាមីនមកបំប៉នបន្ថែម ឬការពារទុកជាមុន តែនឹងជាការល្អបំផុត បើយើងជ្រើសរើសញ៉ាំអាហារពីធម្មជាតិដែលសម្បូរទៅដោយសារធាតុដែកនោះ ដោយចែកចេញជាសារធាតុដែកដែលរាងកាយអាចបឺតជ្រាបបានលឿន និងអាចយកទៅប្រើប្រាស់បានភ្លាមៗ ហើយនិងសារធាតុដែលរាងកាយបឺតជ្រាបបានរាងយឺត។

. អាហារដែលផ្តល់សារធាតុដែកប្រភេទដែលរាងកាយបឺតជ្រាបបានលឿន មានដូចជា អាហារពពួកសាច់សត្វ គ្រឿងក្នុង និងអាហារសមុទ្រដែលផ្តល់នូវសារធាតុដែកខ្ពស់គឺ សួត និងថ្លើមជ្រូក កំពិស បង្គាក្រៀម គ្រំកំភេមជាដើម។

. អាហារដែលផ្តល់សារធាតុដែកដែលរាងកាយបឺតជ្រាបរាងយឺត ត្រូវអាស្រ័យវីតាមីន C ជាជំនួយការក្នុងការបឺតជ្រាបនោះមានដូចជា អាហារពពួកបន្លែស្លឹកបៃតង និងគ្រាប់សណ្តែកផ្សេងៗ ស្លឹកជីបហោ ស្លឹកកន្ទំទេស និងធញ្ញជាតិពពួកគ្រាប់ល្ងស។

អ្នកម្តាយមានគភ៌គ្រាន់តែឧស្សាហ៍ទទួលទានអាហារខាងលើនេះឱ្យបានច្រើន គួបផ្សំនឹងការពិនិត្យរកមើលភាពខុសប្រក្រតីនៅក្នុងគភ៌ឱ្យបានជាប់ជាប្រចាំ ដើម្បីកុំឱ្យខ្លួនឯងកើតសភាវលោហិតស្លេកដែលហុចផលប៉ះពាល់ដល់កូនតូចជាទីស្រឡាញ់នៅក្នុងផ្ទៃបាន។

ចំពោះអ្នកម្តាយមានគភ៌ណាដែលនៅមិនទាន់បានធ្វើការពិនិត្យឈាម អាចសាកល្បងសង្កេតមើលដោយខ្លួនឯងក៏បានថា តើខ្លួនឯងស្ថិតក្នុងសភាវលោហិតស្លេក ឬកំពុងមានភាពប្រថុយនឹងការកើតសភាវលោហិតស្លេកឬក៏អត់? ព្រោះអាការលោហិតស្លេកនេះតែងបង្ហាញឡើងនៅលើរាងកាយ ដូចជា ខ្លួនឡើងស្លេកស្លាំង លឿង ដៃស្លាំង បបូរមាត់ស្លេក ឆាប់វឹល និងងងឹតមុខ ខ្យល់គញឹកញាប់ ឆាប់ហត់ ស្ពឹកស្រពន់ – ល – បើរកឃើញថាខ្លួនឯងមានអាការដូចខាងដើមនេះទោះជាក្នុងចំណុចណាមួយក៏ដោយ សូមណែនាំឱ្យប្រញាប់ទៅជួបលោកគ្រូពេទ្យដើម្បីទទួលវីតាមីនបំប៉ន និងជួសឈាមរកមើលភាពខុសប្រក្រតីផ្សេងៗទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here